Connect with us

សេដ្ឋកិច្ច

អាល្លឺម៉ង់សិក្សា តភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា

បានផុស

នៅ

អាល្លឺម៉ង់សិក្សាគម្រោងតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា បន្ទាប់ពីអាកាសយានដ្ឋាន​អន្តរ​ជាតិ​តេ​ជោដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ ២០២៥ ដើម្បីជំរុញកំណើនទេសចរពីទីផ្សារ​អឺរ៉ុប ជា​ពិ​សេស​ទីផ្សារនិយាយភាសាអាល្លឺម៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងនេះបានលើកឡើង ក្នុងឱកាសកម្ពុជាចូលរួមពិព័រណ៍ទេចរណ៍អន្តរជាតិ ITB 2025 នៅ​រសៀល​​​​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួប​ពិភា​ក្សា​​ការងារជាមួយលោក Bodo Pfaff-Greiffenhagen តំណាងក្រុមហ៊ុន marketpilots នៃសា​ធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់​ ដើម្បីសិក្សាអំពីគម្រោងការតភ្ជាប់​ជើងហោះហើរត្រង់​រវាងកម្ពុជា និង​​សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ គឺដើម្បី​ជំរុញ​កំណើន​ទេសចរពីទីផ្សារអឺរ៉ុប និងជំរុញលើកតម្កើងកិត្តិនាមកម្ពុជា​ជាគោលដៅ​ទេស​ចរណ៍​ឈាន​​​​មុខ​​គេក្នុងតំបន់ និងពិភពលោក។

យោងតាមអាកាសចរស៊ីវិល នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលតាមផ្លូវ​អា​កាសចំនួន ៦,២៤ លាននាក់ កើនឡើង ២២ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។

ក្នុងឆ្នាំ២០២៤ កម្ពុជា ក៏បានសម្រេចលើការតភ្ជាប់ជើងហោះហើរជាប្រតិ្តសាស្ត្រ​រវាងរាជធានី​ភ្នំពេញ​និងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា និងការចាប់ផ្តើមហោះហើរឡើងវិញរបស់ក្រុម​ហ៊ុនអាកាសចរណ៍ អេមីរ៉ាត់ និងកាតា ដែលផ្សារភ្ជាប់ជើង​ហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងឌុយប៉ៃ និងទីក្រុងដូហា។

ក្នុងឆ្នាំ២០២៥​ កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣១ ដែលកំពុង​ហោះ​ហើរ​ចេញ-ចូលកម្ពុជា គិតជាមធ្យម មានជើងហោះហើរទ្វេទិស (Flight Movements)​ ចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍ ដោយនៅក្នុងនោះ ជើងហោះហើរទ្វេទិស (Flight Movements) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ៩៤២ជើង អាកាស​យាន​ដ្ឋាន​អន្តរជាតិសៀមរាបអង្គរ ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៣៦​ជើង​។

បើប្រៀបធៀបចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ការហោះហើរទ្វេទិស (Flight Movements)​​ មានការកើនឡើងប្រមាណជាង ៦០ជើងក្នុងមួយសប្តាហ៍។

យោងតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២៤ កម្ពុជា​បានស្វាគមន៍ភ្ញៀវទេសចរណ៍​អន្តរជាតិ​ជាង ៦,៧ លាន​នាក់ ​កើន​ឡើងជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។

ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាន​នាក់ ទេសចរណ៍ថៃឈរនៅ​លំដាប់​លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេស​ចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម