Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកអនុម័ត​ការ​លក់​យោធា​​៣៣៩លានដុល្លារ​ឲ្យតៃវ៉ាន់ជាលើកដំបូង ក្រោម​រដ្ឋបាលត្រាំ

បានផុស

នៅ

មន្ទីរបញ្ចកោណបានប្រកាសកាលពីយប់ថ្ងៃព្រហស្បតិ៍​ទី​១៣​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​ថា សហរដ្ឋអាមេរិកយល់ព្រមលក់គ្រឿងបន្លាស់យន្តហោះចម្បាំងតម្លៃ​៣៣០​លានដុល្លារ​ដល់​កោះ​តៃវ៉ាន់។ វាគឺជាប្រតិបត្តិការអាវុធដ៏មានសក្តានុពលលើកដំបូងជាមួយទីក្រុងតៃប៉ិ ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលកាន់តំណែងកាល​ពី​ដើម​ឆ្នាំ​២០២៥។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមន្ទីរបញ្ចកោណ ការលក់នេះនឹងជួយ​ឲ្យ​កោះតៃវ៉ាន់រក្សាការត្រៀមខ្លួនសម្រាប់យន្តហោះចម្បាំង F-16 យន្តហោះដឹកជញ្ជូន C-130 និងយន្តហោះយោធាផ្សេងទៀត ដោយបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត។

ចិន​ដែល​ទាមទារ​កោះ​តៃវ៉ាន់​ជា​ទឹកដី​របស់ខ្លួន មិនបាន​ច្រានចោល​ការប្រើ​កម្លាំង​ដើម្បី​យក​កោះ​នេះ​មក​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន​នោះទេ។ តៃវ៉ាន់​បដិសេធ​ការ​អះអាង​របស់​ក្រុង​ប៉េកាំង ហើយ​ទទូច​ថា​ មានតែ​ប្រជាជន​ខ្លួន​​​ប៉ុណ្ណោះ​​ដែល​​គួរ​សម្រេច​​ជោគវាសនា​​កោះ​នេះ។

លោកត្រាំ​ បាននិយាយកាលពីពេលថ្មីៗនេះថា ប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រាប់គាត់ថា ប្រទេសចិននឹងមិនឈ្លានពានកោះតៃវ៉ាន់ទេ ខណៈពេលដែលរដ្ឋបាល​លោកត្រាំ​កំពុងកាន់តំណែង។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាង​លោកត្រាំ និងលោកស៊ី នៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីចុងខែមុន ក្នុងគោលបំណងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

សហរដ្ឋអាមេរិករក្សាទំនាក់ទំនងការទូតជាផ្លូវការជាមួយទីក្រុងប៉េកាំង ប៉ុន្តែនៅតែបន្តមានទំនាក់ទំនងក្រៅផ្លូវការជាមួយតៃវ៉ាន់ ដែលពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោនជាអ្នកផ្គត់ផ្គង់អាវុធ​ដ៏​សំខាន់របស់ខ្លួន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម