ព័ត៌មានអន្ដរជាតិ
ការនាំចេញអង្កររបស់ថៃ បង្ហាញសញ្ញាថយចុះក្នុងត្រីមាសទី៣ ខណៈតម្លៃកើនឡើង
ប្រទេសថៃបាននាំចេញអង្ករចំនួន ៥ លានតោនក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ នេះ ប៉ុន្តែការនាំចេញនៅត្រីមាសទី ៣ បង្ហាញពីសញ្ញានៃការថយចុះ ដោយសារតែតម្លៃអង្ករថៃខ្ពស់ជាងអង្កររបស់ប្រទេសនាំចេញជាគូប្រជែងផ្សេងៗទៀត ខណៈអ្នកទិញពន្យារពេលការទិញ ហើយអង្ករពីប្រទេសវៀតណាម ឥណ្ឌា និងប៉ាគីស្ថានបានវាយលុកទីផ្សារ។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក The Nation។

ការនាំចេញអង្កររបស់ថៃ មានសន្ទុះខ្លាំងក្នុងរយៈពេល៥ខែដើមឆ្នាំ។ យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម អង្ករចំនួន ៤,០៥ លានតោនត្រូវបាននាំចេញក្នុងតម្លៃ ៩៤ ៦៤០,៩១ លានបាត ចន្លោះពីខែមករា ដល់ខែឧសភា ដោយកើនឡើងពី ៣,៤៨ លានតោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣។
ជាមួយគ្នានេះ នាយកដ្ឋានពាណិជ្ជកម្មបរទេស និងសមាគមអ្នកនាំចេញអង្ករថៃ រំពឹងថា ការនាំចេញអង្កររបស់ថៃនឹងអាចកើនដល់ ៨ លានតោន ដោយលើសគោលដៅប្រចាំឆ្នាំ ៧,៥ លានតោន ខណៈការនាំចេញក្នុងឆ្នាំ ២០២៣ មានរហូតដល់ ៨,៧ លានតោន។
ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ លោក Chookiat Ophaswongse បាននិយាយថា ថៃរំពឹងថានឹងនាំចេញអង្ករបានប្រហែល ៥ លានតោនក្នុងឆមាសទី១ឆ្នាំនេះ ដោយសារតម្រូវការអង្ករពិភពលោកខ្ពស់ ដោយសារតែការព្រួយបារម្ភពីសន្តិសុខស្បៀងរបស់ប្រទេសជាច្រើន។
លោកបន្តថា៖ «ការធ្លាក់ចុះនៃប្រាក់បាតថៃមកនៅប្រហែល ៣៦-៣៧ បាត/ដុល្លារ ក៏បានជួយធ្វើឱ្យការប្រកួតប្រជែងតម្លៃប្រសើរឡើងផងដែរ រួមជាមួយនឹងការបន្តរឹតត្បឹតការនាំចេញអង្ករសរបស់ឥណ្ឌា»។

យ៉ាងណាមិញ មន្រ្តីដដែលបានគូសបញ្ជាក់ថា ការបញ្ជាទិញថ្មីបានក្លាយថយចុះ ដោយសារតម្លៃអង្កររបស់ថៃខ្ពស់ជាងអង្ករនាំចេញពីប្រទេសប្រកួតប្រជែង ដែលបណ្តាលឱ្យទីផ្សារនាំចូលអង្ករថៃក្នុងត្រីមាសទី៣ ចុះខ្សោយ។
កន្លងមក មានការបញ្ជាទិញអង្ករថៃយ៉ាងសំខាន់ ដែលជំរុញឱ្យតម្លៃអង្ករក្នុងស្រុក និងនាំចេញឡើងថ្លៃ។ តម្លៃអង្ករស ដែលជាប្រភេទអង្ករនាំចេញច្រើនជាងគេរបស់ប្រទេសថៃ ជាមធ្យមលក់នៅ ៦៤៩ ដុល្លារ/តោនក្នុងខែឧសភា និង ៦៣០ ដុល្លារ/តោនក្នុងខែមិថុនា។
ក្រៅពីនេះ លោកបន្ថែមថា៖ «ការផលិតអង្ករក្នុងបណ្តាប្រទេសប្រកួតប្រជែងដូចជា វៀតណាម ឥណ្ឌា ប៉ាគីស្ថាន និងមីយ៉ាន់ម៉ាមានភាពប្រសើរឡើង ដែលនាំឱ្យអង្ករកាន់តែច្រើននៅក្នុងទីផ្សារពិភពលោក»។ លោកបន្តថា៖ «ឥណ្ឌាក៏នឹងត្រឡប់ទៅនាំចេញអង្ករសឡើងវិញក្នុងត្រីមាសទី ៤ នៃឆ្នាំនេះ ដែលនឹងប្រកួតប្រជែងដណ្តើមចំណែកទីផ្សារ ហើយទំនងជាជំរុញឱ្យតម្លៃអង្ករពិភពលោកធ្លាក់ចុះ ដែលអាចធ្វើឱ្យតម្លៃអង្ករក្នុងស្រុក(ថៃ)ធ្លាក់ចុះផងដែរ»៕

-
នយោបាយ១ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន