Connect with us

ព័ត៌មានអន្ដរជាតិ

IEA ព្យាករពីកំណើនការផ្គត់ផ្គង់ប្រេងលើសតម្រូវការនៅឆ្នាំ ២០២៧ ក្រោយច្រកហ័រមូហ្សត្រឡប់ទៅធម្មតាវិញ

បានផុស

នៅ

ទីភ្នាក់ងារថាមពលអន្តរជាតិ (IAE) បាន​ព្យាករក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ខ្លួនកាលពីថ្ងៃពុធថា ទីផ្សារប្រេងនឹង​ឃើញពីកំណើនការផ្គត់ផ្គង់លើសតម្រូវដ៏ច្រើន នៅឆ្នាំ ២០២៧ បន្ទាប់ពីនាវាចរណ៍កាត់ច្រកសមុទ្រហ័រមូហ្សត្រូវបានស្ដារឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្យាករដដែលចេញផ្សាយឡើង ខណៈអាមេរិកប្រកាសពីកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម​បណ្ដោះអាសន្នជាមួយអ៊ីរ៉ង់ ដោយរាប់បញ្ចូលទាំងការបើកច្រកសមុទ្រហ័រមូហ្ស និងការដកទណ្ឌកម្មនានាលើអ៊ីរ៉ង់ ដែលអាច​ឱ្យអ៊ីរ៉ង់បើកការនាំចេញប្រេងទៅកាន់ទីផ្សារអន្តរជាតិឡើងវិញ។ ទោះបីជាមានភាពស្រពេចស្រពិលលើការអនុវត្តក្ដី ប៉ុន្តែការវិវត្តចុងក្រោយនេះ ផ្ដល់ក្ដីសង្ឃឹមពី​ការឆ្ពោះទៅរកអវសាននៃ​ការរំខានផ្នែកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្ត​ ដែលនេះហើយជាមូលហេតុធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះវិញក្រោម ៨០ ដុល្លារ/បារ៉ែល គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។

IEA បាន​ឱ្យដឹងថា សង្រ្គាមអាមេរិក និងអ៊ីរ៉ង់ បាន​បិទផ្លូវលំហូរប្រេងពីមជ្ឈិមបូព៌ាប្រមាណ ១៤ លានដុល្លារ/ថ្ងៃ។ ប៉ុន្តែទីផ្សារប្រេង នឹងធ្លាក់ចូលទៅក្នុងការផ្គត់ផ្គង់លើសតម្រូវការគួរឱ្យកត់សម្គាល់នៅឆ្នាំក្រោយ ដោយ​ការផ្គត់ផ្គង់នឹងកើនឡើងប្រហែល ៨ លានបារ៉ែល/ថ្ងៃ ខណៈតម្រូវការកើនឡើងត្រឹមតែ ២ លានបារ៉ែល/ថ្ងៃប៉ុណ្ណោះ។

IEA ​បាននិយាយថា ​អតិរេកផ្គត់ផ្គង់ប្រេងច្រើននៅឆ្នាំ ២០២៧ ​អាចជួយធ្វើឱ្យទីផ្សារមានស្ថិរភាព។ វានឹងអនុញ្ញាតឱ្យប្រទេសនានាកសាង​ស្តុកប្រេង​ឡើងវិញ​ ឬបង្កើតទុនបម្រុងយុទ្ធសាស្ត្រថ្មី ខណៈផ្តល់ពេលវេលាដល់រដ្ឋាភិបាលដើម្បីគិតឡើងវិញអំពីគោលនយោបាយថាមពលរបស់ពួកគេបន្ទាប់ពីវិបត្តិ។

​ភ្នាក់ងារថាមពលអន្តរជាតិដដែល​បាន​​គូសបញ្ជាក់ថា ប្រសិនបើកិច្ចព្រមព្រៀង​អាមេរិក-អ៊ីរ៉ង់ដំណើរការ ការផលិតប្រេង និងការនាំចេញពីតំបន់ឈូងសមុទ្រពែរ្ស ​នឹងងើបឡើងវិញយឺតៗ ​ហើយ​ការនាំចេញប្រេងរបស់អ៊ីរ៉ង់ អាចចាប់ផ្តើមឡើងវិញនៅពេលអាមេរិកដកទណ្ឌកម្ម និងការបិទខ្ទប់កំពង់ផែប្រទេសនេះ​។ ​

ទោះជាយ៉ាងណាក៏ដោយ IEA នៅតែមើលឃើញពីហានិភ័យ។ ​បញ្ហាដូចជាការពន្យារពេល​សម្អាតមីន និងការរៀបចំការដឹកជញ្ជូនមិនច្បាស់លាស់ អាចធ្វើឱ្យ​ការស្ទុះងើបឡើងវិញនៃលំហូរប្រេង​ពី​មជ្ឈិមបូព៌ា​អន់ខ្សោយ។

ជារួម IEA រំពឹងថា ការផ្គត់ផ្គង់ប្រេងសកលនឹងធ្លាក់ចុះប្រហែល ៣,៩ លានបារ៉ែល/ថ្ងៃ នៅឆ្នាំ ២០២៦ ​ដោយសារតែ​ការខាតបង់ផលិតកម្មនៅមជ្ឈិមបូព៌ា លើសពី​កំណើនផលិតកម្មនៅអាមេរិក៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម