Connect with us

ព័ត៌មានអន្ដរជាតិ

លោក Rubio ធ្វើដំណើរទៅជួបសម្ដេចប៉ាប ដើម្បីសម្រួលភាពតានតឹងជាមួយលោក ត្រាំ

បានផុស

នៅ

ក្នុងសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម ដើម្បីបំពេញភារកិច្ចដ៏សំខាន់មួយ គឺការចូលជួបសម្ដែងការគួរសមជាមួយសម្ដេចប៉ាប Leo។ ជំនួបនេះ ត្រូវបានគេមើលឃើញថា ជាការព្យាយាមបន្ធូរបន្ថយភាពរកាំរកូស បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ទុះសម្តីវាយប្រហារយ៉ាងខ្លាំងៗទៅលើសម្ដេចប៉ាប កាលពីប៉ុន្មានសប្តាហ៍មុន។

សម្ដេចប៉ាប Leo និង​លោក Rubio (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់ The Guardian នា​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០២៦ ភាពតានតឹងនេះ បានចាប់ផ្តើមឡើង នៅពេលដែលសម្ដេចប៉ាប Leo ដែលជាមេដឹកនាំសាសនាកាតូលិកដំបូងគេបង្អស់មកពី​អាមេរិក បានចេញមុខរិះគន់គោលនយោបាយសង្គ្រាមរបស់លោក ត្រាំ ជាពិសេស ការវាយប្រហាររបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់។ សម្ដេចប៉ាប បានអំពាវនាវឲ្យ​ពិភពលោកស្វែងរកសន្តិភាព និងបានហៅការគំរាមកំហែងរបស់លោក ត្រាំ ថាជាទង្វើ ដែលមិនអាចទទួលយកបាន។ ជាការឆ្លើយតប លោក ត្រាំ បានប្រើប្រាស់បណ្ដាញសង្គមរិះគន់សម្ដេចប៉ាបវិញចំៗថា ជាមនុស្សទន់ជ្រាយ និងមិនយល់ពីនយោបាយការបរទេស ដែលបង្កឲ្យ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នក​កាន់​សាសនា​កាតូលិកចំនួន ​១,៤​ពាន់​លាន​នាក់​ ជុំវិញពិភពលោក។

ក្រៅពីការជួបសម្ដេចប៉ាប លោក Rubio ក៏មានគម្រោងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់អ៊ីតាលីផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនេះ ហាក់មានភាពស្មុគស្មាញបន្តិច ដោយសារលោក ត្រាំ ក៏បានបង្ហាញការមិនពេញចិត្ត ចំពោះលោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni ផងដែរ បន្ទាប់ពីលោកស្រី បានចេញមុខការពារសម្ដេចប៉ាប។ លោក ត្រាំ ថែមទាំងបានគំរាមដកទ័ពអាមេរិកចេញពីប្រទេសអ៊ីតាលី និងប្រទេសមួយចំនួនទៀតក្នុងអឺរ៉ុប ដោយសារលោកយល់ថា ប្រទេសទាំងនោះ មិនបានជួយជ្រោមជ្រែងអាមេរិក ក្នុងរឿងសង្គ្រាមនៅមជ្ឈិមបូព៌ា។

បេសកកម្មរបស់លោក Marco Rubio នាពេលនេះ គឺជាការសាកល្បងសមត្ថភាពការទូតដ៏ធំមួយ ដើម្បីផ្សះផ្សាទំនាក់ទំនងរវាងសេតវិមាន និងវិមានវ៉ាទីកង់ ខណៈដែលសម្ដេចប៉ាប Leo កំពុងត្រៀមប្រារព្ធខួបមួយឆ្នាំនៃការឡើងកាន់តំណែងរបស់ទ្រង់ នា​ថ្ងៃទី​៨ ខែ​ឧសភា ខាង​មុខ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម