Connect with us

ព័ត៌មានអន្ដរជាតិ

ក្នុងអ៊ីម៉ែលបែកធ្លាយ! អាមេរិក ចង់ដកអេស្ប៉ាញ ចេញពីណាតូ ដោយសារ «ពិបាកនិយាយគ្នាពេក»

បានផុស

នៅ

យោងតាមអ៊ីម៉ែលបែកធ្លាយ ដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រ យកមកផ្សាយលាតត្រដាងបានបង្ហាញថា សហរដ្ឋអាមេរិក ចង់ដកប្រទេសអេស្ប៉ាញចេញពីអង្គការណាតូ ព្រោះតែភាពរកាំរកូស និងការមិនពេញចិត្ត ចំពោះទង្វើរបស់រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ពាក់ព័ន្ធបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ ដោយទីក្រុងវ៉ាស៊ីនតោន និយាយចំៗថា អេស្ប៉ាញ ពិបាកនិយាយគ្នាពេក។

ទង់ជាតិអេស្ប៉ាញ និងទង់អង្គការណាតូ (រូប៖ ណាតូ)

តាមសេចក្តីរាយការណ៍ កាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ មន្ទីរបញ្ចកោណ បានបង្ហើបពីវិធានការដាក់ទណ្ឌកម្មប្រទេសទាំយឡាយណា ដែលមិនគាំទ្រខ្លួនសម្រាប់សង្គ្រាមមជ្ឈិមបូព៌ា ដោយក្នុងនោះ អេស្ប៉ាញ គឺជាមុខសញ្ញាធំជាងគេ។

អ៊ីម៉ែលបែកធ្លាយនោះបង្ហាញថា ក្នុងចំណោមវិធានការក្តៅរួមមាន ការព្យួរតំណែងប្រទេសដែលពិបាកនិយាយគ្នា ពីតួនាទីសំខាន់ៗនៅក្នុងប្លុកណាតូ ក៏ដូចជាការដកសមាជិកភាពរបស់អេស្ប៉ាញ ជាបណ្តោះអាសន្នផងដែរ។

ពេលអាមេរិកនិងអ៊ីរ៉ង់ផ្ទុះសង្គ្រាមខ្លាំង មានប្រទេសអឺរ៉ុបមួយចំនួន បានបដិសេធឲ្យលោក ដូណាល់ ត្រាំ ប្រើទឹកដីរបស់ពួកគេ ធ្វើជាមូលដ្ឋានសម្រាប់វាយប្រហារទីក្រុងតេហេរ៉ង់ ខណៈប្រទេសដែលចេញមុខជំទាស់ខ្លាំងជាងគេ គឺអេស្ប៉ាញនេះតែម្តង។

លោក ដូណាល់ ត្រាំ (រូប៖ Reuters)

ឆ្លើយតបទៅការគំរាមនេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sánchez អះអាងថា៖ «អេស្ប៉ាញគឺជាដៃគូដ៏ស្មោះត្រង់របស់ណាតូ ប៉ុន្តែរាល់សកម្មភាពយោធា ត្រូវតែធ្វើឡើងនៅក្នុង ក្របខ័ណ្ឌច្បាប់អន្តរជាតិ។ រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ធ្វើការផ្អែកលើឯកសារផ្លូវការ មិនមែនផ្អែកលើសារអ៊ីមែលដែលលេចធ្លាយនោះទេ»។

ជុំវិញរឿងនេះដែរ អ្នកជំនាញផ្នែកច្បាប់ កត់សម្គាល់ថា សន្ធិសញ្ញាបង្កើតអង្គការណាតូ មិនមានយន្តការ សម្រាប់ការព្យួរ ឬការបណ្ដេញសមាជិកចេញនោះទេ។ ដូច្នេះ ការគំរាមកំហែងរបស់អាមេរិក អាចគ្រាន់តែជាសម្ពាធផ្នែកនយោបាយ ដើម្បីបង្ខំឲ្យអេស្ប៉ាញ និងប្រទេសផ្សេងទៀត ផ្លាស់ប្តូរជំហរប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម