ព័ត៌មានអន្ដរជាតិ
Mark Carney៖ ទំនាក់ទំនងសេដ្ឋកិច្ចកាណាដានិងអាមេរិក ធ្លាក់ដល់ចំណុចខ្សោយ
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានលើកឡើងនៅថ្ងៃទី២០មេសា ថា បន្ទាប់ពីភាពជាដៃគូជាមួយសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍មក ទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធរវាងប្រទេសទាំងពីរឥឡូវនេះបានធ្លាក់ដល់«ចំណុចខ្សោយ» ដែលត្រូវការកែសម្រួល។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Carney បានអត្ថាធិប្បាយលើទំនាក់ទំនងទ្វេភាគីនៅក្នុងវីដេអូមួយថា ៖«អាមេរិកបានផ្លាស់ប្តូរគោលជំហររបស់ខ្លួនលើវិស័យពាណិជ្ជកម្មជាមូលដ្ឋាន ដោយដំឡើងពន្ធដល់កម្រិតដែលយើងបានឃើញ ធ្លាប់តែកើតឡើងក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចដ៏ធំ (នៅចុងទសវត្សរ៍ឆ្នាំ ១៩៣០)។ ចំណុចខ្លាំងជាច្រើនរបស់កាណាដាពីមុន ដោយផ្អែកលើទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួនជាមួយអាមេរិក ឥឡូវនេះបានក្លាយជាចំណុចខ្សោយ ហើយយើងត្រូវយកឈ្នះលើចំណុចខ្សោយទាំងនេះ»។
នាយករដ្ឋមន្ត្រីកាណាដា បានបន្ថែមទៀត ថា កាណាដា មិនអាចគ្រប់គ្រងការរំខានពីប្រទេសជិតខាងរបស់ខ្លួនបានទេ ហើយកាណាដាក៏មិនអាចដាក់អនាគតរបស់ខ្លួន ដោយសង្ឃឹមថា ស្ថានភាពនឹងមានស្ថេរភាពក្នុងពេលឆាប់ៗនេះដែរ។ ជាក់ស្ដែងប្រទេសនេះត្រូវកំណត់គោលដៅមិនពឹងផ្អែកលើប្រទេសណាមួយហួសហេតុពេកទេ ចំពេលមានបរិបទថា ពិភពលោកកំពុងតែមានគ្រោះថ្នាក់ និងបែកបាក់។ ហេតុដូច្នេះ លោកនឹងធ្វើបច្ចុប្បន្នភាពជាប្រចាំដល់ប្រជាជន អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការពង្រឹងសេដ្ឋកិច្ច និងការពារអធិបតេយ្យភាព។
នាយករដ្ឋមន្ត្រីកាណាដាដែលមិនចុះញ៉មនឹងការគំរាមរបស់លោក ដូណាល់ ត្រាំ ក៏បានដាក់ក្ដីសង្ឃឹមថា អាមេរិកនឹងវិលត្រឡប់ទៅរកភាពប្រក្រតីវិញ ដោយមិនអាចត្រូវបានចាត់ទុកថា អ្វីដែលរដ្ឋបាលត្រាំធ្វើនោះជាយុទ្ធសាស្ត្រដែលអាចធ្វើទៅបាននោះទេ ផ្ទុយទៅវិញ កាណាដាត្រូវកសាងប្រទេសឲ្យរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការប្រែប្រួលពីខាងក្រៅ។
យ៉ាងណាមិញ ទំនាក់ទំនងសហរដ្ឋអាមេរិក-កាណាដាកំពុងជួបប្រទះនឹងភាពចលាចលជាច្រើន ក្រោយការធ្វើសមាហរណកម្មសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅអស់រយៈពេលជាច្រើនទសវត្សរ៍ និង បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ពន្ធជាច្រើនលើគូប្រជែង រួមទាំងសម្ព័ន្ធមិត្ត ដែលរំខានដល់ពាណិជ្ជកម្មពិភពលោក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


