Connect with us

ព័ត៌មានអន្ដរជាតិ

អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានរកឃើញថាមានទោសពីបទបះបោរ

បានផុស

នៅ

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នា​ថ្ងៃព្រហស្បតិ៍​ទី​១៩​ខែ​កុម្ភៈ​ឆ្នាំ​២០២៦​នេះ ត្រូវបានតុលាការរកឃើញថាមានទោស​​ពីបទដឹកនាំការបះបោរ ក្នុងអំឡុងពេលនៃការប្រកាសច្បាប់អាជ្ញាសឹកក្នុងរយៈពេលខ្លីកាលពីចុងឆ្នាំ​២០២៤។

លោក Yoon Suk Yeol (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម CNN ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក Ji Gwi-yeon បានសម្រេចថា ការប្រកាសរបស់លោក Yoon កាលពីថ្ងៃទី៣ធ្នូ ដែលមានការប្រើប្រាស់កងទ័ពប្រដាប់អាវុធ និងឧទ្ធម្ភាគចក្រដើម្បីសម្រុកចូលសភា គឺជាការប៉ុនប៉ងយ៉ាងច្បាស់ក្នុងការធ្វើ​ឲ្យ​ស្ថាប័ននីតិបញ្ញត្តិលែងដំណើរការ និងដើម្បីចាប់ខ្លួនគូប្រជែងនយោបាយ។ តុលាការក៏បានរកឃើញថា អតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun មានទោសផងដែរ ចំពោះតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តបទបញ្ជាយោធានេះ។

សាលក្រមនេះធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍ដ៏ច្របូកច្របល់ក្នុងឆ្នាំ២០២៤ នៅពេលដែលលោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកតាមកញ្ចក់ទូរទស្សន៍ទាំងកណ្តាលអាធ្រាត្រ ដោយលើកឡើងពីវត្តមាន «កម្លាំងប្រឆាំងរដ្ឋ» ដែលគាំទ្រកូរ៉េខាងជើង។ បទបញ្ជានេះត្រូវបានលុបចោលវិញក្នុងរយៈពេល៦ម៉ោង បន្ទាប់ពីពលរដ្ឋ និងសមាជិកសភាបាននាំគ្នាខ្ទប់ច្រកចូលសភា ហើយបោះឆ្នោតជាឯកច្ឆន្ទដើម្បីរារាំងបទបញ្ជានោះ។ ចៅក្រមបានកត់សម្គាល់ថា ចេតនារបស់លោក Yoon គឺចង់ចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង និងសូម្បីតែមេដឹកនាំគណបក្សកាន់អំណាចរបស់លោកផ្ទាល់ គឺលោក Han Dong-hoon។

ទោះបីជាកូរ៉េខាងត្បូងបានក្លាយជាប្រទេសប្រជាធិបតេយ្យដ៏រឹងមាំ និងជាកម្លាំងសេដ្ឋកិច្ចពិភពលោកចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០ក៏ដោយ ក៏ករណីនេះបានបង្ហាញពីភាពបែកបាក់យ៉ាងជ្រៅនៅក្នុងឆាកនយោបាយផ្ទៃក្នុង។ ក្រុមអ្នកគាំទ្រលោក Yoon បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការក្រុងសេអ៊ូល ដើម្បីតាមដានការផ្សាយផ្ទាល់នៃសវនាការនេះ។ សេចក្តីសម្រេចរបស់តុលាការបានបញ្ជាក់ថា សកម្មភាពបញ្ជូនកងទ័ពប្រដាប់អាវុធទៅកាន់វិមានសភា គឺជាទង្វើបះបោរដែលធ្វើ​ឲ្យ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សសរស្តម្ភប្រជាធិបតេយ្យរបស់ជាតិ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម