Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ព្រមាន​វាយ​ប្រហារ​អ៊ីរ៉ង់​ជាថ្មី​ បើ លោក ត្រាំ បរាជ័យ​តាម​​​ដំណោះស្រាយ​ការ​ទូត​

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានលើកឡើងកាលពីថ្ងៃពុធទី២៩ ខែមេសា ថា សកម្មភាពយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នៅតែជាជម្រើសមួ​យ​​ ប្រសិនបើ ការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ​បាន​បរាជ័យ​នោះ​។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Saar បានប្រាប់ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន Al Arabiya English ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បច្ចុប្បន្នកំពុងផ្តល់អាទិភាពដល់យុទ្ធសាស្ត្របិទផ្លូវទឹក ដែលកំពុង «ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចអ៊ីរ៉ង់» ដោយលោកបានបន្ថែមថា ប្រសិនបើការចរចារវាងអាមេរិក និងអ៊ីរ៉ង់ទទួលបរាជ័យម្តងទៀត នោះជាការពិតណាស់ ជម្រើសយោធានឹងត្រូវយកមកពិចារណាជាថ្មី​ម្តង​ទៀត​​។

​ប្រមុខ​ការ​ទូត​​រូប​នេះ​ បាន​អះអាង​ថា​ អ៊ីស្រាអែលនឹងផ្តល់ឱកាសដល់ផ្លូវការទូត រហូតដល់នាទីដែលលោក ត្រាំ សម្រេចថា «យើងគួរតែបោះជំហានទៅរកផ្លូវផ្សេងទៀត»។

ទន្ទឹមគ្នានោះដែរ លោក saar បានច្រានចោលការអះអាងដែលថា អ៊ីស្រាអែលមានឥទ្ធិពលខ្លាំងហួសហេតុលើទីក្រុងវ៉ាស៊ីនតោន ឬបានអូសទាញអាមេរិកឲ្យចូលក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដោយលោកចាត់ទុកថាការអះអាងទាំងនោះគឺ «ជារឿងគួរឲ្យអស់សំណើច»។

លោកមានប្រសាសន៍ថា៖ «ប្រធានាធិបតត្រាំ ខ្លួនឯងក៏បានមានប្រសាសន៍ដែរថា អ៊ីស្រាអែលមិនបានអូសទាញលោកឲ្យចូលក្នុងសង្គ្រាមនេះទេ។ តើអ្នកគិតថា លោកគឺជាមនុស្សប្រភេទដែលអ្នកអាចអូសទាញឲ្យធ្វើអ្វីៗបានតាមចិត្តឬ? លោកគឺជាមេដឹកនាំដែលរឹងមាំ និងមានភាពក្លាហាន»។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលរូបនេះនិយាយបន្ថែមថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល មានគោលជំហរដូចគ្នា ក្នុងការស្វែងរកការធានា ថា អ៊ីរ៉ង់នឹងមិនអាចទទួលបានអាវុធនុយក្លេអ៊ែរឡើយ ដោយលោកបានពណ៌នាថា ទីក្រុងតេហេរ៉ង់ គឺជា «របបជ្រុលនិយមបំផុតនៅលើផែនដី»។ ជាក់ស្ដែង គោលដៅនេះអាចសម្រេចទៅបាន ប្រសិនបើអ៊ីរ៉ង់យល់ព្រមតាមការទាមទារសំខាន់ៗរបស់អាមេរិក រួមមានការបញ្ជូនសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចចេញពីក្រៅប្រទេស និងការបញ្ឈប់សកម្មភាពចម្រាញ់អ៊ុយរ៉ាញ៉ូមជាអចិន្ត្រៃយ៍៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម