Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ បដិសេធសំណើចុងក្រោយរបស់អ៊ីរ៉ង់ ធ្វើ​ឲ្យ​ស្ថានការណ៍សង្គ្រាមរឹត​តែក្តៅ

បានផុស

នៅ

សង្ឃឹមថានឹងមានសន្តិភាពហាក់នៅឆ្ងាយនៅឡើយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញជំហរដាច់អហង្ការដោយ «មិនពេញចិត្ត» ទាល់តែសោះ ចំពោះសំណើចុងក្រោយរបស់ប្រទេសអ៊ីរ៉ង់ ដែលមានបំណងចង់បញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ថ្ងៃទី​២ ខែ​ឧសភា​ ឆ្នាំ​២០២៦ របស់​សារព័ត៌មាន Al Jazeera។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណើនេះ ត្រូវបានភាគីអ៊ីរ៉ង់បញ្ជូន តាមរយៈអ្នកសម្របសម្រួល ក្នុងប្រទេសប៉ាគីស្ថាន កាលពីយប់ថ្ងៃព្រហស្បតិ៍ ប៉ុន្តែគ្រាន់តែមកដល់ដៃភ្លាម លោក ត្រាំ បានប្រកាសទាត់ចោលស្ទើរតែភ្លាមៗនៅចំពោះមុខអ្នកសារព័ត៌មាននៅសេតវិមាន ដោយលោកអះអាងថា អ៊ីរ៉ង់បានទាមទារនូវលក្ខខណ្ឌមួយចំនួន ដែលលោកមិនអាចទទួលយកបានឡើយ។

ទោះបីជាបទឈប់បាញ់រយៈពេលបីសប្តាហ៍មកនេះ នៅតែបន្តមានប្រសិទ្ធភាព​មែន ប៉ុន្តែសន្តិភាពនេះហាក់ដូចជាផុយស្រួយបំផុត ដោយសារភាគីទាំងសងខាង តែងតែចោទប្រកាន់គ្នាទៅវិញទៅមក ថាបានរំលោភលើកិច្ចព្រមព្រៀង។ លោក ត្រាំ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ ដោយលោកបានប្រើពាក្យធ្ងន់ៗថា ជាក្រុមដឹកនាំដែលបែកបាក់គ្នា និងរញ៉េរញ៉ៃបំផុត ទោះបីជាពួកគេម្នាក់ៗសុទ្ធតែចង់បានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមក៏ដោយ។ ការចរចាដែលធ្លាប់គ្រោងធ្វើដោយផ្ទាល់ ក៏ត្រូវបានលុបចោល ហើយប្តូរមកជាការពិភាក្សាតាមទូរសព្ទវិញ បន្ទាប់ពីលោក ត្រាំ បានដកក្រុមបេសកជនរបស់លោក ចេញពីប្រទេសប៉ាគីស្ថានកាលពីសប្តាហ៍មុន។

ចំណុចដែលតានតឹងបំផុតក្នុងពេលនេះ គឺការប្រឈមមុខដាក់គ្នានៅច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវដង្ហើមសេដ្ឋកិច្ចពិភពលោកសម្រាប់ដឹកជញ្ជូនប្រេង និងឧស្ម័ន។ កងទ័ពជើងទឹកអាមេរិក បានឡោមព័ទ្ធ និងរារាំងមិនឲ្យ​នាវាដឹកប្រេងរបស់អ៊ីរ៉ង់ចេញទៅក្រៅបានឡើយ ដែលធ្វើឲ្យ​សេដ្ឋកិច្ចអ៊ីរ៉ង់ដុនដាបយ៉ាងខ្លាំង។ ជាការឆ្លើយតប អ៊ីរ៉ង់ក៏បានគ្រប់គ្រងច្រកសមុទ្រនេះយ៉ាងតឹងរ៉ឹង ដែលបង្កឲ្យ​មានសម្ពាធដល់សេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរ។ កន្លងមក អ៊ីរ៉ង់ធ្លាប់បានស្នើសុំឲ្យ​អាមេរិកដកការឡោមព័ទ្ធនាវាដឹក​ប្រេង ជាការ​ដោះដូរនឹងការបើកច្រកសមុទ្រឡើងវិញ ប៉ុន្តែលោក ត្រាំ បានបដិសេធ ដោយសារសំណើនោះមិនបានរាប់បញ្ចូលការចរចា រឿងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ភ្លាមៗនោះទេ។

ស្របពេលដែលមេដឹកនាំកំពុងប្រឈមមុខដាក់គ្នា មតិសាធារណៈនៅក្នុងសហរដ្ឋអាមេរិកហាក់មិនសូវគាំទ្រសង្គ្រាមនេះឡើយ ដោយការស្ទង់មតិថ្មីៗ បង្ហាញថា ប្រជាជនអាមេរិកដល់ទៅ ៦១% យល់ថា ការប្រើកម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង់ គឺជាកំហុសមួយ។ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ ចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងយ៉ាងរន្ធត់ ដោយមានមនុស្សជាង ៣ ៣០០​នាក់បានស្លាប់ ក្នុងប្រទេសអ៊ីរ៉ង់ និងជាង ២ ៦០០នាក់នៅប្រទេសលីបង់ ក្នុងនោះក៏មានទាហានអាមេរិក និងអ៊ីស្រាអែលជាច្រើននាក់ផងដែរ។ មកទល់ពេលនេះ ពិភពលោកកំពុងតាមដានមើលយ៉ាងអន្ទះសារថា តើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់បណ្តាប្រទេសក្នុងតំបន់ និងសហភាពអឺរ៉ុប នឹងអាចទាញភាគីទាំងពីរ​ឲ្យ​មកតុចរចាវិញបានដែរឬយ៉ាងណា៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម