Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ ប្តេជ្ញាឲ្យរដ្ឋក្តោបក្តាប់សិទ្ធិផ្តាច់មុខលើការកាន់កាប់អាវុធ

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ាក់ INA បានផ្សាយថា នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសអ៊ីរ៉ាក់ លោក Ali al-Zaidi ដែលរដ្ឋាភិបាល​របស់លោកត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា បានប្តេជ្ញាធានាថា រដ្ឋនឹងមានសិទ្ធិផ្តាច់មុខលើការគ្រប់គ្រងអាវុធ ចំពេលមានសម្ពាធកាន់តែខ្លាំងឡើងពីសហរដ្ឋអាមេរិក ក្នុងការរំសាយក្រុមនានាដែលគាំទ្រដោយទីក្រុងតេហេរ៉ង់។

ជាហូរហែមក អ៊ីរ៉ាក់តែងតែស្ថិតក្នុងស្ថានភាពលំបាក ក្នុងការរក្សាតុល្យភាពរវាងឥទ្ធិពលប្រជែងគ្នានៃសម្ព័ន្ធមិត្តរបស់ខ្លួន គឺប្រទេសជិតខាងអ៊ីរ៉ង់ និងអាមេរិក។

រូបភាព៖REUTERS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មាន INA បានស្រង់សម្តីការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់សភាដែលបានបញ្ជាក់ថា កម្មវិធីនយោបាយរដ្ឋាភិបាលរបស់លោក Al-Zaidi ដែលលោកបានដាក់ជូនសភា រួមមាន ការកែទម្រង់ប្រព័ន្ធសន្តិសុខ តាមរយៈការដាក់កំហិតឲ្យអាវុធស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ និងការពង្រឹងសមត្ថភាពរបស់កងកម្លាំងសន្តិសុខ។

នៅក្នុងប្រទេសអ៊ីរ៉ាក់ រដ្ឋាភិបាលមួយអាចទទួលបានការបោះឆ្នោតទុកចិត្ត លុះត្រាតែសភាអនុម័តយល់ព្រមលើសមាសភាពក្រសួងចំនួនពាក់កណ្តាលបូកមួយ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ មានតែបេក្ខភាពរដ្ឋមន្ត្រីចំនួន ១៤ រូបប៉ុណ្ណោះ ក្នុងចំណោមតំណែងសរុប ២៣ ត្រូវបានអនុម័ត ខណៈដែលគណបក្សនយោបាយសំខាន់ៗនៅតែបន្តចរចាលើតំណែងក្រសួងមួយចំនួនទៀត។

លោក Ali al-Zaidi ដែជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតរបស់អ៊ីរ៉ាក់ក្នុងវ័យ ៤០ ឆ្នាំ ត្រូវបានជ្រើសរើសឲ្យបង្កើតរដ្ឋាភិបាលថ្មីកាលពីចុងខែមុន។ ការតែងតាំងរូបលោកបានកើតឡើងបន្ទាប់ពីការខ្វែងគំនិតគ្នាយ៉ាងខ្លាំងផ្នែកនយោបាយអស់ជាច្រើនខែ ក្រោយពេលអាមេរិកបានប្រើសិទ្ធិវ៉េតូ ប្រឆាំងនឹងបេក្ខជននាំមុខគេមុន គឺអតីតនាយករដ្ឋមន្ត្រី លោក Nouri al-Maliki។

មិនតែប៉ុណ្ណោះ លោកក៏ជាបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភរាប់សិបលានដុល្លារម្នាក់ ដែលមានអាជីវកម្មគ្របដណ្តប់លើវិស័យជាច្រើន រួមទាំងវិស័យធនាគារ និងការផ្គត់ផ្គង់កម្មវិធីកញ្ចប់ស្បៀងអាហារដ៏ធំធេងរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ដែលបម្រើដល់ប្រជាជនរាប់លាននាក់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម