សេដ្ឋកិច្ច
តើកម្ពុជា គួរអនុញ្ញាតឱ្យជនបរទេស មានសិទ្ធិកាន់កាប់ដីធ្លីដូចថៃដែរឬទេ?
ចាប់ពីខែកញ្ញា ឆ្នាំ២០២២ តទៅប្រទេសថៃនឹងអនុញ្ញាតឱ្យជនបរទេសអាចកាន់កាប់ដីធ្លីពេញលេញបាន។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន bangkokbiznews ផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ វិលមកកម្ពុជាវិញថា តើរាជរដ្ឋាភិបាលគួរអនុញ្ញាតឱ្យជនបរទេស មានសិទ្ធិកាន់កាប់ដីធ្លីដូចប្រទេសថៃដែរឬទេ?
លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកលរាជធានីភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍ថា ផ្អែកលើកត្តាសេដ្ឋកិច្ច ប្រទេសទាំងអស់នៅជុំវិញពិភពលោក តែងធ្វើការសិក្សា និងរៀបចំគោលនយោបាយ ដើម្បីទាក់ទាញការវិនិយោគមកកាន់ប្រទេសខ្លួនឱ្យបានច្រើន។ កម្ពុជាក៏ដូចជាប្រទេសដទៃទៀតនៅលើសកលលោក កំពុងត្រូវការទុនវិនិយោគពីក្រៅប្រទេសឱ្យបានកាន់តែច្រើន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយចំណាកស្រុក ក៏ដូចជាបង្កើតនូវសហគ្រាសថ្មីៗបន្ថែមទៀត ខណៈកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍។
“សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថា បើសិនរាជរដ្ឋាភិបាលមានគោលនយោបាយបើកចំហឱ្យជនបរទេសអាចកាន់កាប់ដីក្នុងប្រទេសកម្ពុជា វាជាសញ្ញាល្អ ដើម្បីបង្កភាពងាយស្រួលដល់វិនិយោគិននៅក្រៅប្រទេសមកវិនិយោគទៅលើវិស័យដីធ្លី។ដូចដែលគ្រប់គ្នាបានដឹងហើយថា វិស័យដីធ្លីគឺជាវិស័យមួយបានបង្កើតសេដ្ឋីជាច្រើននៅក្នុងស្រុក។ ក៏ប៉ុន្តែសម្រាប់គោលនយោបាយបើកចំហសម្រាប់វិនិយោគិនក្រៅប្រទេស អាចកាន់កាប់ដីធ្លីនៅកម្ពុជាគួរតែសិក្សាឱ្យបានច្បាស់ ជាមួយនឹងអ្នកជំនាញក្រសួងជំនាញ អន្តរក្រសួង ដើម្បីធ្វើការសិក្សាផលប៉ះពាល់ ឬការកំណត់ថា តើជនបរទេសគួរមានលក្ខខ័ណ្ឌបំពេញអ្វីខ្លះ? ដូចជាទុនអតិបរមារបស់គាត់ ដើម្បីធានាថា គោលនយោបាយនេះ មានប្រសិទ្ធភាព និរន្តរភាព និងប៉ះពាល់តិចតួច”។ លោក វិចិត្រ បន្ថែម។
បើតាមលោក វិចិត្រ មុននឹងអនុញ្ញាតឱ្យជនបរទេសកាន់កាប់ដីធ្លី យើងត្រូវសិក្សាលើកត្តាសំខាន់មួយចំនួនដូចជាថា តើកម្ពុជាចង់បានទុនវិនិយោគកម្រិតណាមកចាក់បញ្ចូលក្នុងសេដ្ឋកិច្ច? អ្នកជំនាញត្រូវធ្វើការសិក្សាជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីលម្អិតពីផលប៉ះពាល់ក៏ដូចជាសិក្សាពីលទ្ធផល ក្រោយពីអនុញ្ញាតឱ្យជនបរទេសកាន់កាប់ដីធ្លីបាន។ ផ្នែកពាក់ព័ន្ធអាចសិក្សាអំពីទំហំដី ឬតំបន់ណា ដែលអនុញ្ញាតឱ្យជនបរទេសអាចមកទិញដីនៅកម្ពុជា ហើយចាំបាច់ត្រូវមានលក្ខខ័ណ្ឌអ្វីខ្លះ ដែលកំណត់ដោយច្បាប់ដើម្បីធានាថា គោលនយោបាយថ្មីនេះមិនមានផលប៉ះពាល់មកដល់ពលរដ្ឋ។

“ការបើកចំហគោលនយោបាយនេះអាចមានពីរសេនារីយ៉ូ ទី១ អាចបើកឱ្យទិញលំនៅឋានជាប់ដី ទី២ អាចទិញលំនៅឋានជាប់ដីហើយ ទិញដីទៀត ដែលទាំងពីរខាងលើនេះជាលក្ខខ័ណ្ឌមួយដាច់ដោយឡែក ដែលអ្នកជំនាញក្រសួងស្ថាប័នពាក់ព័ន្ធគួរសិក្សាថា តើគួរបើកចំហទាំងស្រុង ឬជាជំហានៗ។ បើទិញដី ថាតើគាត់អាចទិញក្នុងទំហំកម្រិតទឹកប្រាក់ប៉ុណ្ណា? ប៉ុន្មានម៉ែត្រការ៉េ? តើទិញភ្លាមអភិវឌ្ឍន៍ភ្លាម ឬទុករយៈពេលប៉ុន្មានមុនពេលអភិវឌ្ឍន៍?។ អញ្ចឹងចំណុចនេះដែរត្រូវមានសិក្សាយ៉ាងច្បាស់ពីក្រសួងជំនាញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើតនូវគោលនយោបាយមួយ ដែលមានភាពទាក់ទាញ ដើម្បីអភិវឌ្ឍន៍ និងជំរុញបន្ថែមនូវទុនវិនិយោគមកកម្ពុជា ហើយមានផលប៉ះពាល់តិចតួច”។ លោក វិចិត្រ និយាយ។
លោកបានឱ្យដឹងទៀតថា ការអនុញ្ញាតពីសំណាក់រាជរដ្ឋាភិបាលថៃឱ្យជនបរទេសកាន់កាប់ដីធ្លីបាន ជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យអចលនទ្រព្យនៅក្នុងប្រទេសថៃ ។ រាជរដ្ឋាភិបាលថៃមានគោលនយោបាយបើកចំហសេដ្ឋកិច្ចជាងមុន ដើម្បីទាក់ទាញវិនិយោគិនពីបរទេស មកវិនិយោគវិស័យអចលនទ្រព្យនៅក្នុងប្រទេសខ្លួន។ ប្រទេសនីមួយៗ តែងមានការប្រកួតប្រជែងគ្នា ក្នុងការទាក់ទាញលំហូរទុនវិនិយោគមកពីក្រៅប្រទេសរៀងៗខ្លួន។
“សម្រាប់ប្រទេសថៃ ដោយសារវិបត្តិកូវីដ១៩ នៅអូសបន្លាយពេលវេលាយូរ បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ មិនថាតែថៃ កម្ពុជា និងប្រទេសជាច្រើនទៀតនៅតំបន់អាស៊ានក៏ប៉ះពាល់ដែរ។ចំពោះការអនុញ្ញាតឱ្យជនបរទេសកាន់កាប់អចលនទ្រព្យប្រភេទដីនៅក្នុងប្រទេសថៃវាជាសញ្ញា ដែលអាចជួយឱ្យមានលំហូរទុនវិនិយោគពីក្រៅប្រទេស មកប្រទេសថៃកាន់តែច្រើន។អញ្ចឹងនៅពេលមានគោលនយោបាយបើកចំហដូចដែលបានលើកឡើងខាងលើនេះ វាបានជួយជំរុញឱ្យទុនវិនិយោគនៅក្រៅប្រទេសមានលំហូរកាន់តែច្រើនចាក់បញ្ចូលក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ”។ លោក វិចិត្រ បន្ថែម។
រដ្ឋាភិបាលថៃនឹងអនុញ្ញាតឱ្យជនបរទេស (អ្នកមាន) មានសិទ្ធិកាន់កាប់ដីធ្លីបាន ដោយរំពឹងថា នឹងបង្កើតការលើកទឹកចិត្ត ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសថៃ។ រដ្ឋាភិបាលបាននិងកំពុងដំណើរការរៀបចំសេចក្តីព្រាងច្បាប់នេះ កំណត់លក្ខណៈវិនិច្ឆ័យសម្រាប់តែការរស់នៅប៉ុណ្ណោះ និងមិនឱ្យលើសពី ២០០០ម៉ែត្រការ៉េ កំណត់៥ឆ្នាំ មានលុយ ១លានលានបាត និងវិនិយោគបន្ថែម ៨០០ពាន់លានបាត បង់ពន្ធបន្ថែមចំនួន ២,៧សែនលានបាត។

លោក ថាណាខន អ្នកនាំពាក្យប្រចាំទីស្តីការនាយករដ្ឋមន្ត្រីបានឱ្យដឹងថា សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃទាក់ទងនឹងករណីការអនុញ្ញាតឱ្យជនបរទេសមួយចំនួនចូលមករស់នៅក្នុងព្រះរាជាណាចក្រថៃ ជាករណីពិសេស ក្រោមវិធានការជំរុញសេដ្ឋកិច្ច និងការវិនិយោគ តាមរយៈការទាក់ទាញជនបរទេសដែលមានសក្តានុពលខ្ពស់(សេដ្ឋី)។ រដ្ឋាភិបាលថៃបានប្រកាសកាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ២០២២ ថា ការអនុញ្ញាតនេះនឹងចូលជាធរមានក្នុងខែកញ្ញា ឆ្នាំ២០២២ ដើម្បីទាក់ទាញជនបរទេសដែលមានសក្តានុពលខ្ពស់ចំនួនរួមមាន ៤ក្រុមគឺ៖
-ក្រុមបុគ្គលដែលមានទ្រព្យសម្បត្តិច្រើន(សេដ្ឋី)
-ក្រុមបុគ្គលចូលនិវត្តន៍ពីបរទេស
-ក្រុមបុគ្គលដែលចង់ធ្វើការពីប្រទេសថៃ
-និងក្រុមបុគ្គលអ្នកជំនាញ ឬឯកទេសពិសេស
ដោយពួកគេទាំងនេះសុទ្ធតែអាចរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃបាន ដើម្បីជំរុញសេដ្ឋកិច្ច និងការវិនិយោគ ធ្វើឱ្យប្រទេសថៃមានអ្នកដែលមានចំណេះដឹង និងជំនាញគ្រប់គ្រាន់ ដើម្បីគាំទ្រដល់អាជីវកម្ម ឧស្សាហកម្ម និងសេវាកម្មនាពេលអនាគត ដែលរដ្ឋាភិបាលមានបំណងលើកកម្ពស់។ សម្រាប់ការផ្តល់សិទ្ធិកាន់កាប់ដីធ្លីរបស់ជនបរទេសទាំងនេះ គឺគ្រាន់តែជាវិធានការមួយដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសថៃប៉ុណ្ណោះ៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


