Connect with us

ព័ត៌មានអន្ដរជាតិ

វិបត្តិបំណុល៖ កសិករថៃ ២លាននាក់ ប្រឈមនឹងការជំពាក់លុយគេ អស់មួយជីវិត

បានផុស

នៅ

ជីវភាពរបស់​កសិករថៃ កំពុងតែធ្លាក់ក្នុងស្ថានភាពដុនដាបគួរឲ្យ​បារម្ភ បន្ទាប់ពីការសិក្សាថ្មីមួយ បានរកឃើញការពិតដ៏ជូរចត់ថា កសិករជាងពាក់កណ្តាល ដែលបានខ្ចីបុលគេ ទំនងជាគ្មានសមត្ថភាពអាចសងបំណុលវិញបានឡើយ សូម្បីតែដល់ថ្ងៃ ដែលពួកគេចាកចេញពីលោកនេះទៅក៏ដោយ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់ Pime Asia News កាល​ពី​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២៦ ដោយ​ដកស្រង់​​របាយការណ៍ពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចរបស់ធនាគារកណ្តាលថៃ។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករប្រមាណជា ២លាន​នាក់ នឹងមិនអាចរើខ្លួនរួចពីគំនរបំណុល ក្នុងពេលអនាគតបានទេ ហើយអ្នកខ្លះទៀត អាចនឹងបន្តសងបំណុលរហូតដល់វ័យលើសពី ៧០ឆ្នាំ ដែលជាវ័យមិនអាចរកចំណូលបានទៀតឡើយ។

បញ្ហាដ៏ចាក់ស្រែះនេះ កើតឡើង ដោយសារកត្តាសំខាន់ពីរ គឺ សមត្ថភាពក្នុងការរកចំណូលទាប និងទម្លាប់នៃការសងប្រាក់មិនមានប្រសិទ្ធភាព។ កសិករភាគច្រើន កំពុងប្រឈមនឹងបញ្ហាចំណូលមិនទៀងទាត់ និងមិនសមស្របទៅនឹងពេលវេលា ដែលត្រូវសងធនាគារ។ អ្វីដែលគួរឲ្យ​ព្រួយបារម្ភនោះគឺថា កសិករខ្លះទោះបីជាខំប្រឹងកែប្រែទម្លាប់ចាយវាយយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចសងរួចដែរ ព្រោះបំណុល ដែលពួកគេជំពាក់ គឺមានចំនួនច្រើនហួសពីលទ្ធភាពជាក់ស្ដែងបាត់ទៅហើយ។

ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ ចំនួនកសិករ ដែលសងបានតែការប្រាក់ ប៉ុន្តែមិនអាចកាត់បន្ថយប្រាក់ដើម​បានសោះ បានកើនឡើងយ៉ាងគំហុកពី ២០ភាគរយ ដល់ជាង ៥០ភាគរយ។ កន្លងមក រដ្ឋាភិបាលថៃ បានព្យាយាមជួយ តាមរយៈការផ្អាកការសងបំណុលបណ្ដោះអាសន្ន ឬការបញ្ចុះអត្រាការប្រាក់ ប៉ុន្តែវិធានការទាំងនោះហាក់បីដូចជា ការបិទបាំងមុខរបួស​តែមួយគ្រាៗប៉ុណ្ណោះ ហើយថែមទាំងធ្វើឲ្យ​វដ្តបំណុលកាន់តែរុំកោះខ្លាំងជាងមុនទៅវិញ។ បច្ចុប្បន្ន កម្រិតបំណុលមធ្យមរបស់កសិករ បានកើនឡើងរហូតដល់ ២៥០ ០០០បាត (ប្រហែលជាង ៧ ០០០ដុល្លារ) ដែលជាតួលេខខ្ពស់ជាងគ្រួសារទូទៅដល់ទៅ ៣ដង។

តាមពិតទៅ បញ្ហាបំណុលនេះ អាចនឹងធ្ងន់ធ្ងរជាងអ្វី ដែលយើងបានឃើញនៅក្នុងតួលេខផ្លូវការទៅទៀត ព្រោះកសិករជាច្រើន នៅតែព្យាយាមខាំធ្មេញសងប្រាក់បន្តិចបន្តួច ដើម្បីកុំឲ្យ​ខូចឈ្មោះ ប៉ុន្តែតាមពិត ពួកគេកំពុងជាប់ក្នុង «អន្ទាក់បំណុលអចិន្ត្រៃយ៍» រួចទៅហើយ។ ដើម្បីដោះស្រាយបញ្ហានេះ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចរបស់ធនាគារកណ្តាលថៃ បានជំរុញឲ្យ​រដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់គោលនយោបាយជួយរយៈពេលខ្លី ដែលគ្មានប្រសិទ្ធភាព ហើយងាកមកកែទម្រង់រចនាសម្ព័ន្ធកសិកម្មទាំងមូលវិញ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយគ្រប់គ្រងឥណទាន និងសំខាន់បំផុត គឺត្រូវរកវិធីធ្វើយ៉ាងណាឲ្យកសិករអាចរកចំណូលបានកាន់តែច្រើន និងមានស្ថិរភាពជាងមុន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម