Connect with us

ជីវិតកម្សាន្ដ

អ្នកគ្រូ ម៉ៅ ទិព្វមុនី មរណភាពក្នុងវ័យ ៥៦ឆ្នាំ បន្សល់ត្រឹមមរតកស្នាដៃសម្រាប់អ្នកបន្តវេនសិល្បៈបុរាណខ្មែរ

បានផុស

នៅ

សាលាមធ្យមវិចិត្រសិល្បៈ បានប្រកាសដំណឹងដ៏សែនក្រៀមក្រំថា អ្នកគ្រូ ម៉ៅ ទិព្វមុនី ប្រធានសាលារបាំ នៃសាលាមធ្យមវិចិត្រសិល្បៈ បានទទួលមរណភាពកាលវេលាម៉ោង ១ និង ១៥នាទី រំលងអាធ្រាតឈានចូលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៥៦ឆ្នាំ ដោយរោគាពាធ ខណៈកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីជូនដំណឹងរបស់សាលាមធ្យមវិចិត្រសិល្បៈ សពអ្នកគ្រូ ម៉ៅ ទិព្វមុនី ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តពោធិព្រឹក្ស (វត្តខ្ទរ) ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីឱ្យសាច់ញាតិ មន្ត្រីរាជការ បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។

បើតាមប្រភពជិតស្និតនឹងអ្នកគ្រូ ត្រូវជាសិស្ស បានឱ្យដឹងថា មុនទទួលមរណភាព អ្នកគ្រូ ម៉ៅ ទិព្វមុនី បានចូលធ្វេីឱ្យសម្រេចនូវការស្រាវជ្រាវ​ និង​សរសេរ​សៀវភៅ​របាំ​ស្នា ក្នុងឆ្នាំ២០២៥ និងជួយ​ធ្វើ​ឱ្យ​រស់​ឡើងវិញ​នូវ​ទម្រង់​ល្ខោន​គែន «រឿង​សព្វ​សិទ្ធិ» ដែល​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ​ ឱម​ យុវណ្ណឌី​ ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​២០២៦

ជាមួយគ្នានេះដែរ ប្រភពដដែលបញ្ជាក់ដែរថា អ្នកគ្រូក៏មានបំណងបន្តរៀបចំ និងចងក្រងសៀវភៅល្ខោនគែន ព្រមទាំងទំនុកច្រៀងរបាំប្រពៃណី ទុកជាឯកសារសម្រាប់សិស្សានុសិស្សនៃសាលារបាំសិក្សា និងស្រាវជ្រាវបន្ត ដោយបានប្រគល់កិច្ចការដល់ខ្លួន ប៉ុន្តែបេសកកម្មដ៏មានអត្ថន័យនេះ មិនទាន់បានសម្រេចពេញលេញនៅឡើយទេ។

សាលាមធ្យមវិចិត្រសិល្បៈ សិស្សរបាំ ក៏ដូចជាសាធារណជន បានចាត់ទុកមរណភាពរបស់អ្នកគ្រូ ម៉ៅ ទិព្វមុនី គឺជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃមួយរូបរបស់វិស័យសិល្បៈវប្បធម៌កម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការអភិរក្ស បណ្តុះបណ្តាល និងបន្តវេនមរតកសិល្បៈបុរាណខ្មែរទៅកាន់យុវជនជំនាន់ក្រោយ។

ក្នុងឱកាសដ៏សែនសោកសៅនេះ សាលាមធ្យមវិចិត្រសិល្បៈ និងសិស្សជាច្រើន ក៏បានសម្តែងនូវក្តីអាឡោះអាល័យ និងឧទ្ទិសបុណ្យកុសលទាំងឡាយ ជូនដល់វិញ្ញាណក្ខន្ធអ្នកគ្រូ ម៉ៅ ទិព្វមុនី សូមបានទៅកាន់សុគតិភព និងកុំបីឃ្លៀងឃ្លាតឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម