Connect with us

ព័ត៌មានជាតិ

រោងចក្រដំឡើងរថយន្ត BYD នៅ​ខេត្ត​ព្រះសីហនុ​បញ្ចប់​ការ​សាង​សង់​ ឈាន​ទៅ​ដំណើរការ​ដំឡើង​លក់​លើទីផ្សារ

បានផុស

នៅ

រោងចក្រដំឡើងរថយន្ត BYD នៅ​ខេត្ត​ព្រះសីហនុបាន​​បញ្ចប់​ការ​សាង​សង់​ ខណៈ​កាលពីចុង​សប្តាហ៍​នេះ​ លោក ស៊ុន ចាន់ថុល ​ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន​ចុះពិនិត្យ​ទីតាំង​ដំណើរការ​ខ្សែ​​សង្វាក់​ផលិតកម្ម​រោងចក្រ​ដែលមានទីតាំង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តព្រះសីហនុ។

ក្នុងឱកាសចុះពិនិត្យនេះ លោក​ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វត្តមានរបស់ក្រុមហ៊ុនខ្នាតយក្សដូចជា BYD គឺជាភស្តុតាងមិនអាចប្រកែកបានដែលបង្ហាញថា កម្ពុជាគឺជាគោលដៅវិនិយោគដ៏មានសក្តានុពល សុវត្ថិភាព និងផ្ដល់ផលចំណេញខ្ពស់។

ការចុះពិនិត្យដោយផ្ទាល់នាឱកាសនេះ ក៏ជាការផ្ញើសារយ៉ាងរឹងមាំទៅកាន់វិនិយោគិនអន្តរជាតិថា រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែនៅកៀកកិត និងត្រៀមខ្លួនជួយជ្រោមជ្រែងគ្រប់បែបយ៉ាង ដើម្បីឱ្យការវិនិយោគនៅកម្ពុជាទទួលបានជោគជ័យ និងមាននិរន្តរភាព។ លោក ស៊ុន ចាន់ថុលបន្ថែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ស៊ុន ចាន់ថុល​ បញ្ជាក់ថា តាមរយៈវត្តមាន​ក្រុមហ៊ុន BYD នឹងពាំនាំនូវបទពិសោធន៍វិជ្ជមានក្នុងការវិនិយោគនៅកម្ពុជា ទៅផ្សព្វផ្សាយបន្តនៅក្នុង​សហគមន៍ធុរកិច្ច និងបណ្តាញទំនាក់ទំនងវិនិយោគរបស់ខ្លួនបន្ថែមទៀត។

បើតាម​លោក ស៊ុន ចាន់ថុល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងបន្តតួនាទីជាអ្នកសម្របសម្រួលការងារវិនិយោគដ៏ល្អ សម្រាប់​រាល់គ្រប់ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ក៏ដូចជាសម្រាប់ក្រុមហ៊ុន BYD ផ្ទាល់តាំងពីដើមរៀងមក។ លើសពីនេះ លោក​នឹងយកបទពិសោធន៍នៃការសម្របសម្រួលជូនក្រុមហ៊ុន BYD ធ្វើជាគំរូដើម្បីពង្រឹងប្រសិទ្ធភាពសេវាវិនិយោគ សម្រាប់ក្រុមហ៊ុនផ្សេងៗទៀតនាពេលអនាគត។

ក្នុង​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រីក៏ផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមហ៊ុន ដើម្បីបានជាមូលដ្ឋានពិចារណា ក្នុងការ​​ផ្តល់តម្លៃបន្ថែមដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងការពង្រីកផលិតកម្ម ដោយបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញវត្ថុធាតុដើម ឬគ្រឿងបន្លាស់មួយចំនួនដែលផលិតរួចជាស្រេចនៅក្នុងស្រុក ដើម្បីគាំទ្រដល់សហគ្រាសក្នុងស្រុក និងកាត់បន្ថយការនាំចូល និងជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបន្ថែមវគ្គផលិតកម្មផ្សេងៗទៀត (Production Process) នៅក្នុងរោងចក្រនៅកម្ពុជាឱ្យកាន់តែសម្បូរបែប ដើម្បីបង្កើតតម្លៃបន្ថែមខ្ពស់, បង្កើនការផ្ទេរចំនេះដឹងបច្ចេកវិទ្យា និងបង្កើតឱកាសការងារបន្ថែមជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម