Connect with us

ជីវិតកម្សាន្ដ

មាស សុខសោភា ចេញមុខសុំទោសសម្តេចតេជោ និងក្រសួងវប្បធម៌ ព្រមទាំងមហាជន

បានផុស

នៅ

កំពូលតារាចម្រៀងអ្នកនាង មាស សុខសោភា បានចេញមុខសុំទោសសម្តេចតេជោ ហ៊ុន សែន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងមហាជនខ្មែរទូទាំងប្រទេស ហើយបានសន្យាថា នឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្តខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមុខសុំទោសរបស់តារាស្រី មាស សុខសោ នេះបន្ទាប់ពីនាងបានធ្វើការបង្ហោះចែករំលែក និងផ្សព្វផ្សាយបទ​ចម្រៀងមួយបទក្រោមចំណងជើងថា “មរណ:ភាពព្រះស្វាមី ជ័យវរ្ម័នទី៧” បង្កឲ្យមានប្រតិកម្មរិះគន់ និងវែកញែកពីមហាជន។ ក្នុងនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ក៏បានចេញសារពាក់ព័ន្ធចំពោះបទចម្រៀងនេះដែរ។

អ្នកនាង មាស សុខសោភា បានបង្ហាញខ្លឹមសារសុំទោសដូច្នេះថា “នាងខ្ញុំ មាស សុខសោភា សូមគោរពសូមទោសសម្តេចពុក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសចំពោះកំហុសឆ្គងលើខ្លឹម​សារនៃបទចម្រៀង «មរណៈភាពព្រះស្វាមីជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុងហ្វេសបុកផេក និងឆាណែលយូធូបរបស់នាងខ្ញុំ”។

មាស សុខសោភា បន្តថា នាងពិតជាមិនមានចេតនាណាមួយក្នុងការបំភ្លៃប្រវត្តិសាស្រ្តខ្មែរនោះទេ តែដោយសារតែការខ្វះចន្លោះក្នុងការសិក្សាស្វែងយល់អោយបានស៉ីជម្រៅពីប្រវត្តិសាស្រ្តខ្មែរមុននឹងផលិតបទនេះឡើងទើបធ្វើអោយមានកំហុសឆ្គងកើតមានឡើងដោយអចេតនា។ នាង និងក្រុមការងារសង្ឃឹមថា សម្តេចពុក ក្រសួងពាក់ព័ន្ធនានា ព្រមទាំង​បងប្អូនជនរួមជាតិ មេត្តាយោគយល់ និងអធ្យាស្រ័យដល់នាង។

តារាស្រីរូបនេះបញ្ជាក់ថា មកដល់ពេលនេះ នាងបានលុបទាំងស្រុងនូវវីដេអូចម្រៀងមួយបទនេះចេញពីហ្វេសបុកផេកនិងឆាណែលយូធូបរបស់នាងជាស្ថាពរហើយ។ នាងសន្យាថា ចាប់ពីថ្ងៃនេះតទៅនាងនឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្តខ្មែរព្រមទាំងផលិតបទចម្រៀងដែលលើកស្ទួយវប្បធម៌អរិយធម៌ខ្មែរជាបន្តទៀត។

អ្នកនាង មាស សុខសោភា បន្ថែមទៀតថា សូមគោរពជូនពរសម្តេចពុក និងក្រុមគ្រួសារមានសុខភាពល្អបរិបូរ កំលាំង​ពលាំមាំមួន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា អោយមានភាពរីកចំរើនបន្តទៀត និងសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជួបប្រទះតែសេចក្តីសុខចម្រើនកុំបីឃ្លាត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម