Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ចាត់​ទុក អឺរ៉ុប ជា «កន្លែងបណ្តុះភេរវកម្ម» ព្រោះ​តែ​បញ្ហាចំណាកស្រុក​​

បានផុស

នៅ

រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់​ ត្រាំ បានចោទប្រកាន់អឺរ៉ុបថា ជាកន្លែង «បណ្តុះភេរវកម្ម» ដែលជំរុញដោយការធ្វើចំណាកស្រុកទ្រង់ទ្រាយធំ នៅក្នុងយុទ្ធសាស្ត្រប្រឆាំងភេរវកម្មថ្មីមួយ ដែលត្រូវបានប្រកាសឲ្យដឹងកាលពីថ្ងៃពុធ ទី៦ ខែឧសភា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន theguardian

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័ត៌មាន Reuters វិញ​ បាន​ផ្សាយ​ថា ទីប្រឹក្សាជាន់ខ្ពស់សេតវិមាន និងជានាយកផ្នែកប្រឆាំងភេរវកម្ម លោក Sebastian Gorka បានប្រាប់ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើយុទ្ធសាស្ត្រប្រឆាំងភេរវកម្មជាតិថ្មីមួយ ដែលផ្តោតជាសំខាន់លើការធ្វើឲ្យ​អស់​នូវការគំរាមកំហែង និងការធ្វើឲ្យចុះខ្សោយដល់ប្រតិបត្តិការរបស់ក្រុមបណ្តាញជួញដូរគ្រឿងញៀន។

លោក Gorka បានលើកឡើងថា យុទ្ធសាស្ត្រនេះក៏ផ្ដោតលើការលុបបំបាត់ ក្រុមជ្រុលនិយមឆ្វេងនិយមដែលប្រើហិង្សា រួមទាំងក្រុម អ្នកគាំទ្រអ្នកប្តូរភេទកម្រិតខ្លាំង ផងដែរ ខណៈដែលរដ្ឋបាលអភិរក្សនិយមរបស់លោក ត្រាំ កំពុងបង្កើនការវាយប្រហារផ្នែកនយោបាយលើគូប្រជែងរបស់ខ្លួន។ លើសពីនេះទៅទៀត យុទ្ធសាស្ត្រក៏បានដាក់ ក្រុមបណ្តាញជួញដូរគ្រឿងញៀន ក្នុងតំបន់អាមេរិក ឲ្យស្ថិតនៅចំកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្ម។

លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានទៀតថា លោក ត្រាំ បានចុះហត្ថលេខាលើឯកសារនេះកាលពីថ្ងៃអង្គារ ដោយផ្អែកលើគោលការណ៍ដែលថា អាមេរិកគឺជាមាតុភូមិរបស់យើង ហើយត្រូវតែត្រូវបានការពារ។ ក្នុងនាមជាទឹកដីកំណើតនៃវប្បធម៌ និងតម្លៃលោកខាងលិច អឺរ៉ុបត្រូវតែចាត់វិធានការឥឡូវនេះ និងបញ្ឈប់ការធ្លាក់ចុះដោយចេតនារបស់ខ្លួន។

នៅក្នុងឯកសារយុទ្ធសាស្ត្រប្រឆាំងភេរវកម្មថ្មី រដ្ឋបាលសហរដ្ឋអាមេរិកបានគូសបញ្ជាក់ថា វាជាការពិតដែលមិនអាចប្រកែកបាន ដែលក្រុមអរិភាពមានការចាត់តាំងច្បាស់លាស់ កំពុងឆ្លៀតឱកាសទាញយកផលប្រយោជន៍ពី «ការបើកចំហព្រំដែន» និង «មនោគមវិជ្ជាសកលភាវូបនីយកម្ម» របស់បណ្តាប្រទេសនៅអឺរ៉ុប។

យុទ្ធសាស្ត្រដដែលនេះបានសង្កត់ធ្ងន់ថា ដរាបណាឥទ្ធិពលនៃ «វប្បធម៌បរទេស» បន្តរីកដុះដាលខ្លាំង ហើយអឺរ៉ុបនៅតែរក្សាគោលនយោបាយបច្ចុប្បន្នរបស់ខ្លួនយូរអង្វែងបន្តទៀតនោះ ហានិភ័យនៃការកើតមានអំពើភេរវកម្មនឹងនៅតែបន្តកើតមានជាដាច់ខាត ដែលជាការគំរាមកំហែងមិនអាចចៀសផុតបានឡើយ។

ទោះជាយ៉ាងណាក៏ដោយ ភាសាធ្ងន់ៗបំផុតមួយចំនួននៅក្នុងយុទ្ធសាស្ត្រនេះ គឺត្រូវបានបម្រុងទុកសម្រាប់អឺរ៉ុប ដែលជាជម្រករបស់សម្ព័ន្ធមិត្តអាមេរិកជាច្រើន ដែលពួកគេមានការព្រួយបារម្ភនៅពេលឃើញទ្វីបរបស់ខ្លួន ស្ថិតក្នុងរង្វង់ខ្មៅ ឬក្លាយជាគោលដៅវាយប្រហារ របស់រដ្ឋបាលលោក ត្រាំ ម្តងទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម