Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះវិញបន្តិច ក្រោយកើន​ជិតដល់ ៧០ ដុល្លារ/បារ៉ែល ម្សិលមិញ

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ធ្លាក់ចុះបន្តិចសម្រាប់ការជួញដូរ​នៅលើទីផ្សារអាស៊ីនាព្រឹកថ្ងៃព្រហស្បតិ៍ ក្រោយ​ពីកើនឡើងដល់ជិត ៧០ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧ សប្ដាហ៍ កាលពីម្សិលមិញ ដោយសារតែភាពរឹងមាំនៃតម្រូវការប្រេងនៅអាមេរិក និងកង្វល់នៃការផ្គត់ផ្គង់។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគតម៉ាក Brent បាន​ធ្លាក់ចុះ ២៥ សេន ឬ ០,៣៦ ភាគរយ ដោយ​ជួញដូរនៅតម្លៃ ៦៩,០៦ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ១២ ថ្ងៃត្រង់នៅទីក្រុងហុងកុង ខណៈប្រេងអាមេរិកបាន​ធ្លាក់ចុះ ២៧ សេន ឬ ០,៤២ ភាគរយ ដោយ​ជួញដូរ​នៅ ៦៤,៧២ ដុល្លារ/បារ៉ែល។

តម្លៃប្រេងទាំង២ បាន​កើនឡើងប្រហែល ២,៥ ភាគរយ ពេលបិទការជួញដូរ​កាលពីថ្ងៃពុធ ក្រោយរដ្ឋបាលព័ត៌មានថាមពលអាមេរិក បាន​ឱ្យដឹងថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដោយ​មិនរំពឹងទុកដល់ទៅ ៦០៧ ០០០ បារ៉ែល ក្នុងសប្ដាហ៍គិតត្រឹមថ្ងៃទី ១៩ ខែកញ្ញា។ ​

លើសពីនេះ កង្វល់ពីការផ្គត់ផ្គង់ពាក់ព័ន្ធនឹង​ជម្លោះអ៊ុយក្រែន-រុស្ស៊ី ក៏ជួយជំរុញ​តម្លៃប្រេងថ្ងៃពុធ ផងដែរ។ អ៊ុយក្រែនបានបង្កើនការវាយប្រហារដោយ​ដ្រូន​លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយផ្តោតលើរោងចក្រចម្រាញ់ប្រេង និងស្ថានីយនាំចេញប្រេង​ ដើម្បីកាត់បន្ថយចំណូលពីការនាំចេញរបស់​រុស្ស៊ី ខណៈរុស្ស៊ី​កំពុងឃើញពីកង្វះខាតប្រភេទ​ប្រេងឥន្ធនៈមួយចំនួន ដែល​អាចឈាន​ដល់ការរឹតត្បឹតការនាំចេញប្រសិនបើចាំបាច់។ នេះបើតាមរ៉យទ័រ។ ​

យ៉ាងណាមិញ ចំពោះការធ្លាក់ថ្លៃតិចតួចមកវិញនៅថ្ងៃព្រហស្បតិ៍នេះ អ្នកវិភាគបាន​លើកឡើងថា ប្រហែលជា​វិនិយោគិន​រកប្រាក់ចំណេញ ដោយ​​លក់ភាគហ៊ុន​ប្រេងរបស់ខ្លួន​ក្រោយពីប្រេងឡើងថ្លៃ ចំពេលដែលតម្លៃឡើងចុះៗមិនទៀង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម