Connect with us

ព័ត៌មានអន្ដរជាតិ

​បុរសម្នាក់ទៀត​​ឆ្លង​​រោគ Hantavirus ក្នុងនាវា​ MV Hondius ខណៈទេសចរ​​មិនត្រូវ​អនុញ្ញាត​ឲ្យ​ឡើងគោក

បានផុស

នៅ

មនុស្សម្នាក់ទៀត ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះមេរោគ Hantavirus នៅលើកប៉ាល់កម្សាន្ត MV Hondius ដែលធ្វើឲ្យករណីឆ្លងសរុប កើនឡើង ២នាក់ បន្ទាប់ពីមនុស្ស ៣នាក់ បានបាត់បង់ជីវិតរួចទៅហើយ ខណៈទេសចរប្រមាណ ១៥០នាក់ មិនទាន់ត្រូវបានអនុញ្ញាត ឲ្យឡើងគោកទេ។

នាវាទេសចរណ៍ MV Hondius (រូប៖ Reuters)

តាមការផ្សាយរបស់ Reuters នៅថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦, អ្នកជំងឺទី២នេះ គឺជាជនជាតិអង់គ្លេស អាយុ៦៩ឆ្នាំ ដែលបច្ចុប្បន្ន មានអាការៈធ្ងន់ធ្ងរ កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅទីក្រុង Johannesburg នៃប្រទេស អាហ្វ្រិកខាងត្បូង។ 

នាវា MV Hondius របស់ក្រុមហ៊ុនទេសចរណ៍ Oceanwide Expeditions ដែលដឹកទេសចរភាគច្រើនជាជនជាតិអង់គ្លេស អាមេរិក និងអេស្ប៉ាញ បានចាកចេញពីទីក្រុង Ushuaia ភាគខាងត្បូងប្រទេសអាហ្សង់ទីន កាលពីខែមីនា ក្នុងដំណើរកម្សាន្ត ជាមួយតម្លៃសំបុត្រ ចាប់ពី ១៦ ០០០ ដល់ ២៥ ០០០ ដុល្លារអាមេរិក។

នាវាទេសចរណ៍ MV Hondius (រូប៖ Reuters)

បច្ចុប្បន្ន នាវា MV Hondius កំពុងចតនៅកំពង់ផែ Praia នៃប្រទេសកាប់វែរ ប៉ុន្តែអាជ្ញាធរប្រទេសនេះ ​មិនអនុញ្ញាតឲ្យអ្នកដំណើរចុះឡើយ ព្រោះតែហានិភ័យចម្លងមេរោគ ដល់ពលរដ្ឋខ្លួននៅលើដីគោក។

យ៉ាងណា គេបានបញ្ជូនគ្រូពេទ្យឡើងទៅកាន់នាវាហើយ ដើម្បីពិនិត្យនិងធ្វើតេស្តរកមេរោគនេះ បន្ថែមទៀត ព្រោះមានអ្នកខ្លះចេញរោគសញ្ញាសង្ស័យ។

ពាក់ព័ន្ធរឿងនេះដែរ អង្គការសុខភាពពិភពលោក បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឲ្យគ្រប់គ្នា កុំទាន់ភ័យស្លន់ស្លោ ព្រោះហានិភ័យឆ្លងទ្រង់ទ្រាយធំ នៃមេរោគ Hantavirus នៅមានកម្រិតទាបនៅឡើយ។

មេរោគ Hantavirus (រូប៖ Reuters)

យោងតាម WHO, Hantavirus អាចរីករាលដាលនៅពេលលាមក និងទឹកនោមសត្វកណ្តុរ សាយភាយទៅក្នុងអាកាស ហើយវីរុសនេះ ក៏អាចឆ្លងរវាងមនុស្ស និងមនុស្សផងដែរ ប៉ុន្តែក្នុងករណីកម្របំផុត។

មេរោគនេះ ចេញរោគសញ្ញាស្រដៀងផ្ដាសាយដែរ ហើយអាចធ្វើឲ្យខ្សោយបេះដូង និងសួត ដែលក្នុងនោះប្រហែល ៤០% នៃករណីឆ្លង បានបណ្ដាលឲ្យស្លាប់ ខណៈបច្ចុប្បន្ន មិនទាន់មានថ្នាំជាក់លាក់ណាមួយ សម្រាប់ព្យាបាលវានៅឡើយទេ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម