Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្រ្តី​ការពារ​ជាតិ​អ៊ីស្រាអែល ​គំរាម​​​​វាយប្រហារ​ពាស​ពេញ​​ផ្ទៃប្រទេស​លីបង់​​​​

បានផុស

នៅ

ជម្លោះ​​រវាង​អ៊ីស្រាអែល និង​ប្រទេស​លីបង់​ ដែល​ជាមូលដ្ឋាន​​​របស់​ក្រុមហេសបូឡា គាំទ្រ​ដោយ​អ៊ីរ៉ង់​​ កាន់​តែ​មាន​ភាព​ផុយ​ស្រួយ​ងាយ​ធ្លាក់​ចូលទៅ​ក្នុងជម្លោះ​​​​​ជាថ្មីទៀត​​ បើទោះ​បី​ជា​ មាន​បទ​ឈប់​បាញ់​សម្របសម្រួល​​ដោយ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ដែល​ជា​បទ​ឈប់បាញ់សំខាន់​បំផុត​​​ឈាន​ទៅ​បញ្ចប់​​សង្គ្រាម​នៅអ៊ីរ៉ង់​​​ផងនោះ​​។

រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz ​​បាន​​ចេញ​ការ​គំរាម​​ថ្មី​មួយ​ដល់​ប្រទេស​លីប​ង់​កាលពីថ្ងៃចន្ទ​​​ដែលថា ភ្លើង​សង្រ្គាម​នឹង​ឆាប​ឆេះប្រទេសលីបង់​ទាំងមូល បន្ទាប់​ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល​បញ្ជា​ឱ្យ​បង្កើន​កម្លាំង​យោធា​ប្រឆាំង​នឹង​ទីក្រុង​បេរូត​​ត្រឹមតែ​រយៈពេល​២ថ្ងៃ​ប់ុណ្ណោះ​​។

រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​តួកគី​​ Anadolu ផ្សាយ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៦ លោក Katz ថ្លែង​ក្នុងកិច្ចប្រជុំ​ជាមួយបេសកជនអង្គការសហប្រជាជាតិប្រចាំ​ប្រទេសលី​បង់ លោកស្រី Jeanine Hennis-Plasschaert ថា៖ « [ប្រធានក្រុមហេសបូឡា] លោក Naim Qassem កំពុង​លេង​ជាមួយភ្លើង ហើយ​ភ្លើង​នឹង​ឆេះហេសបូឡា និងប្រទេសលីបង់ទាំងមូល»។

រដ្ឋ​មន្ត្រីអ៊ីស្រាអែលអះអាង​ថា៖ « រដ្ឋាភិបាល​លីបង់បន្ត​លាក់ខ្លួន នៅ​ក្រោម​ស្លាប​ហេសបូឡា​។ ភ្លើងនឹង​ផ្ទុះឡើង ហើយ​លេបត្របាក់​ដើមតាដា​នៃ​ប្រទេស​លីបង់ទាំង​អស់​»។

សូម​បញ្ជាក់​ថា « ដើមតាដា (genus Cedrus) គឺជា​ដើមឈើ​ដ៏​អស្ចារ្យ​នៃ​ប្រទេស​លីបង់​​ វា​មានក្លិនក្រអូប ជាប្រភេទ​ឈើប្រើប្រាស់បានយូរ ធន់នឹងការរលួយ ប្រើក្នុងការសាងសង់ គ្រឿងសង្ហារឹម និង​ទូ​ ជា​ដើម​»។

មិន​តែ​ប៉ុណ្ណោះ លោក Katz ចោទប្រកាន់​ថា៖ « ប្រធានាធិបតីលី​បង់​ លោក ចូសេហ្វ អាអូន (Joseph Aoun) កំពុងលេងល្បែងជាមួយអនាគត​នៃ​ប្រទេសលីបង់។ អ៊ីស្រាអែល​នឹង​មិនទទួលយកស្ថានភាព​ដែលបទឈប់បាញ់​នៅ​ក្នុងប្រទេសលីបង់​រួមផ្សំនឹងការវាយប្រហារ​ជាបន្តបន្ទាប់​លើ​កងកម្លាំងអ៊ីស្រាអែល និង​ភាគខាងជើងអ៊ីស្រាអែលនោះទេ​»។

រដ្ឋម​ន្ត្រីក្រសួងការពារជាតិ​រូប​នេះ ​និយាយថា៖ « យើង​​ និង ​លោក ណេតាន់​យ៉ា​ហ៊ូ បាន​ណែនាំកងទ័ពអ៊ីស្រាអែលឆ្លើយ​តប​ដោយការបាញ់ប្រហារ​យ៉ាងខ្លាំងប្រឆាំង​នឹងក្រុមហេសបូឡា ក្នុងករណី​មានការខូច​ខាត គំរាមកំហែង ឬរំលោភលើអធិបតេយ្យភាពអ៊ីស្រាអែល»។

ការ​វាយប្រហាររបស់អ៊ីស្រាអែលនៅ​ទូទាំងប្រទេសលីបង់​ចាប់តាំងពីថ្ងៃទី០២ ខែមីនា​ មនុស្សជាង ២ ៥០០នាក់ ​ត្រូវ​បាន​សម្លាប់ ជាង ៧ ៧៥០នាក់ ​រង​របួស និងជាង ១.៦លាន​នាក់ ​បាត់​បង់​​ទីលំនៅ។ នេះបើ​យោងតាមតួលេខ​ផ្លូវការរបស់​លីបង់។

យ៉ាង​ណា បទឈប់បាញ់រយៈពេល១០ថ្ងៃ ត្រូវ​បាន​ប្រកាស​រវាង​ប្រទេសលីបង់និងអ៊ីស្រាអែលនៅ​ថ្ងៃទី១៧ ខែមេសា ​ហើយ ក្រោយ​​មក​ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​​​ប្រកាស​ថា ​​ភាគី​លីបង់ និង​អ៊ីស្រាអែល​​យល់​ព្រម​​ពង្រីក​បទ​ឈប់បាញ់​៣សប្តាហ៍ទៀត។ ទោះ​បីជា​បែបណា បទ​ឈប់បាញ់​ត្រូវ​រាយការណ៍​​បានរងការរំលោភ​ម្តងហើយម្តងទៀត​​ពី​ភាគី​​អ៊ីស្រាអែល​និង​​​ហេសបូឡា​​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម