Connect with us

ព័ត៌មានជាតិ

ក្រសួង ក្រើនរំលឹកឲ្យពង្រឹងការគ្រប់គ្រង និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ​

បានផុស

នៅ

ក្រសួងសុខាភិបាល បាន​ក្រើនរំលឹក​ឲ្យ​ពង្រឹង​ការអនុវត្ត​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​ជំងឺ​កូវីដ​-១៩ នៅ​តាម​ផ្ទះ ខណៈ​ជំងឺ​អូមីក្រុង កំពុង​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃ​ទី ១៣ កុម្ភៈ នេះ​ថា ដោយសារ​ការ​កើនឡើង​ជា​បន្តបន្ទាប់​នូវ​ចំនួន​អ្នក​ឆ្លង​អូមីក្រុង ក្នុង​ប្រទេស​កម្ពុជា ហើយ​វីរុស​នេះ​ក៏​កំពុងតែ​ចរាចរណ៍​យ៉ាងសកម្ម​ក្នុង​សហគមន៍​យើង​ផង​ដែរ​នោះ ក្រសួងសុខាភិបាល សង្កេត​ឃើញ​ថា បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ធ្វើតេស្ត​រហ័ស​ដោយ​ខ្លួន​ឯង​រកឃើញ​វិជ្ជមាន​កូវីដ​-១៩ និង​បាន​អនុវត្ត​ធ្វើការ​ព្យាបាល​តាម​ផ្ទះ។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា ប្រសិនបើ​ជំងឺ​ស្រាលៗ​មិន​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ទេ​នោះ ដែល​តម្រូវ​ឲ្យ​មាន​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុង​ការ​តាមដាន​ការ​អនុវត្ត​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​-១៩ នៅ​តាម​ផ្ទះ និង​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃ​ទី ២១ ខែ​មករា ឆ្នាំ ២០២២ នីតិវិធី​នេះ តម្រូវ​ឲ្យ​មាន​វិធានការ​សុខាភិបាល​ចាំបាច់ និង​លក្ខខណ្ឌ​មួយ​ចំនួន​ត្រូវ​គោរព​ប្រតិបត្តិ​ជាប្រចាំ។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា ក្នុង​នោះ​រួមមាន​អ្នក​វិជ្ជមាន​វីរុស​កូវីដ-១៩ តម្រូវ​ឲ្យ​ស្នាក់នៅ​ដាច់​ដោយ​ឡែក​នៅ​ទីតាំង​ដែល​មាន​អនាម័យ និង​មាន​ចរន្ត​ខ្យល់​ចេញចូល​ល្អ ដោយ​បើក​បង្អួច​បន្ទប់​ឲ្យ​ទូលាយ និង​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​ដែល​បងប្អូន​ស្នាក់នៅ​ជា​ចាំបាច់​។ ត្រូវ​រក្សា​អនាម័យ​ស្អាត​ផ្ទាល់ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដោយ​អនុវត្ត​វិធានការ​ការពារ (​ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់ រក្សា គម្លាត​សុវត្ថិភាព​បុគ្គល ឲ្យ​បាន​លើស​ពី ១ ម៉ែត្រ​កន្លះ និង​កុំ​ប៉ះពាល់ ឬ​ប្រើប្រាស់​របស់របរ ឬ​បន្ទប់ទឹក​ឡូកឡំ​ជាមួយ​សមាជិក​គ្រួសារ​ឲ្យ​សោះ ដោយ​ត្រូវ​ប្រើប្រាស់​សម្ភារៈ​ផ្ទាល់ខ្លួន​ដាច់​ដោយ​ឡែក​ជា​ចាំបាច់ និង​មិន​ត្រូវ​ចេញ​ដើរ​ទៅ​ក្រៅ​រហេតរហូត ទោះជា​ក្នុង​រយៈពេល​ខ្លី​ក៏ដោយ ដើម្បី​ចៀសវាង​ការ​ចម្លង​បន្ត​វីរុស​អូមីក្រុង ទៅ​សមាជិក​គ្រួសារ និង​ទៅ​អ្នកដទៃ។ ត្រូវ​បន្ត​អនុវត្ត​វិធានការ ៣ ការពារ និង ៣ កុំ ឲ្យ​បាន​ហ្មត់ចត់ បើ​ទោះ​បី​ជា​នៅ​ក្នុង​អំឡុង​ពេល​ព្យាបាល ឬក៏​ព្យាបាល​ជា​សះស្បើយ​ហើយ​ក៏​ដោយ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូវីដ​-១៩ ទាំងអស់​គ្នា។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា ត្រូវ​ប្រើ​ឱសថ​ព្យាបាល​តាម​រោគសញ្ញា​តាម​ការចាំបាច់ និង​ប្រើ​ឱសថ​ប្រឆាំង​វីរុស ដូចជា ម៉ូល​នូ​ពី​រ៉ា​វា កាប់​ស៊ីល ២០០ មិល្លីក្រាម​ជាដើម ដោយ​គោរព​នូវ​កម្រិត​ដូស​ប្រើប្រាស់ គឺ​លេប​ម្ដង ៤ គ្រាប់ លេប​រៀងរាល់ ១២ ម៉ោង​ម្តង សម្រាប់​រយៈពេល ៥ ថ្ងៃ​ជាប់​គ្នា ជា​បន្តបន្ទាប់។ គួរ​ប្រើ​ឱសថ​នេះ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន បន្ទាប់ពី​ការ​ធ្វើតេស្ត​រហ័ស​រក​អង់​ទីហ្សែន​កូវីដ​-១៩ ឃើញ​វិជ្ជមាន។ មិន​ត្រូវ​ប្រើ​ឱសថ​នេះ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ និង​លើ​ស្ត្រី​បំបៅ​ដោះ​កូន ព្រមទាំង​ហាម​ប្រើ​សម្រាប់​មនុស្ស​ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ។ ត្រូវ​ពិសា​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ពី ២-៣ លីត្រ ក្នុង ១ ថ្ងៃ។ បងប្អូន​ប្រជាពលរដ្ឋ​អា​ចរក​ទិញ​ឱសថ​ម៉ូលនូវីរ៉ាវា ឬ​មូល​ណា​ទ្រីស នៅ​តាម​ឱសថ​ស្ថាន ឬ​ឱសថ​ស្ថាន​រង​ស្របច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ស្នើ​បញ្ជាទិញ​ដោយ​ផ្ទាល់​នៅ​ទីស្ដីការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ឬ​សាខា​ប្រៃសណីយ៍​កម្ពុជា​នៅ​តាម​បណ្ដា​ខេត្ត។

លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា អ្នកជំងឺ​កូវីដ​-១៩ កម្រិត​ស្រាល ឬ​គ្មាន​រោគសញ្ញា ដែល​ធ្វើការ​ព្យាបាល​នៅ​តាម​ផ្ទះ ត្រូវ​ធ្វើតេស្ត​រហ័ស​រក​អង់​ទី​ហ្សែន​កូវីដ​-១៩ នៅ​ថ្ងៃ​ទី ៧ ប្រសិនបើ​គ្មាន​រោគសញ្ញា​រយៈពេល ៣ ថ្ងៃ​ចុងក្រោយ (ថ្ងៃ​ទី ៥, ៦ និង ៧)។ ក្នុង​ករណី​ទទួល​បាន​លទ្ធផល​តេស្ត​រហ័ស​អវិជ្ជមាន អនុញ្ញាត​បញ្ចប់​ការ​ព្យាបាល​ដោយ​ខ្លួនឯង។ ប្រសិនបើ​លទ្ធផល​តេស្ត​រហ័ស​វិជ្ជមាន ត្រូវ​ធ្វើ​តេស្ត​រហ័ស​ម្តង​ទៀត​ក្នុង​គម្លាត ៤៨ ម៉ោង​ពី​គ្នា រហូតដល់​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន។

ចំពោះ​អ្នក​ដែល​ពុំបាន​ចាក់​វ៉ាក់សាំង​ពេញលេញ ត្រូវ​បន្ត​ធ្វើ​ចត្តាឡីស័ក​រយៈពេល ៧ ថ្ងៃ ក្រោយពី​បញ្ចប់​ការ​ព្យាបាល​នៅផ្ទះ។ កាកសំណល់​របស់​អ្នកជំងឺ ត្រូវ​រក្សាទុក ដោយ​ខ្ចប់​ឲ្យ​ជិត និង​ដាក់​ដោយ​ឡែក រួច​អនុវត្ត​ទៅតាម​ការណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន ឬ​ក្រុម​គ្រូពេទ្យ នៅ​តាម​តំបន់​ដែល​បងប្អូន​រស់នៅ​ជា​ចាំបាច់ ចៀសវាង​ការ​ចម្លង​រោគ។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ប្រសិនបើ​មិន​អនុវត្ត​ទៅតាម​ការ​ណែនាំ​ក្រើនរំលឹក​នេះ​បាន​ត្រឹមត្រូវ បងប្អូន អាច​ប្រឈម​ទៅ​នឹង​ការ​អនុវត្ត​វិធានការ​ច្បាប់​នានា​ដែល​មាន​ជា​ធរមាន នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ត្រូវ​ធ្វើ​ការ​តាម​ដាន​ការអនុវត្ត និង​វិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់ គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​-១៩ នៅ​តាម​ផ្ទះ​នេះ​ឲ្យ​បាន​ហ្មត់ចត់ និង​ចាត់វិធានការ​សមស្រប​តាមច្បាប់។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ ២០២២ ក្រសួងសុខាភិបាល បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៣០០ នាក់​ទៀត ជា​ប្រភេទ​អូមីក្រុង​ទាំងអស់ ក្នុងនោះ​មាន​ករណី​ឆ្លង​សហគមន៍ ២៩៥ នាក់ អ្នក​ដំណើរ​មកពី​បរទេស ៥ នាក់ អ្នកជា​សះស្បើយ ១៣៥ នាក់ និង​ស្លាប់ «​គ្មាន​»។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ ២០២២ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩ សរុប ១២៣០៤២ នាក់ អ្នកជា​សះស្បើយ​ចំនួន ១១៨៦៦០ នាក់ និង​អ្នក​ស្លាប់​ចំនួន ៣០១៥ នាក់​៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

ព័ត៌មានជាតិ២២ នាទី មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ១ ម៉ោង មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

Sokha Hotels

ព័ត៌មានពេញនិយម