Connect with us

ព័ត៌មានអន្ដរជាតិ

OPEC+ ព្រមគ្នាដំឡើងកូតាផលិតកម្មប្រេង ខណៈការដឹកជញ្ជូនតាមច្រកហ័រមូហ្សចាប់ផ្ដើមស្ដារឡើងវិញ

បានផុស

នៅ

អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាបង្កើនកូតាផលិតកម្មប្រេងឆៅបន្ថែមសម្រាប់ខែសីហា ចំនួន ១៨៨ ០០០ បារ៉ែល/ថ្ងៃ ក្រោយពីបានដំឡើងកូតាក្នាកម្រិតប្រហាក់ប្រហែលគ្នាសម្រាប់ខែមិថុនា និងខែកក្កដា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចចិត្តនេះធ្វើឡើង ខណៈការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រហ័រមូហ្ស កំពុង​ចាប់ផ្ដើមស្ដារឡើងវិញ ដែលជួយបន្ធូរសម្ពាធលើការផ្គត់ផ្គង់ប្រេងពិភពលោក ហើយធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះមកត្រឹមរង្វង់ ៧០ ដុល្លារ/បារ៉ែល។

សេចក្ដីថ្លែងការណ៍របស់ OPEC+ កាលពីថ្ងៃអាទិត្យបាន​បញ្ជាក់ថា ការបង្កើនកូតានេះ នឹងបន្ថែមការផ្គត់ផ្គង់ប្រេងទៅកាន់ទីផ្សារ បន្ទាប់ពីស្ថានភាពនៅច្រកហ័រមូហ្សចាប់ផ្ដើមមានស្ថិរភាព ហើយ​នាវាដឹកប្រេងអាចធ្វើដំណើរឆ្លងកាត់បានកាន់តែច្រើន។

ចាប់ពីខែមេសាដល់ខែកក្កដា ប្រទេសស្នូលទាំង ៧ របស់ OPEC+ រួមមាន អារ៉ាប៊ីសាអូឌីត, រុស្ស៊ី, អ៊ីរ៉ាក់, គុយវ៉ែត, អាល់ហ្សេរី, កាហ្សាក់ស្ថាន និងអូម៉ង់ បានបង្កើនកូតាផលិតកម្មសរុបជិត ៨០០ ០០០ បារ៉ែល/ថ្ងៃ។

ទោះជាយ៉ាងណា ការបង្កើននេះគ្រាន់តែជាតួលេខនៅលើក្រដាសប៉ុណ្ណោះ ព្រោះសង្គ្រាមរវាងសហរដ្ឋ​អាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ បានរាំងស្ទះការនាំចេញប្រេងរបស់ប្រទេសផលិតប្រេងធំៗនៅមជ្ឈិមបូព៌ា ដូចជា អារ៉ាប៊ីសាអូឌីត គុយវ៉ែត និងអ៊ីរ៉ាក់ ជាដើម​។

យោងតាមទិន្នន័យរបស់ OPEC ការផលិតប្រេងរបស់ OPEC+ បានធ្លាក់ចុះមកត្រឹម ៣៣,១៣ លានបារ៉ែល/ថ្ងៃ នៅខែឧសភា ពី ៤២,៧៧ លានបារ៉ែល/ថ្ងៃ នៅខែកុម្ភៈ។ ផលិតកម្មប្រេងចាប់ផ្ដើមស្ដារឡើងវិញនៅខែមិថុនា បន្ទាប់ពីសហរដ្ឋអាមេរិកបានជួយសម្រួលឱ្យអេមីរ៉ាតអារ៉ាប់រួម (UAE) និងប្រទេសផលិតប្រេងមួយចំនួនទៀត អាចនាំចេញប្រេងបានកាន់តែងាយស្រួល ប៉ុន្តែកម្រិតផលិតកម្មនៅតែទាបជាងមុនពេលផ្ទុះសង្គ្រាម។

លោក Giovanni Staunovo អ្នកវិភាគរបស់ធនាគារស្វីស UBS បាននិយាយថា ការសម្រេចចិត្តរបស់ OPEC+ គឺស្របតាមការរំពឹងទុករបស់ទីផ្សារ ហើយកត្តាសំខាន់បន្ទាប់ គឺចំនួននាវាដឹកប្រេងដែលអាចឆ្លងកាត់ច្រកហ័រមូហ្សបាន ក៏ដូចជាល្បឿននៃការងើបឡើងវិញនៃតម្រូវការប្រេង និងការនាំចូលប្រេងរបស់ប្រទេសចិន។

ជាមួយគ្នានេះ អនុស្សរណៈយោគយល់រវាងអាមេរិក ​និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម ក៏បានជួយបង្កើនទំនុកចិត្តរបស់ទីផ្សារថា ការផ្គត់ផ្គង់ប្រេងនឹងវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។

កាលពីថ្ងៃសុក្រ តម្លៃប្រេងឆៅ ម៉ាក Brent បានជួញដូរនៅជិត ៧២ ដុល្លារ/បារ៉ែល ដោយធ្លាក់ចុះពីកម្រិតខ្ពស់បំផុតជាង ១២០ ដុល្លារ/បារ៉ែល ពេលជម្លោះអាមេរិក និងអ៊ីរ៉ង់តានតឹងខ្លាំង។ តម្លៃបច្ចុប្បន្ននេះ គឺប្រហាក់ប្រហែលគ្នាទៅនឹងតម្លៃមុនសង្រ្គាមផ្ទុះឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម