Connect with us

ព័ត៌មានអន្ដរជាតិ

​​ប្រធានាធិបតី​​កូរ៉េខាងត្បូង​បង្ហាញ​ជំហរ​ទន់ភ្លន់​​សំដៅ​កូរ៉េខាងជើង ចំពេល​​ពិភពលោក​កំពុងក្តៅ​​​​

បានផុស

នៅ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក ​លី ជេ ម្យុង (Lee Jae Myung) បាន​​​សម្តែង​ការសោកស្តាយ​សំដៅ​​ទីក្រុងព្យុងយ៉ាង ចំពោះ​យន្តហោះដ្រូន​កូរ៉េខាងត្បូង​​ ហោះ​​ឆ្លងកាត់ព្រំដែនទៅកូរ៉េខាងជើងកាលពីដើមឆ្នាំនេះ ដោយហៅថា ​ឧបទ្ទវហេតុ​នោះ​ថាជា សកម្មភាព «​​ខ្វះ​ការ​ប្រុងប្រយ័ត្ន​​​»។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៦។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី​ បាន​លើក​ឡើង​​នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា «ទោះបីជាវាមិនមែនជាចេតនារបស់រដ្ឋាភិបាលយើងក៏ដោយ តែយើងសូមសម្តែងការសោកស្តាយចំពោះកូរ៉េខាងជើង ចំពោះភាពតានតឹងយោធាដែលមិនចាំបាច់ ដែលបណ្តាលមកពីសកម្មភាពមិនទទួលខុសត្រូវ និងមិនប្រុងប្រយ័ត្នរបស់បុគ្គលមួយចំនួន»។

ប្រធានាធិបតី​ លី បាននិយាយថា ការស៊ើបអង្កេតរបស់អាជ្ញាធរកូរ៉េខាងត្បូង បានរកឃើញថា បុគ្គលិកនៃ​អង្គភាព​ស៊ើបការណ៍សម្ងាត់ជាតិ (NIS) និងមន្ត្រីយោធាដែលកំពុងបំពេញកាតព្វកិច្ចម្នាក់ បានជាប់ពាក់ព័ន្ធនឹងករណីនេះ។ រដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង ហាមឃាត់បុគ្គលឯកជនពីការធ្វើសកម្មភាពដែលអាច «ញុះញង់កូរ៉េខាងជើង»។

លោក​លើក​ឡើង​ថា «កម្មភាពបែបនេះ សូម្បីតែនៅពេលដែលចាត់ទុកថា ចាំបាច់សម្រាប់យុទ្ធសាស្ត្រជាតិក៏ដោយ ក៏ត្រូវតែចាត់វិធានការដោយប្រុងប្រយ័ត្នបំផុតដែរ»។

ទីក្រុងព្យុងយ៉ាង កាលពីខែមករាបានអះអាងថា យន្តហោះដ្រូនដែលបញ្ជូនមកពីកូរ៉េខាងត្បូង បានរំលោភលើដែនអាកាសរបស់ខ្លួន ដោយចោទប្រកាន់ទីក្រុងសេអ៊ូល «ពីបទញុះញង់ធ្ងន់ធ្ងរ» និងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះទាំងនោះ។ យ៉ាងណា ភាគីកូរ៉េខាងត្បូងបានបដិសេធការជាប់ពាក់ព័ន្ធរបស់យោធាណាមួយ ហើយបានបើកការស៊ើបអង្កេតរួមគ្នារវាងយោធា និងប៉ូលិស ដែលនាំឲ្យព្រះរាជអាជ្ញាចោទប្រកាន់បុរសកូរ៉េខាងត្បូងម្នាក់អាយុ ៣០ ឆ្នាំពីបទចោទប្រកាន់រួម ទាំងការរំលោភលើច្បាប់អាកាសចរណ៍ និងសន្តិសុខជាតិលើការហោះហើរយន្តហោះដ្រូនដោយគ្មានការអនុញ្ញាត ។

ប្រធានាធិបតី​កូរ៉េខាងត្បូង​ នាពេលកន្លងមក បានព្យាយាមជួសជុលទំនាក់ទំនងជាមួយកូរ៉េខាងជើង ចាប់តាំងពីឡើងកាន់​តំណែងកាលពីឆ្នាំមុន ដោយរិះគន់អ្នកកាន់តំណែងមុនរបស់លោក ចំពោះការបញ្ជូនយន្តហោះដ្រូន ដើម្បីផ្សព្វផ្សាយឃោសនាលើទីក្រុងព្យុងយ៉ាង។ ទោះជាយ៉ាងនេះក្ដី ការប៉ុនប៉ងម្តងហើយម្តងទៀតរបស់លោក មិនត្រូវបានកូរ៉េខាងជើងឆ្លើយតបឡើយ។ ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុងព្យុងយ៉ាងបែរជាប្រកាសថា កូរ៉េខាងត្បូងជារដ្ឋដែលមាន «អរិភាពបំផុតរបស់ខ្លួន»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម