Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ចំអកឲ្យ ត្រាំ ថា ការផ្អាក «គម្រោងសេរីភាព» នៅ Hormuz គឺដើម្បី បិទបាំង «ភាពបរាជ័យ»

បានផុស

នៅ

ជាថ្មីម្តងទៀត អ៊ីរ៉ង់បានចំអកទៅលោក ដូណាល់ ត្រាំ ក្រោយប្រធានាធិបតីអាមេរិក រូបនេះ ប្រកាសផ្អាកប្រតិបត្តិការរំដោះកប៉ាល់ពាណិជ្ជកម្ម នៅច្រកសមុទ្រ Hormuz ជាបណ្តោះអាសន្នសិន ដោយអ៊ីរ៉ង់ ហៅថា នោះគឺជា «បរាជ័យរបស់ទីក្រុងវ៉ាស៊ីនតោន»។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

កាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ លោកត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា៖ លោកសម្រេចផ្អាក «គម្រោងសេរីភាព» ជាបណ្តោះអាសន្នសិន តាមសំណើប៉ាគីស្ថាន និងបណ្តាប្រទេសផ្សេងៗទៀត ប៉ុន្តែការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ នឹងនៅតែបន្តមានប្រសិទ្ធភាពដដែល។

យ៉ាងណា ប្រមុខសេតវិមាន គូសបញ្ជាក់ថា ការផ្អាកនេះ នឹងមានរយៈពេលខ្លីប៉ុណ្ណោះ ដើម្បីមើលសិនថា តើអ៊ីរ៉ង់ នឹងចូលខ្លួនមកកាន់តុចរចា លើកិច្ចព្រមព្រៀងសន្តិភាព ដែរឬទេ?

ទោះបែបនេះ ទីក្រុងតេហេរ៉ង់ បែរជាបោះពាក្យសម្តីឌឺដងទៅអាមរិកវិញ ដោយចាត់ទុកការផ្អាករបស់លោក ត្រាំ ស្មើនឹង «ភាពបរាជ័យ»។

កប៉ាល់នៅច្រក Hormuz (រូប៖ Reuters)

សារព័ត៌មានរដ្ឋអ៊ីរ៉ង់ Tasnim បានចេញផ្សាយអត្ថបទមួយនៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានខ្លឹមសារថា៖ «ជារឿងធម្មតាទៅហើយ លោកត្រាំ តែងអះអាងដោយគ្មានមូលដ្ឋានបែបនេះ ដើម្បីបិទបាំងភាពបរាជ័យ នៃផែនការរបស់ខ្លួន»។

Tasnim បញ្ជាក់ទៀតថា៖ «ផែនការនេះ ត្រូវបានរារាំងតាំងពីការចាប់ផ្ដើមអនុវត្តដំបូងមកម្ល៉េះ ដោយសារតែ ការបាញ់ព្រមានពីសំណាក់កងទ័ពអ៊ីរ៉ង់ ហើយជាលទ្ធផល កប៉ាល់ទាំងអស់ ដែលព្យាយាមធ្វើដំណើរឆ្លងកាត់ច្រក Hormuz ជឿតាមពាក្យសន្យាចេញពីមាត់លោក ត្រាំ ឥឡូវបានបកក្រោយវិញអស់ហើយ»។

សូមជម្រាបថា គិតត្រឹមដើមខែឧសភានេះ មានកប៉ាល់ប្រមាណពី ១ ៥៥០ ដល់ជាង ៣ ០០០ គ្រឿង កំពុងជាប់គាំង ឬកកស្ទះនៅក្នុងឈូងសមុទ្រពែរ្ស និងជុំវិញច្រក Hormuz ហើយនាវិកប្រហែល ២០ ០០០ ទៅ ២២ ៥០០ នាក់ ត្រូវជាប់នៅលើកប៉ាល់ទាំងនោះ ដោយកំពុងប្រឈមមុខនឹងកង្វះស្បៀងអាហារ ទឹក និងប្រេងឥន្ធនៈដែលកាន់តែតិចទៅៗ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម