Connect with us

ជីវិតកម្សាន្ដ

អ្នកនាង ផន សុផារី ចូលរួមរំលែកទុក្ខគ្រួសាររងគ្រោះព្រោះគ្រាប់បែកចង្កោម​ នៅព្រះវិហារ ដោយការឧបត្ថម្ភថវិកា ២លានរៀល

បានផុស

នៅ

អ្នកនាង ផន សុផារី ដែលមហាជនស្គាល់ថា ជាត្រកូលគ្រួសារវង់ល្ខោនបុរាណដ៏មានល្បីឈ្មោះ និងជានាយិកាផលិតផលសម្រស់មួយរូប បានផ្តល់ថវិកា ២លានរៀល ជូនគ្រួសាររងគ្រោះដោយសារគ្រាប់បែកចង្កោម​ នៅភូមិត្រាំប៉ោង​ ខេត្តព្រះវិហារ។ នេះបើតាមការឱ្យដឹងពីលោក តាំង គីមឡេង យុវជនមួយរូបដែលបាននិងកំពុងសកម្មភាពក្នុងកិច្ចការជួយសង្គម តាមរយៈការគៀងករសប្បុរសជនជួយដល់ពលរដ្ឋភៀសសឹក ព្រមនិងស្វែងរកការគាំទ្រដល់វីរកងទ័ពខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃអាទិត្យ ទី២៦ ខែតុលានេះ មានករណីផ្ទុះគ្រាប់បែកចង្កោមនៅក្នុងផ្ទះរបស់គ្រួសារមួយ នៅភូមិបង្គោលលេខ៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យកុមារា សឿន សុវណ្ណ អាយុ​១០​ឆ្នាំ បាត់បង់ជីវិត ឯឪពុករបស់កុមារាឈ្មោះ សៀន ស៊ុន រងរបួសធ្ងន់ ខណៈកំពុងសម្រាកការព្យាបាលនៅមន្ទីរពេទ្យ​ ១៦មករា ខេត្តព្រះវិហារ។

បើតាមការបញ្ជាក់ពីអាជ្ញាធរមីន នេះជាហេតុការណ៍ផ្ទុះគ្រាប់បែកចង្កោម ដែល​បន្សល់​ទុក​ពីជម្លោះ​ប្រដាប់​អាវុធ​កម្ពុជា-​ថៃ នា​ថ្មី​ៗនេះ​។ ជុំវិញហេតុការណ៍នេះ លោក លីធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសម្តែងការសោកស្តាយជាខ្លាំងចំពោះសោកនាដកម្មនេះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិសេសអ្នករស់នៅតំបន់ដែលមានការប្រយុទ្ធគ្នាថ្មីៗ នៅពេលឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ហើយរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។

ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យប្រតិបត្តិករសកម្មភាពមីន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធទាំងអស់ បន្តធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវហានិភ័យទាំងឡាយណា ដែលអាចបង្កគ្រោះថ្នាក់ជាយកថាហេតុណាមួយដល់ប្រជាពលរដ្ឋ ជាពិសេសកុមារាកុមារី។

លោកបានគូសបញ្ជាក់ផងដែរ ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការបន្តបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀត ទាំងចាស់ ទាំងថ្មី ឱ្យអស់ពីទឹកដីកម្ពុជា ដេីម្បីឆ្ពោះទៅកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្មានទុកប្រជាពលរដ្ឋណាម្នាក់បន្តរងគ្រោះទៀតឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម