Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកបន្តបាញ់កម្ទេចទូកសង្ស័យដឹកគ្រឿងញៀននៅ​ការីប៊ីន ស្លាប់​មនុស្ស​៣នាក់ទៀត

បានផុស

នៅ

ថ្វីដ្បិត​កំពុងជាប់ដៃក្នុងសង្គ្រាមដ៏តានតឹងជាមួយប្រទេសអ៊ីរ៉ង់ក៏ដោយ ក៏រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តយុទ្ធនាការយោធាយ៉ាងក្តៅគគុកនៅតំបន់អាមេរិកឡាទីន ដោយកាលពីថ្ងៃអាទិត្យ​ទី​១៩មេសា កងទ័ពអាមេរិកបានបើកការវាយប្រហារលើទូកមួយគ្រឿងទៀតនៅសមុទ្រការីប៊ីន បណ្តាលឲ្យ​មនុស្ស​៣​នាក់បាត់បង់ជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់ NBC នា​ថ្ងៃទី​២០​មេសា យុទ្ធនាការបាញ់កម្ទេចទូក​ដែលសង្ស័យថាដឹកជញ្ជូនគ្រឿងញៀន បានចាប់ផ្តើមតាំងពីដើមខែកញ្ញា​ឆ្នាំ​មុន​មកម៉្លេះ ហើយរហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់យ៉ាងហោចណាស់ ១៨១នាក់ហើយ។

រដ្ឋបាលលោកត្រាំ បានចាត់ទុកសកម្មភាពទាំងនេះថាជាវិធានការចាំបាច់ដើម្បីកម្ចាត់ «ភេរវកម្មគ្រឿងញៀន» ដែលលោកជឿថាជាប្រភពនៃមហន្តរាយគ្រឿងញៀនដែលកំពុងសម្លាប់ជនជាតិអាមេរិកជារៀងរាល់ថ្ងៃ។ លោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងជម្លោះប្រដាប់អាវុធ ជាមួយក្រុមឈ្មួញគ្រឿងញៀនក្នុងតំបន់អាមេរិកឡាទីន។ ក្នុងវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម X កងទ័ពអាមេរិកបានបង្ហាញ​ឲ្យ​ឃើញពីទូកមួយគ្រឿងដែលកំពុងធ្វើដំណើរលើទឹក រួចក៏ត្រូវរងការផ្ទុះយ៉ាងខ្លាំងក្លាត្រឹមតែមួយប៉ព្រិចភ្នែក ក្លាយជាដុំភ្លើងដ៏សន្ធោសន្ធៅចំកណ្តាលផ្ទៃសមុទ្រ។

ទោះជាយ៉ាងណា យុទ្ធនាការនេះកំពុងរងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានខាងក្រៅ ខណៈដែលភាគីកងទ័ពមិនទាន់បានបង្ហាញភស្តុតាងច្បាស់លាស់ថា តើទូក​ដែលរងការបាញ់កម្ទេចទាំងនោះពិតជាមានផ្ទុកគ្រឿងញៀនមែនឬយ៉ាងណា។ ស្របពេលជាមួយគ្នា សហរដ្ឋអាមេរិកក៏បានបង្កើនវត្តមានយោធាដ៏ធំបំផុតរបស់ខ្លួននៅក្នុងតំបន់នេះក្នុងរយៈពេលរាប់ទសវត្សរ៍មកហើយ ជាពិសេសបន្ទាប់ពីប្រតិបត្តិការចាប់ខ្លួនអតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolás Maduro កាលពីខែមករា ដើម្បីយកមកកាត់ទោសនៅទីក្រុងញូវយ៉កពីបទជួញដូរគ្រឿងញៀន ដែលលោកបានបដិសេធរាល់ការចោទប្រកាន់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម