Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីប្រាប់ថា ផែនការសន្តិភាពថ្មីរបស់​អ៊ុយក្រែន «ខុសគ្នាស្រឡះ» ពីក្របខ័ណ្ឌមុនៗ

បានផុស

នៅ

កាលពីថ្ងៃសុក្រ​ទី​២៦​ខែ​ធ្នូ​ឆ្នាំ​២០២៥ ប្រទេសរុស្ស៊ីបាននិយាយថា សំណើសន្តិភាពដែលបានកែសម្រួល និងគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន «មានភាពខុសគ្នាស្រឡះ» ពីក្របខ័ណ្ឌមុនៗដែលបានពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន ដោយបានចោទប្រកាន់ទីក្រុងកៀវ​ និងសម្ព័ន្ធមិត្តអឺរ៉ុបថាបានព្យាយាមរារាំងការចរចា។

លោក Sergei Ryabkov (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានមានប្រសាសន៍ថា ផែនការថ្មីបំផុត ដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវបានរំពឹងថានឹងពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅរដ្ឋផ្លរីដានាចុងសប្តាហ៍នេះ គឺខុសគ្នាឆ្ងាយពីសំណើនានាដែលទីក្រុងមូស្គូបានពិនិត្យមើលកាលពីមុន។

លោក Ryabkov បាននិយាយនៅលើទូរទស្សន៍រុស្ស៊ីថា «សមត្ថភាពរបស់យើងក្នុងការឈានទៅដល់កិច្ចព្រមព្រៀង នឹងអាស្រ័យលើឆន្ទៈនយោបាយរបស់ភាគីម្ខាងទៀត» ដោយលោកបានបន្ថែមថា សេចក្តីព្រាងបច្ចុប្បន្នលែងឆ្លុះបញ្ចាំងពីការយោគយល់គ្នាដែលបានឈានដល់កាលពីមុន ក្នុងការចរចាជាមួយ​អាមេរិកទៀតហើយ។

លោកហ្សេលេនស្គី បានលើក​ឡើង​ថា អ៊ុយក្រែន និង​អាមេរិកបានឯកភាពគ្នាលើធាតុផ្សំមួយចំនួននៃក្របខ័ណ្ឌ​២០​ចំណុចដែលបានកែសម្រួល ប៉ុន្តែបញ្ហារសើបនានា រួមទាំងការគ្រប់គ្រងទឹកដីនៅភាគខាងកើតអ៊ុយក្រែន និងការធានាសន្តិសុខ នៅតែមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបញ្ជាក់ថា លោកនឹងដាក់​ឲ្យ​មាន​ការ​ធ្វើ​ប្រជាមតិ​លើ​កិច្ចព្រមព្រៀងចុងក្រោយណាមួយដែលពាក់ព័ន្ធនឹងការបោះបង់ទឹកដី បើ​វាជា​ការ​សម្រេចចិត្ត​ដ៏លំបាក​ខ្លាំង​មិន​អាច​ដោះស្រាយ​ចេញ។ មួយ​វិញ​ទៀត លោក​ថា បទ​ឈប់បាញ់យ៉ាងហោចណាស់៦០ថ្ងៃនឹង​ក្លាយ​ជា​រឿង​ចាំបាច់ ប្រសិន​បើ​មាន​ការ​បោះឆ្នោត​ប្រជាមតិ​មែន។

ទីក្រុងមូស្គូបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ការដោះស្រាយណាមួយត្រូវតែទទួលស្គាល់នូវអ្វីដែលខ្លួនហៅថា «តថភាពជាក់ស្តែងនៅលើទឹកដី» រួមទាំងការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់​ដែលខ្លួន​កំពុងកាន់កាប់ ដែលជាការទាមទារដែលទីក្រុងកៀវ​បន្តបដិសេធ​ជានិច្ចកាល៕

ប្រែសម្រួល៖​ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម