Connect with us

ព័ត៌មានអន្ដរជាតិ

យោធា​អ៊ីស្រាអែល ស្ទាក់​ចាប់​នាវា​រាប់សិបគ្រឿង ដឹក​​​ជំនួយ​​​មនុស្ស​ធម៌​​អន្តរ​ជាតិ​​​​​ឆ្ពោះទៅ​​ហ្គាហ្សា​

បានផុស

នៅ

​កង​កម្លាំង​យោធាអ៊ីស្រាអែល បាន​ស្ទាក់ចាប់ទូកដែលធ្វើ​ដំណើរ​ជាមួយកង​នាវា​ដឹក​​​សម្ភារៈ​មនុស្ស​ធម៌ Global Sumud Flotilla ​ឆ្ពោះ​ទៅ​តំបន់​ហ្គាហ្សា ​ដោយ​ប្រើប្រាស់​ដ្រូន​ បច្ចេក​វិទ្យា​រំខាន​ទំនាក់​ទំនង និង​ក្រុមវាយឆ្មក់ប្រដាប់អាវុធ ដើម្បីបញ្ឈប់​កង​នាវា​មនុស្សធម៌​នៅ​កណ្តាលសមុទ្រមេឌីទែរ៉ាណេ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Al Jazeera ផ្សាយ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦ ។

ទូក​ Global Sumud Flotilla ។ រូបភាព៖ TUP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេសកកម្ម​ដឹកជំនួយ​មនុស្សធម៌​ Global Sumud Flotilla លើក​ឡើង​​នៅ​ថ្ងៃ​ព្រហស្បតិ៍ថា៖ « ទូករបស់យើងត្រូវបាន​ទូកល្បឿនលឿន​យោធាអ៊ី​ស្រាអែល​ភ្ជង់​​​ដោយ​ភ្លើងឡា​ស៊ែរ និង​អាវុធ​វាយ​ប្រហារពាក់​កណ្តាល​ស្វ័យ​ប្រវត្តិ​ចូលមកជិត ដោយបញ្ជាឱ្យអ្នកនៅ​ក្នុង​ទូក​មក​ខាង​មុខ​និង​ឱ្យពួកគេលុតជង្គង់ចុះ​ទាំង​អស់»។

កង​នាវិក​ដែល​​ត្រូវ​​អ៊ីស្រាអែល​ឃាត់​ លើក​ឡើង​ក្នុង​សារ​មួយ​ថា​៖ « ទូកយោធាអ៊ីស្រាអែល បាន​ឡោមព័ទ្ធកងនាវិក​ដោយខុសច្បាប់​ក្នុង​ដែន​ទឹកអន្តរជាតិ ហើយគំរាមកំហែងចាប់ជំរិត និង​ប្រើអំពើហិង្សា។ យើងបាត់​​ទំនាក់​ទំនង​ជា​មួយនាវា​ចំនួន ១១គ្រឿង ហើយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បាន​អះអាងថា ទូកចំនួន ៧គ្រឿង ត្រូវបានស្ទាក់ចាប់។ រដ្ឋាភិបាលអន្តរ​ជាតិ​ត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដើម្បីការពារកងនាវិក​នៃ​ទូក​មនុស្ស​ធម៌​​ទាំងនោះ​​​»។

ចំណែក វិទ្យុកង​ទ័ព​អ៊ីស្រាអែល​ បាន​​​លើក​ឡើង​ថា យោធាអ៊ីស្រាអែលចាប់ផ្តើមរឹបអូសយក​នាវា​ដឹក​ជំនួយ​ដែល​ធ្វើដំណើរ​ឆ្ពោះទៅកាន់តំបន់ហ្គាហ្សា ហើយនាវាចំនួន ៧គ្រឿង ក្នុង​ចំណោម​ ៥៨គ្រឿង​របស់កងនាវិក​អន្តរ​ជាតិ​ត្រូវបាន​រឹបអូសនៅជិតកោះ​ Crete ​ប្រទេសក្រិក។

លោក Gur Tsabar អ្នកនាំពាក្យរបស់​កងនា​វា Global Sumud ថា​៖ « ទង្វើ​នេះ ជាការ​វាយប្រហារដោយផ្ទាល់​ទៅលើទូកស៊ីវិល​ដែល​គ្មាន​អាវុធ​នៅ​ក្នុង​ដែន​ទឹកអន្តរជាតិ»។

ថ្លែងទៅ​កាន់​សារព័ត៌មាន​ Al Jazeera ពីទីក្រុង Toronto ប្រទេសកាណាដា លោក Tsabar ថា៖ « ការវាយប្រហារតាមសមុទ្រ​បែប​នេះ​កំពុងកើតឡើងរាប់​រយម៉ាយ​ពី​អ៊ីស្រាអែល ដោយក្រុមនាវិកត្រូវ​បានឡោមព័ទ្ធ និងគំរាមកំហែងដោយកាំភ្លើង»។

លោក Tsabar បន្ត​ថា៖ « នេះគឺជា​ការ​ប្រព្រិត្ត​ខុស​ច្បាប់អន្តរជាតិ​។ អ៊ីស្រាអែល​គ្មាន​សិទ្ធិគ្រប់​គ្រង​ក្នុង​ដែនទឹកទាំងនោះទេ។ ការ​ឡើង​លើ​ទូកទាំងនោះស្មើនឹងការឃុំឃាំង​ខុសច្បាប់ ជាការចាប់ជំរិត​នៅ​លើ​សមុទ្រ។ វាមានសារៈសំខាន់ណាស់ដែលរដ្ឋាភិបាលទាំងអស់​ត្រូវធ្វើសកម្មភាពឥឡូវនេះ។ រដ្ឋាភិបាលនីមួយៗមានកាតព្វកិច្ចការពារជនស៊ីវិលជាង ៤០០នាក់ នៅលើទូក និងគោរពច្បាប់អន្តរជាតិ។ ភាពស្ងៀមស្ងាត់​នៅពេលនេះគឺជាការឃុបឃិតគ្នា​ទាំងស្រុង៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម