សេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៦% នៅឆ្នាំនេះ
លោក អូន ព័ន្ធមុនីរ័ត្ន ដែលជាឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយនៅថ្ងៃពុធនេះថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងសម្រេចបាននូវអត្រា ៦ ភាគរយនៅឆ្នាំ ២០២៤ កើនឡើងពី ៥ ភាគរយនៅឆ្នាំ ២០២៣។

កំណើននេះត្រូវបានគាំទ្រជាចម្បងនៃការកើនឡើងក្នុងការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ វិស័យទេសចរណ៍ កសិកម្ម និងអចលនទ្រព្យ និងសំណង់។
ការថ្លែងលោកឧបនាយករដ្ឋមន្ត្រីធ្វើឡើងក្នុងពិធីសម្ពោធទីស្នាក់ការថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅទីក្រុងភ្នំពេញ។ លោកថា៖« កំណើននេះត្រូវបានជំរុញដោយការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ជាពិសេសដៃគូពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។ទន្ទឹមនឹងនោះ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅតែបន្តរក្សាស្ថិរភាព និងនិន្នាការវិជ្ជមាន គួបផ្សំនឹងការខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ខ្លួន»។

ធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី១១ ខែមេសា កន្លងមកនេះក៏បានព្យាករណ៍ផងដែរថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២៤ និង៦,០% ក្នុងឆ្នាំ២០២៥ ដែលជំរុញដោយកំណើនក្នុងវិស័យកម្មន្តសាល និងការស្ទុះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍។
នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma បានលើកឡើងថា បើទោះបីជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានដំណើរការល្អក្នុងឆ្នាំ២០២៣។
លោកស្រីបានបញ្ជាក់ថា ៖ «យើងរំពឹងថា កំណើនសេដ្ឋកិច្ចនឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ ២០២៤-២០២៥ ដោយសារវិស័យ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) ទំនងជានឹងមានកំណើនខ្ពស់ ដោយផ្អែក លើសន្ទុះវិជ្ជមាន ដែលបានកើតឡើងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣»។
លោក អូន ព័ន្ធមុនីរ័ត្ន ក៏រំលេចផងដែរថា កម្ពុជាសម្រេចបានលទ្ធផលសំខាន់ៗ ក្នុងការធានាអធិបតេយ្យភាពជាតិ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។

លោកបានមានប្រសាសន៍ថា៖« ប្រទេសកម្ពុជាបានផ្លាស់ប្តូរមុខមាត់របស់ខ្លួន កសាងមូល ដ្ឋានគ្រឹះដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិសម្រាប់ការអភិវឌ្ឍន៍ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៃពាណិជ្ជកម្មអន្តរជាតិដោយផ្អែកលើគោលការណ៍ពហុភាគីនិយម»។
លោកបានបន្ថែមថា ព្រះរាជាណាចក្របានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនឡើង ដោយសារការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវ ស្ពាន ប្រឡាយ និងបណ្តាញអគ្គិសនី ព្រមទាំងការអភិវឌ្ឍន៍ធនធានមនុស្សជាបន្តបន្ទាប់។
លោក ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា កម្ពុជាកំពុងដើរលើផ្លូវឆ្ពោះទៅសម្រេចគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


