Connect with us

ព័ត៌មានជាតិ

តើវិស័យណាខ្លះ មានសន្ទុះងើបឡើងនៅឆ្នាំ ២០២៤?

បានផុស

នៅ

នៅឆ្នាំ ២០២៣ គឺជាឆ្នាំ ដែលស្ទើរគ្រប់វិស័យទាំងអស់ ជួបការលំបាកខ្លាំង ក្នុងដំណើរការចង្វាក់ផលិតកម្ម និងទីផ្សារ។ ដោយឡែកឆ្នាំ ២០២៤ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ តើមានវិស័យណាខ្លះ ដែលអាចមាន សន្ទុះងើបឡើងវិញ ដើម្បីជួយដល់កម្រិតជីវភាពពលរដ្ឋ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា នៅឆ្នាំ ២០២៤ វិស័យដែលមានសក្តានុពលខ្លាំង គឺឧស្សាហកម្មកែច្នៃកសិផល និងសិប្បកម្ម ដែលជាមូលដ្ឋាននៃការផលិត ជាពិសេស​ក្រុមសហគ្រិន គួរពង្រីកអាជីវកម្មឱ្យទៅជារោងចក្រធំ ដើម្បីបង្កើតឱកាសប្រកួតប្រជែងជាមួយគេ(បរទេស)បាន។

ជាមួយគ្នានេះផ្នែកសេវាកម្ម សហគ្រិនត្រូវកែច្នៃផលិតផលកសិកម្ម និងពង្រឹងទីផ្សារនាំចេញទៅក្រៅប្រទេស ជាពិសេស​ចងក្រងក្រុមហ៊ុនជាគ្រុប ដើម្បីងាយស្រួលក្នុងការនាំចេញ។ នេះជាការបន្ថែមរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍។

ជាមួយគ្នានេះ លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន និងជាអ្នកតាមដានសេដ្ឋកិច្ចជាតិ អន្តរជាតិ លើកឡើងថា វិស័យទេសចរណ៍ គឺជាវិស័យត្រីមុខ ដែលមានសន្ទុះខ្លាំង ដោយសាររាជរដ្ឋាភិបាលបានវិនិយោគ​យ៉ាងសន្ធឹកសន្ធាប់ទៅលើហេដ្ឋារចនាសម្ព័ន្ធ ដូចជា ព្រលានយន្តហោះ ផ្លូវល្បឿនលឿន ក៏ដូចជា កសាងធនធាន​មនុស្ស​ផ្នែកបដិសណ្ឋារកិច្ច រួមមានវិស័យភោជនីយដ្ឋាន និងសណ្ឋាគារជាដើម។

នៅពេលវិស័យទេសចរណ៍មានកំណើន នឹងជួយជំរុញដល់វិស័យសណ្ឋាគារដែលពីមុនបិទទ្វារឱ្យដំណើរការឡើងវិញ ក៏ដូចជាវិស័យភោជនីយដ្ឋាន នឹងមានសកម្មភាពរស់រវើក ជាពិសេសបង្កើតឱកាសការងារសម្រាប់​ពលរដ្ឋនៅក្នុងវិស័យ​ទាំងនេះ។

ក្រៅពីវិស័យទេសចរណ៍ ការនាំចេញរបស់កម្ពុជា ក៏នឹងមានសន្ទុះផងដែរ។ នេះជាការបន្ថែមរបស់លោក ឡោ វិចិត្រ។ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន បានលើកឡើងទៀតថា កម្ពុជា គឺជាសមាជិកមួយ នៅក្នុងកិច្ចព្រម​ព្រៀងអាសិប ហើយក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ, ដូច្នេះហើយ នៅឆ្នាំ ២០២៤ កម្ពុជា នឹងក្លាយជាមជ្ឈមណ្ឌលនៃកម្មន្តសាល។

មជ្ឈមណ្ឌលនៃកម្មន្តសាល ដោយសារតែប្រទេសមួយចំនួននៅក្នុងតំបន់ បានមើលឃើញថា កម្ពុជា មានកម្លាំង​ពលកម្មថោក ស្ថិរភាពនយោបាយ ច្បាប់វិនិយោគល្អ សមស្របក្នុងការបង្កើតរោងចក្រ។

បើតាមលោក ឡោ វិចិត្រ នៅពេលដែលកម្ពុជា ទាក់ទាញបានអ្នកវិនិយោគផ្នែកកម្មន្តសាលបានកាន់តែច្រើន ប្រជាជនកម្ពុជា ក៏ទទួលបានជំនាញតាមរយៈការផ្ទេរចំណេះដឹងពីបរទេស ពោលគឺបានទាំងចំណូល និងជំនាញ។

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ មានគោលដៅយុទ្ធសាស្រ្ត ប្រមូលផ្តុំ និងអភិវឌ្ឍបណ្តាញផលិតកម្មឱ្យដើរតួនាទីសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជា សំដៅបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក លើកកម្ពស់ផលិតកម្ម និងការកែច្នៃសម្រាប់នាំចេញ ជាពិសេស គាំទ្រដល់ការបង្កើតការងារ និងការលើកស្ទួយជីវភាពប្រជាជននៅទីជនបទ។

ធនាគារ​ពិភពលោក​ បានព្យាករ​ថា​ កំណើនសេដ្ឋកិច្ច​កម្ពុជា ​នឹង​កើន​ដល់ ​៥,៨ភាគរយ​ ក្នុង​ឆ្នាំ​២០២៤​ និង​៦,១ ភាគរយ ​នៅ​ឆ្នាំ​២០២៥​ ជាមួយការ​រំពឹង​ទុក​អំពី​ការ​កើន​ឡើង​នូវ​ការ​វិនិយោគ​ហេដ្ឋា​រចនាសម្ព័ន្ធ​ និង​អត្ថប្រយោជន៍​ដែល​នឹង​កើត​ចេញពីកិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​នានា​ដែល​កម្ពុជា ​មាន​ជាមួយ​បណ្តា​ប្រទេស​នៅក្នុងតំបន់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម