សេចក្ដីជូនដំណឹង
ក្រុមហ៊ុន វិរៈ ប៊ុនថាំ ជួយអាជីវកម្មកម្ពុជាពង្រីកវត្តមានទៅទីផ្សារពិភពលោក តាមរយៈសេវាកម្មដឹកជញ្ជូនសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន វិរៈ ប៊ុនថាំ (VET) ដែលជាប្រតិបត្តិករដឹកជញ្ជូនឈានមុខគេមួយនៅកម្ពុជា បានសហការជាមួយក្រុមហ៊ុន Asendia Singapore ជាអ្នកផ្ដល់សេវាដឹកជញ្ជូនឆ្លងដែនរបស់ខ្លួន ក្រោមកិច្ចសហការពាណិជ្ជកម្ម សំដៅពង្រឹងសមត្ថភាពដឹកជញ្ជូនទៅអន្តរជាតិរបស់កម្ពុជា។

កិច្ចសហការនេះ មានគោលបំណងជួយគាំទ្រដល់សមត្ថភាពដឹកជញ្ជូនអន្តរជាតិថ្មីរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ព្រមទាំងជួយបើកផ្លូវឱ្យមានលំហូរខ្សែដឹកជញ្ជូនថ្មីៗជាបន្តបន្ទាប់ តាមរយៈការបំពេញបន្ថែមសមត្ថភាពប្រតិបត្តិការឱ្យគ្នាទៅវិញទៅមក ដើម្បីភ្ជាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អឺរ៉ុប និងបណ្តាប្រទេសគោលដៅជាច្រើនទៀត។
ស្របតាមទិសដៅនៃកិច្ចសហការនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ នឹងគ្រប់គ្រងលើការទទួលបញ្ញើទំនិញ និងការដឹកជញ្ជូនក្នុងស្រុក ដោយប្រើប្រាស់បណ្តាញសាខាដ៏ទូលំទូលាយនៅកម្ពុជា ខណៈដែលក្រុមហ៊ុន Asendia Singapore នឹងទទួលបន្ទុកលើខ្សែដឹកជញ្ជូនពីកម្ពុជាទៅកាន់ប្រទេសគោលដៅតាមរយៈហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទីកជុំវិញពិភពលោក ជំនាញបែបបទគយ និងប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនរបស់ខ្លួន។

ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សួរ វីរ: ប្រធាន និងជានាយកប្រតិបត្តិនៃ ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានមានប្រសាសន៍ថា «ប្រតិបត្តិការដឹកជញ្ជូនក្នុងស្រុករបស់ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គឺមានគ្រឹះយ៉ាងរឹងមាំរួចទៅហើយ ប៉ុន្តែដើម្បីបំពេញតម្រូវការជាក់ស្តែងក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនាពេលបច្ចុប្បន្ន អ្វីដែលយើងត្រូវបំពេញបន្ថែម គឺដំណោះស្រាយដឹកជញ្ជូនទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិគួរឱ្យទុកចិត្តមួយ»។
ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត បានបន្ថែមថា «ការបូកផ្សំរវាងចំណុចខ្លាំងរបស់ ក្រុមហ៊ុន វិរៈ ប៊ុនថាំ ជាមួយនឹងបណ្តាញដឹកជញ្ជូនទូទាំងពិភពលោក ព្រមទាំងជំនាញផ្នែកបែបបទគយ និងប្រតិបត្តិការប្រកបដោយបទពិសោធន៍របស់ Asendia នឹងជួយពង្រឹងជំហររបស់យើងឱ្យក្លាយជាកម្លាំងចលករដ៏សំខាន់ ដើម្បីជួយអាជីវកម្មកម្ពុជាឱ្យចូលរួមប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិប្រកបដោយភាពជឿជាក់»។
គំនិតផ្ដួចផ្ដើមនេះដែរ មិនត្រឹមតែឆ្លុះបញ្ចាំងពីគោលដៅជាតិក្នុងការពង្រឹងខ្លួនក្នុងពាណិជ្ជកម្មសកល និងសេដ្ឋកិច្ចឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទំព័រថ្មីមួយ ដែលបើកឱកាសឱ្យអាជីវកម្មក្នុងស្រុក អាចបង្ហាញវត្តមាននៅក្រៅប្រទេសផងដែរ។

លោក Senthil Kumar នាយកប្រតិបត្តិក្រុមហ៊ុន Asendia សិង្ហបុរី និងអាស៊ីខាងត្បូង បានមានប្រសាសន៍ថា «ក្រុមហ៊ុន Asendia បានប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ យើងមើលឃើញយ៉ាងច្បាស់ថា ប្រទេសកម្ពុជាគឺជាទីផ្សារមួយដែលកំពុងមានការរីកចម្រើនយ៉ាងរហ័ស ជាពិសេសលើតម្រូវការដឹកជញ្ជូនទំនិញទៅក្រៅប្រទេស សម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក»។
លោកបានបន្ថែមទៀតថា «កិច្ចសហការនេះនឹងផ្សារភ្ជាប់ឧត្តមភាពនៃប្រព័ន្ធដឹកជញ្ជូនក្នុងស្រុករបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ទៅនឹងបណ្តាញសកលដ៏ទូលំទូលាយ និងជំនាញដឹកជញ្ជូនឆ្លងដែនរបស់ Asendia ដើម្បីបង្កើតបានជាបង្អែកដ៏រឹងមាំមួយរុញច្រានឱ្យអាជីវកម្មនៅកម្ពុជាអាចបង្ហាញខ្លួនទៅកាន់ឆាកអន្តរជាតិបានយ៉ាងងាយស្រួល»។ កិច្ចសហការនេះ ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ Asendia ក្នុងការពង្រីកវិសាលភាពអាជីវកម្មទៅកាន់ទីផ្សារកំពុងអភិវឌ្ឍទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

គួរឱ្យដឹងថា កិច្ចសហការដ៏សំខាន់នេះអាចសម្រេចទៅបានក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុន Confluences ដែលបានដើរតួនាទីរៀបចំផ្សារភ្ជាប់ទំនាក់ទំនងរវាងដៃគូពាក់ព័ន្ធសំខាន់ៗនៅក្នុងវិស័យ ដែលជាផ្នែកមួយនៃបេសកកម្មស្នូលរបស់ក្រុមហ៊ុន Confluences ក្នុងការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនអន្តរជាតិ និងគាំទ្រដល់ការចូលមកវិនិយោគ ក៏ដូចជាពង្រីកប្រតិបត្តិការនៅក្នុងទីផ្សារកម្ពុជារបស់ក្រុមហ៊ុនអន្តរជាតិផងដែរ។
លោក Soreasmey Ke Bin នាយកប្រតិបត្តិក្រុមហ៊ុន Confluences បានលើកឡើងថា «កិច្ចសហការពាណិជ្ជកម្មនេះ ប្រៀបបានជាស្ពានយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលនាំកម្ពុជាឆ្ពោះទៅកាន់ការពង្រឹងជំហររបស់ខ្លួននៅលើឆាកពាណិជ្ជកម្មអន្តរជាតិ និងពាណិជ្ជកម្មអេឡិចត្រូនិក» ។


កិច្ចសហការនេះ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការធ្វើអន្តរជាតូបនីយកម្មសហគ្រាសធុនតូច និងមធ្យម និងការសម្របសម្រួលពាណិជ្ជកម្មផងដែរ។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល រួមមាន ច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១–២០៣៥ សំដៅជំរុញការធ្វើសមាហរណកម្មរបស់កម្ពុជាក្នុងផ្សារឌីជីថល ទាំងក្នុងតំបន់ និងលើសកលលោក។
បច្ចុប្បន្ន ក្រុមហ៊ុន វិរៈ ប៊ុនថាំ និង Asendia កំពុងស្ថិតក្នុងដំណាក់កាលអនុវត្តគម្រោង និងសាកល្បងប្រតិបត្តិការលើផ្លូវដឹកជញ្ជូនទៅកាន់គោលដៅនានាជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ មុននឹងឈានទៅដល់ការដាក់ឱ្យដំណើរការពេញលេញ និងជាផ្លូវការនៃសេវាកម្មដឹកជញ្ជូនអន្តរជាតិទាំងស្រុង៕

អត្ថបទពាណិជ្ជកម្ម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


