ជីវិតកម្សាន្ដ
តារាកំប្លែង ស្រីទូច ៖ «ដល់ពេលហើយ យុត្តិធម៌ត្រូវតែទទួលបានចំពោះបងប្អូន និងកូនក្មួយខ្ញុំយ៉ាងពិតប្រាកដ»
ដូចទស្សនិកជនបានដឹងហើយថា កាលពីថ្មីៗ នេះ ក្រុមគ្រួសារតារាកំប្លែងអ្នកស្រី ជុំ រស្មី ហៅ ស្រីទូច និងក្មួយស្រីតារាចម្រៀងល្បីឈ្មោះ កញ្ញា ស៊ូ ស៊ីរីកា បាននិងកំពុងតែដង្ហោយរកភាពយុត្តិធម៌ពីតុលាការ ពាក់ព័ន្ធរឿងបណ្ដាំមរតករបស់លោកស្រី កែវ មន្ថា ខណៈនីតិវិធីបានដល់ដៃតុលាការសាលាឧទ្ធរណ៍ទៅហើយ។

តារាកំប្លែងអ្នកស្រី ស្រីទូច ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា មកទល់ពេលនេះ អ្នកស្រី និងសមាជិកក្រុមគ្រួសារ បានខិតខំអស់ពីលទ្ធភាពហើយក្នុងរយៈពេលជាង ២ ឆ្នាំ មកនេះ ដើម្បីតតាំងតាមផ្លូវតុលាការជាមួយនឹងភាគីស្វាមីរបស់លោកស្រី កែវ មន្ថា ដែលមិនព្រមអនុវត្តតាមបណ្ដាំមរតក ហើយថែមទាំងបណ្ដេញសមាជិកជាកូនចៅបង្កើតរបស់លោកស្រី កែវ មន្ថា ចេញពីផ្ទះដែលធ្លាប់រស់នៅជួបជុំគ្នាតាំងពីយូរមកហើយនោះទៀតផង។
ទោះបីយ៉ាងណា តារាកំប្លែងជើងចាស់រូបនេះ ក៏បានបញ្ជាក់ប្រាប់សារព័ត៌មានកម្ពុជាថ្មីថា ពាក់ព័ន្ធរឿងរ៉ាវបណ្តឹងរបស់ អ្នកស្រី ពេលនេះ គឺបានធ្លាក់ដល់ដៃតុលាការសាលាឧទ្ធរណ៍ ខណៈអ្នកស្រីកំពុងត្រៀមខ្លួនចូលទៅបំភ្លឺនៅចុងខែមីនា ខាងមុខនេះ។ អ្នកស្រីសង្កត់ធ្ងន់ថា រឿងដែលអ្នកស្រី រួមទាំងបងប្អូនកូនចៅចង់បាន គឺសូមឲ្យមានការផ្តល់ភាពយុត្តិធម៌ចំពោះពួកគាត់ដូចមានសរសេរនៅក្នុងលិខិតបណ្តាំមរតករបស់លោកស្រី កែវ មន្ថា ដែលជាម្តាយ និងជីដូន។

អ្នកស្រី ទូច បានលើកឡើងដែរថា «ពន្លឺយុត្តិធម៌ពិតជាទទួលបានចំពោះបងប្អូន និងកូនក្មួយរបស់នាងខ្ញុំយ៉ាងពិតប្រាកដ នាងខ្ញុំសូមជម្រាបដល់មនុស្សអាត្មានិយម និងអ្នកតែស្ករទាំងអស់ ដែលនៅពីក្រោយរឿងទាំងអស់នេះ បើមិនដឹងច្បាស់ទេ ឈប់បានឈប់ទៅ គ្រាន់តែឮគេនិយាយ និងជួបមួយដងមួយកាល កុំអះអាងថាខ្លួនដឹងច្បាស់ខ្លាំងពេក ព្រោះអ្នកមិនបាននៅជិតម្ដាយខ្ញុំយប់ថ្ងៃដូចបងប្អូន កូន និងក្មួយៗ ទេ គឺអ្នកទាំងអស់នេះហើយជាសាក្សីរស់ខ្ញុំ»។
អ្នកស្រីបន្តថា «នៅមានភស្តុតាងច្រើនណាស់ដែលត្រូវបង្ហាញ និងបំភ្លឺ គឺដល់ពេលហើយ ដើម្បីឲ្យអ្នកដែលស៊ូស្លាប់ដើម្បីទ្រព្យម្ដាយខ្ញុំ និងចំណែករបស់បងប្អូនកូនក្មួយខ្ញុំ ក៏សូមឈប់ បើមិនចង់ល្បី ព្រោះអ្នកដែលនៅពីក្រោយរឿងនេះ ខ្ញុំដឹង និងស្គាល់អស់ហើយថាជាបណ្ដាញរបស់អ្នកណាខ្លះ គឺខ្ញុំលែងខ្សឹបទៀតហើយ គឺខ្ញុំស្រែកដើម្បីឲ្យមហាជនដឹងថា អ្វីជាអ្វី មិនអាចនៅបាំងក្នុងជញ្ជាំងទៀតទេ ទឹកដល់ច្រមុះហើយ»។

ដោយឡែកពាក់ព័ន្ធរឿងបណ្តឹងព្រហ្មទណ្ឌ តារាកំប្លែង ស្រីទូច បញ្ជាក់ថា ព្រះរាជអាជ្ញាចាត់ទុកអត់បានការ ហើយក៏បានចេញសេចក្តីច្រានចោលថា សំណុំរឿងនេះពុំមែនជាសំណុំរឿងព្រហ្មទណ្ឌទេ គឺជាសំណុំរឿងរដ្ឋប្បវេណី។ តារាកំប្លែង រូបនេះបន្តថា ចំណែករឿងទៅសាលាឧទ្ធរណ៍ អ្នកស្រី អត់ទាន់ទទួលបានដីកាតម្កល់របស់សាលាឧទ្ធរណ៍ទេ ហេតុអ្វីបានជាមាននៅក្នុងសំណុំរឿងរដ្ឋប្បវេណីរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងដីកាសម្រេច(សំណុំរឿងតម្កល់សាលាឧទ្ធរណ៍) ព្រោះ អ្នកស្រី អត់ទាន់បានទទួលទេ ហេតុនេះសូមបដិសេធន៍។
តារាកំប្លែង ស្រីទូច បាននិយាយទៀតថា «ចំណែករឿងបណ្តាំមរតករបស់ម្តាយខ្ញុំ គឺ លោកស្រី កែវ មន្ថា បានប្រកាសបែងចែកតាមរយៈមេធាវីមរតកនៅក្នុងផ្ទះម្តាយខ្ញុំរស់នៅ(កាលនៅមានជីវិត) អាសយដ្ឋានផ្ទះលេខ ៦ ផ្លូវលេខ ៥៥៤ ភូមិ ១០ សង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយពេលនោះគឺមានទាយាទទាំងអស់មកទទួលស្តាប់ដឹងឮទាំងអស់គ្នានៅក្នុងផ្ទះដែលម្តាយខ្ញុំធ្លាប់រស់នៅទីនោះ និងក៏មានលិខិតបញ្ជាក់ពីមេធាវីមរតកចេញសេចក្តីបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់សាលាដំបូងរាជធានីភ្នំពេញ ដោយបញ្ជាក់ថា ម្តាយខ្ញុំ បានធ្វើបណ្តាំមរតកដោយមានឆន្ទៈពិតប្រាកដទៅឲ្យកូនៗ និងចៅ ដែលជាទាយាទទទួលស្តាប់ទាំងអស់គ្នា»។

តារាកំប្លែង ជុំ រស្មី ហៅ ស្រីទូច បញ្ជាក់ទៀតថា «អ្វីដែលសំខាន់គឺពេលនេះបងប្អូន និងកូនក្មួយខ្ញុំត្រូវការភាពយុត្តិធម៌តាមរយៈការតវ៉ាទាមទារនូវការបែងចែកផ្ទះចំនួន ២ កន្លែងទៀត ដែលមានអាសយដ្ឋានផ្ទះលេខ ៦ ផ្លូវលេខ ៥៥៤ ភូមិ ១០ សង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក និងផ្ទះលេខ ៧D+CE0E1 ផ្លូវលេខ ១៣៨ ក្រុម ៣១ ភូមិ ៥ សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ដើម្បីកាត់មកឲ្យបងប្អូនកូនក្មួយដែលជាសមាជិកគ្រួសារខ្ញុំវិញ ទោះបីផ្ទះ ២ កន្លែងនោះ ត្រូវបានកាត់ទៅឲ្យភាគីម្ខាងទៀត(សុត សំអាល់ និង សុត សំអៀត) ហើយក្តី ព្រោះថាទ្រព្យសម្បត្តិទាំងនោះត្រូវតែបែងចែកទៅតាមបណ្តាំមរតករបស់អ្នកម្តាយ កែវ មន្ថា ដែលបានតម្កល់ទុកសម្រាប់កូនៗ និងចៅៗ របស់គាត់»។
អ្នកស្រីលើកឡើងថា ចំពោះផ្ទះពីរដែលបានផ្ទេរសិទ្ធទៅឲ្យឈ្មោះ សុត សំអាល់ និង សុត សំអៀត នោះ គឺពុំបានទទួលស្គាល់ដឹងឮពីបងប្អូន និងសមាជិកក្រុមគ្រួសារអ្នកស្រីឡើយ ពោលគឺមិនមានការផ្តិតមេដៃដឹងឮ ឬទទួលស្គាល់ទេ(ធ្វើឡើងក្រោយបណ្តាំមរតកដែលបានប្រកាសថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២)។ ម្យ៉ាងទៀត អ្នកស្រី ថា មុនអ្នកម្តាយ កែវ មន្ថា ទទួលមរណភាព គឺមានបណ្តឹងលែងលះជាមួយស្វាមីក្រោយគាត់ជាច្រើនលើកច្រើនសា ដោយសារបញ្ហាមិនព្រមលក់ផ្ទះ ប៉ុន្តែដោយមានការអង្វរពីកូនៗ ក៏ត្រូវរ៉ូវគ្នាវិញ។

តារាកំប្លែងអ្នកស្រី ទូច បានបន្ថែមថា គិតរហូតមកដល់ពេលនេះ អ្នកស្រី នៅមិនទាន់ទទួលបានដំណោះស្រាយតាមផ្លូវច្បាប់ណាមួយដែលស្របនឹងឆន្ទៈរបស់មរតកលោកស្រី កែវ មន្ថា ឬ ដំណោះស្រាយណាមួយសមរម្យដែលរូបអ្នកស្រី និងសមាជិកគ្រួសារទាំងអស់អាចទទួលយកបាននៅឡើយនោះទេ ស្របពេលសំណុំរឿងនេះកំពុងនៅក្នុងដៃរបស់សាលាឧទ្ធរណ៍។
តារាកំប្លែងអ្នកស្រី ជុំ រស្មី ហៅ ស្រីទូច ក៏បានស្នើសុំឲ្យសាលាឧទ្ធរណ៍ជួយពិនិត្យសំណុំរឿងនេះ និងផ្តល់ភាពយុត្តិធម៌សម្រាប់អ្នកស្រី និងសមាជិកគ្រួសារផង ខណៈអ្នកស្រីកំពុងត្រៀមឡើងទៅក្នុងពេលឆាប់ៗ នេះ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


