Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី​ជាប់ឆ្នោត​អ៊ីរ៉ាក់ តែងតាំងអ្នកជំនួញ Ali al-Zaidi ជានាយករដ្ឋមន្ត្រីចាំផ្ទះ

បានផុស

នៅ

ប្រធានាធិបតីដែលទើបជាប់ឆ្នោតថ្មីរបស់ប្រទេសអ៊ីរ៉ាក់ បានតែងតាំងសហគ្រិន លោក Ali al-Zaidi ជានាយករដ្ឋមន្ត្រីចាំផ្ទះ បន្ទាប់ពីលោក ត្រូវបានគាំទ្រដោយសម្ព័ន្ធភាពសាសនាស៊ីអ៊ីត (Shia) ដ៏សំខាន់នៅក្នុងប្រទេស។ នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ Al Jazeera ប្រចាំនៅអ៊ីរ៉ាក់។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យ​​ប្រធានាធិបតី​អ៊ីរ៉ាក់ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីកិច្ចប្រជុំមួយនៅក្នុងទីក្រុង​បាកដាដ ដោយ​លើក​ឡើង​ថា​​ ក្រោយពិនិត្យលើបញ្ជីឈ្មោះបេក្ខជនរួចមក លោក Ali al-Zaidi ត្រូវបានជ្រើសរើសឲ្យធ្វើជាបេក្ខជនរបស់​ក្រុម​ក្របខ័ណ្ឌសម្របសម្រួល ដែលជាប្លុកធំជាងគេនៅក្នុងរដ្ឋសភា ដើម្បីកាន់តំណែងជានាយករដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាលអាណត្តិក្រោយ។

ការប្រកាសនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីក្របខ័ណ្ឌសម្របសម្រួល ដែលជាសម្ព័ន្ធភាពនៃក្រុមសាសនាស៊ីអ៊ីត មានទំនាក់ទំនងកម្រិតផ្សេងៗគ្នាជាមួយអ៊ីរ៉ង់ និងដែលដំបូងឡើយបានស្នើឈ្មោះលោក Nouri al-Maliki នោះ បានងាកមកផ្ដល់ការគាំទ្រដល់លោក al-Zaidi ឲ្យធ្វើជាបេក្ខជនរបស់ខ្លួនវិញ។ ការតែងតាំងរូបលោកនេះ បង្ហាញឲ្យឃើញថា លោកត្រូវបានជ្រើសរើសឲ្យឡើងកាន់តំណែង ជំនួសឲ្យបេក្ខជនគូប្រជែងម្នាក់ទៀតដែលមាននិន្នាការស្និទ្ធនឹងអ៊ីរ៉ង់។

ការជ្រើសរើសលោក al-Zaidi បានបញ្ចប់ភាពទាល់ច្រកផ្នែកនយោបាយដែលអូសបន្លាយពេលជាច្រើនខែ ដែលក្នុងនោះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចូលជ្រៀតជ្រែក បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីពីរអាណត្តិ លោក Nouri al-Maliki បានលេចមុខជាបេក្ខជនដំបូងគេរបស់សម្ព័ន្ធភាព។

លោក Al-Maliki ដែលជាបុគ្គលស្និទ្ធនឹងអ៊ីរ៉ង់ ត្រូវបានប្រឆាំងយ៉ាងដាច់អហង្ការពីសំណាក់លោកត្រាំ។ ប្រធានាធិបតីអាមេរិករូបនេះ បានព្រមានថា រាល់ការគាំទ្រទាំងអស់ចំពោះប្រទេសអ៊ីរ៉ាក់នឹងត្រូវបញ្ឈប់ ប្រសិនបើលោក Al-Maliki ក្លាយជានាយករដ្ឋមន្ត្រី។

សូមជម្រាបជូនថា លោក Ali al-Zaidi គឺជាបុគ្គលលេចធ្លោមួយរូប ដែលមានបទពិសោធន៍ការងារគ្របដណ្ដប់លើវិស័យហិរញ្ញវត្ថុ ការសិក្សាអប់រំ និងប្រព័ន្ធផ្សព្វផ្សាយ។ បច្ចុប្បន្ន លោកកំពុងកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន National Holding Company៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម