Connect with us

ព័ត៌មានជាតិ

រដ្ឋលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបន្តចុះ​ឈ្មោះតាមថ្នាលឌីជីថលដើម្បីទទួលបាន​អត្ថប្រយោជន៍នានា

បានផុស

នៅ

ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក ហែម វណ្ណឌី បានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចុះឈ្មោះតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល។

ការលើកឡើងរបស់លោក ហែម វណ្ណឌី ដែលលោកក៏ជារដ្ឋមន្រ្តី​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានលើកឡើងយុទ្ធនាការផ្សព្វផ្សាយដែលសហការរៀបចំដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃទី ២៨ ខែមេសាថា ការចូលរួមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងវិស័យឧស្សាហកម្មដែលកំពុងរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្រ្តីបានលើកឡើងថា៖ “យើងឃើញថាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ជាពិសេសក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រដ៏ច្រើន កំពុងរីកចម្រើនទៅមុខហើយ។ ប៉ុន្តែដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ យើងក៏ត្រូវការឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធរីកចម្រើន និងអាចចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នានា ព្រោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើនលើសលុបនៃតួអង្គសេដ្ឋកិច្ចរបស់យើង»។

​លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ ក៏បានថ្លែងផងដែរថា ខេត្តកំពង់ស្ពឺមានប្រជាជនចំនួន ៩៥០ ០០០ នាក់ និងមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣៨ ម៉ឺននាក់។ លោកអភិបាលខេត្ត ​បាន​លើកទឹកចិត្ត​ឱ្យ​ពួកគេចូលរួមចុះឈ្មោះ និង​បន្តផ្សព្វផ្សាយ​ដើម្បី​លើកទឹកចិត្ត​អ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងទៀតឱ្យចុះឈ្មោះដែរ។

បើយោងតាមក្រសួងឧស្សាហកម្ម ការចុះឈ្មោះបើកផ្លូវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដែលក្រសួងស្ថាប័នបាននិងកំពុងរៀប​ចំ​ជូនជា​​បន្តបន្ទាប់ ដូចជាការអភិវឌ្ឍជំនាញ ការចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ការអនុគ្រោះនិងលើកលែងកាតព្វកិច្ចពន្ធដារ និងសេវាគាំពារសង្គមជាដើម។

រដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើការ ​ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា

សម្តេចធិបតីបានលើកឡើងថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលមានផលរបរ (ចំណូល) ក្រោម២៥០លានរៀល ឬប្រហាក់ប្រហែល៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ, មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធឡើយ។

​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍​ថា «អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម២៥០លានរៀលក្នុងមួយឆ្នាំ ដូចជាសេដ្ឋកិច្ចក្នុងប្រព័ន្ធទ្រង់ទ្រាយតូចមីក្រូ ដែលមានផលរបរក្រោម២៥០លានរៀលក្នុងមួយឆ្នាំ (ប្រហែល៦ម៉ឺនដុល្លារ) មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់នេះជាគោលការណ៍ដែលបញ្ជាក់»។

​គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានពាក្យស្នើសុំចំនួន ៥១.៣២៤ នៅទូទាំងប្រទេស ដោយខេត្តកំពង់ស្ពឺជាប់ចំណាត់ថ្នាក់ទី៦។ នេះបើយោងតាម MISTI៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម