Connect with us

ព័ត៌មានអន្ដរជាតិ

លីបង់ និងអ៊ីស្រាអែល ត្រៀម​ចរចាគ្នាជាថ្មី ក្រោមក្រសែភ្នែកតាមដានពី​ហេសបូឡា

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ពិភពលោកនឹង​ត្រូវ​ផ្ដោត​ការ​ចាប់​អារម្មណ៍ទៅលើជំនួបដ៏សំខាន់មួយរវាងប្រទេសអ៊ីស្រាអែល និង​ប្រទេស​លីបង់។ កិច្ចពិភាក្សានេះត្រូវបានរៀបចំឡើងដោយក្រសួងការបរទេសអាមេរិក ដែលនឹងនាំយកអង្គទូតនៃប្រទេសទាំងពីរមកអង្គុយតុជាមួយគ្នា ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការបន្តបទឈប់បាញ់ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីបានអនុវត្តតាំងពីថ្ងៃសុក្រសប្តាហ៍មុន។

ក្រុម​ហេសបូឡា (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​សារព័ត៌មាន Al Jazeera ចុះផ្សាយ​​ថ្ងៃ​​អង្គារ​ទី​២១​មេសា​នេះ បរិយាកាសនយោបាយនៅក្នុងប្រទេសលីបង់ហាក់​នៅ​មានភាពរកាំរកូស ដោយសារក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា បានចេញមុខ​បង្ហាញជំហរប្រឆាំងនឹងការចរចាផ្ទាល់ជាមួយអ៊ីស្រាអែល។ សម្រាប់ក្រុមនេះ ការចរចាបែបនេះគឺជាការបន្ទាបខ្លួន និងជាការផ្តល់ប្រយោជន៍ឲ្យ​អ៊ីស្រាអែលដោយទទេៗ។ ក្រុមហេសបូឡាយល់ឃើញថា រដ្ឋាភិបាលលីបង់មិនមានអំណាចគ្រប់គ្រាន់ក្នុងការតតាំងជាមួយអ៊ីស្រាអែលឡើយ ហើយថែមទាំងបារម្ភថា អ៊ីស្រាអែលកំពុងព្យាយាមដាក់សម្ពាធឲ្យ​ពួកគេរំសាយអាវុធទៀតផង។ អ្វីដែលក្រុមនេះចង់បាន គឺចង់ឲ្យ​លីបង់ភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីបង្កើនឥទ្ធិពល និងអំណាចក្នុងការចរចាជាមួយអ៊ីស្រាអែលឲ្យ​កាន់តែរឹងមាំ។

ងាកមកមើលខាងរដ្ឋាភិបាលលីបង់វិញ លោកប្រធានាធិបតី Joseph Aoun បានចាត់វិធានការយ៉ាងរហ័ស ដោយបានតែងតាំងអ្នកចរចាតំណាងឲ្យ​ប្រទេសលីបង់ជាផ្លូវការរួចរាល់ហើយ។ លោកបានសង្កត់ធ្ងន់យ៉ាងច្បាស់ថា មានតែរដ្ឋាភិបាលលីបង់តែមួយគត់ ដែលមានសិទ្ធិស្របច្បាប់ក្នុងការចរចាតំណាងឲ្យ​ជាតិ ដោយមិនអនុញ្ញាតឲ្យ​ក្រុមណាមួយមកធ្វើជំនួសឡើយ។

គួរបញ្ជាក់ផងដែរថា ជំនួបនៅថ្ងៃព្រហស្បតិ៍នេះ គ្រាន់តែជាកិច្ចប្រជុំត្រៀមលក្ខណៈបឋមប៉ុណ្ណោះ មិនទាន់ឈានដល់ការចរចាសន្តិភាពជាផ្លូវការពេញលេញនៅឡើយទេ។ គោលដៅចម្បងបំផុតនៅពេលនេះ គឺធ្វើកិច្ចការយ៉ាងណាដើម្បីរក្សាសន្តិភាពបណ្តោះអាសន្ន និងការពារកុំឲ្យ​មានការផ្ទុះអាវុធឡើងវិញ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់បច្ចុប្បន្នផុតកំណត់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម