Connect with us

សេដ្ឋកិច្ច

កម្ពុជា នឹងមានកំណើនសេដ្ឋកិច្ចរង្វង់ ៦,៦ភាគរយ​​នៅឆ្នាំ២០២៣

បានផុស

នៅ

នៅឆ្នាំ២០២៣ខាងមុខនេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់៦,៦ភាគរយ ដោយសារការរំពឹងទុកនៃការបន្តនិន្នាការល្អប្រសើរនៃតម្រូវការសកល និងទំនុកចិត្តវិនិយោគស្របពេលវិបត្តិជំងឺកូវីដ ១៩ មានភាពស្រាក់ស្រាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារាចរណែនាំ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៣-២០២៥របស់រាជរដ្ឋាភិបាល​ដែលបានចេញ​ផ្សាយនៅថ្ងៃនេះបានឱ្យដឹងថា តាមការព្យាករណ៍សេដ្ឋកិច្ចកម្ពុជា ត្រូវរំពឹងថា នឹងបន្តនិន្នាការ​កើនឡើងក្នុងអត្រា ៥,៤ ភាគរយក្នុងឆ្នាំ២០២២នេះដែលបន្តគាំទ្រដោយភាពល្អប្រសើរនៃតម្រូវការសកល បើទោះបីជារងប៉ះពាល់ដោយសារការផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក៏ដោយ។

បើតាមចរាចរណ៍របស់រាជរដ្ឋាភិបាល សង្រ្គាមនេះបានបង្កផលប៉ះពាល់ដល់ប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា​តាមរយៈការកើនឡើងថ្លៃទំនិញគ្រប់ប្រភេទពិសេសប្រេងឥន្ទនៈ និងវត្ថុធាតុដើមកសិកម្ម រួមមានជី និងថ្នាំ​សម្លាប់សត្វល្អិតជាដើម។ ទន្ទឹមនេះ ការកើនឡើងថ្លៃជារួមបានបង្កផលប៉ះពាល់ដល់សកម្មភាពចាយវាយ និងប្រើប្រាស់ក្នុងស្រុកក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន។

ទោះជាយ៉ាងណាក្តី ផលប៉ះពាល់នៃសង្រ្គាមនេះមកលើសេដ្ឋកិច្ចកម្ពុជា គឺមានទំហំតូចដោយហេតុថា ទំនាក់ទំនង​សេដ្ឋកិច្ចផ្ទាល់រវាងកម្ពុជា ជាមួយនឹងប្រទេសជម្លោះទាំងពីរមានកម្រិតទាប។ ផលប៉ះពាល់នេះ ត្រូវបានប៉ះប៉ូវមួយ​ផ្នែកធំតាមរយៈការសម្រេចបាននូវអត្រាខ្ពស់នៃការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដែលបានធ្វើឱ្យកម្ពុជា មានភាពស៊ាំសហគមន៍ជាមូលដ្ឋានសំខាន់សម្រាប់ការបើកប្រទេសឡើងវិញនិងបានអនុញ្ញាតឱ្យសភាពសេដ្ឋកិច្ចក្រុងស្រុកចាប់ផ្ដើម​វិល​ត្រឡប់ទៅរកប្រក្រតីភាពវិញ។

បន្ថែមលើនេះការបន្តដាក់ចេញនូវវិធានការអន្តរាគមន៍មុតស្រួចរបស់រាជរដ្ឋាភិបាលក្នុងការជួយរក្សាលំនឹងធុរកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសកម្មករនិយោជិតនិងគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ដែលទទួល​ផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ ១៩ ក៏រំពឹងថានឹងបន្តបន្តចូលរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជារួមសម្រាប់ឆ្នាំ២០២២។

សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់៦,៦ភាគរយ ដោយសារការ​រំពឹងទុកនៃតម្រូវការសកលនិងទំនុកចិត្តវិនិយោគស្របពេលវិបត្តិកូវីដ១៩មានភាពស្រាក់ស្រាន្ត និងអាចគ្រប់គ្រងបាន។ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ ជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយជំងឺកូវីដ ១៩ តាមគន្លង​ប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១‑២០២៣ នឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនិងការបង្កើតតម្លៃបន្ថែមទៀត​ដល់អនុវិស័យជំរុញកំណើនដែលមានស្រាប់ក៏ដូចជាលើកកម្ពស់អនុវិស័យសក្តានុពលដែលជាចន្ទុលកំណើនថ្មីរួមមានអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនិងអនុវិស័យគម នាគមន៍ព្រមទាំងការអភិវឌ្ឍវិស័យសហគ្រាសធុនតូចនិងមធ្យម។

ជាមួយគ្នារាជរដ្ឋាភិបាលបានគិតគូរបង្កើតកញ្ចប់អន្តរាគមន៍ផ្នែកសង្គម និងសេដ្ឋកិច្ចដើម្បីជួយកាត់បន្ថយផលប៉ះពាល់​ពីការកើនឡើងអតិផរណា និងការបង្កើនការវិនិយោគក្នុងស្រុកដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការ​ងារជូនប្រជាជនផងដែរ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម