សេដ្ឋកិច្ច
សេដ្ឋកិច្ចស្រីលង្កាបន្តស្ទុះងើបឡើងវិញ ដោយអតិផរណាធ្លាក់ចុះខ្លាំង ២ ឆ្នាំក្រោយវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ
ស្រីលង្កាកាលពីថ្ងៃចន្ទ បានសាទរចំពោះទិន្នន័យដែលបង្ហាញថា សេដ្ឋកិច្ចប្រទេសបានកើនឡើងលើសពីការរំពឹងទុកនៅក្នុងត្រីមាសទី១ ឆ្នាំនេះ ខណៈប្រទេសនេះបានបន្តស្ទុះងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរជាប្រវត្តិសាស្រ្តកាលពី២ឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។

ការកើនឡើង ៥,៣ ភាគរយនៅចន្លោះខែមករា-មីនា ដើមឆ្នាំនេះ បានគូសបញ្ជាក់ពីកំណើនក្នុងត្រីមាសចុងឆ្នាំមុន និងពីការប្រសើរឡើងដ៏ធំ បើប្រៀបធៀបទៅនឹងការធ្លាក់ចុះសេដ្ឋកិច្ចរហូតដល់ ១០,៧ ភាគរយ ក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្រីលង្កា លោក Ranjith Siyambalapitiya បាននិយាយថា រដ្ឋាភិបាលបានរំពឹងថា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ២០២៤ នឹងមានប្រហែល ២,២ ភាគរយ។ លោកនិយាយក្នុងសេចក្ដីថ្លែងការណ៍ថា៖ «វាគួរឱ្យកត់សំគាល់ ថាយើងអាចសម្រេចបាននូវកំណើនវិជ្ជមានក្នុងរយៈពេល២ឆ្នាំ បន្ទាប់ពីប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន»។
តួលេខផ្លូវការរបស់រដ្ឋ បានបង្ហាញពីការស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងវិស័យឧស្សាហកម្ម ដែលកើនឡើងរហូតដល់ ១១,៨ ភាគរយក្នុងត្រីមាសទី១ ធៀបនឹងការធ្លាក់ចុះដល់ ២៤,៣ ភាគរយក្នុងត្រីមាសដូចគ្នា កាលពីឆ្នាំ ២០២៣។
វិស័យសំណង់ ក៏បានបង្ហាញពីភាពប្រសើរឡើងវិញផងដែរ ដោយសារអតិផរណាបានធ្លាក់ចុះ ពីចំណុចកំពូលកប់ពពក ៧០ ភាគរយ នៅខែកញ្ញា ឆ្នាំ ២០២២ ដល់ ០,៩ ភាគរយនៅខែឧសភា ឆ្នាំនេះ។

កាលពីសប្តាហ៍មុន មូលនិធិរូបិយវត្ថុអន្តរជាតិ បានបញ្ចេញកញ្ចប់ទឹកប្រាក់ចំនួន ៣៣៦ លានដុល្លារ ដើម្បីជាផ្នែកមួយនៃកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ចចំនួន ២,៩ ប៊ីលានដុល្លារសម្រាប់រយៈពេល ៤ ឆ្នាំសម្រាប់ប្រទេសស្រីលង្កា ដែលធ្លាក់ដល់ចំណុចសងបំណុលបរទេសមិនរួច ៤៦ ប៊ីលានដុល្លារ នៅខែមេសា ឆ្នាំ ២០២២។
នៅកម្រិតកំពូលនៃវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០២២ ប្រទេសកោះមួយនេះបានប្រឈមនឹងកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យជាច្រើនខែ ក្រោយអស់ប្រាក់បញ្ញើបរទេសដើម្បីទូទាត់ថ្លៃនាំចូល។ វិបត្តិសេដ្ឋកិច្ចពេលនោះ បានបង្កជាភាពចលាចលស៊ីវិល ដែលបណ្តេញលោកប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ចេញពីដំណែង។
ដើម្បីដោះស្រាយវិបត្តិ អ្នកស្នងតំណែងថ្មី គឺលោកប្រធានាធិបតី រ៉ានីល វ៉ីកក្រេម៉េស៊ីងហ្កេ (Ranil Wickremesinghe) បានដំឡើងពន្ធទ្វេដង ដកប្រាក់ឧបត្ថម្ភធនថាមពល ហើយដំឡើងតម្លៃនៃទំនិញសំខាន់ៗ ដើម្បីប្រមូលចំណូលរដ្ឋ៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


