Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស

បានផុស

នៅ

កូរ៉េខាងជើង បានប្រកាសគម្រោងដាក់ពង្រាយកាំភ្លើងធំស្វ័យចលនាស៊េរីថ្មី នៅតាមបណ្តោយព្រំដែនជាប់កូរ៉េខាងត្បូង ឲ្យ​បានមុនដំណាច់​ឆ្នាំ​២០២៦ នេះ។

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ចុះផ្សាយ​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៦ លោក គីម ជុងអ៊ុន បានចុះទៅពិនិត្យដោយផ្ទាល់ដល់រោងចក្រផលិតអាវុធ ដើម្បីតាមដានការផលិតកាំភ្លើងធំខ្នាត ១៥៥មិល្លិម៉ែត្រ ដែលគ្រោងនឹងយកទៅបំពាក់ឲ្យ​កងវរសេនាតូចចំនួនបី នៅតំបន់ជួរមុខ។ អ្វីដែលគួរឲ្យ​កត់សម្គាល់នោះគឺ កាំភ្លើងធំប្រភេទថ្មីនេះ មានសមត្ថភាពបាញ់បានចម្ងាយជាង ៦០គីឡូម៉ែត្រ ដែលមានន័យថា ទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង នឹងស្ថិតក្នុងគោលដៅបាញ់ស្រាប់តែម្ដង ប្រសិនបើមានការវាយប្រហារចេញពីតំបន់ព្រំដែន។

នៅក្នុងឱកាសនោះ លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៦ នេះ នឹងក្លាយជាឆ្នាំ ដែលកូរ៉េខាងជើងពង្រឹងវិស័យការពារជាតិ ឲ្យ​កាន់តែខ្លាំងក្លាបំផុតមិនធ្លាប់មានពីមុនមក។ មេដឹកនាំ​កូរ៉េ​ខាង​ជើង​រូប​នេះ បានជំរុញឲ្យ​មន្ត្រី និងអ្នកពាក់ព័ន្ធទាំងអស់ ខិតខំប្រឹងប្រែងឲ្យ​អស់ពីសមត្ថភាព ដើម្បីសម្រេចឲ្យ​បាននូវភាពជោគជ័យជារៀងរាល់ថ្ងៃ ក្នុងបេសកកម្មពង្រឹងកម្លាំងយោធា។

ក្រៅពីការពិនិត្យអាវុធធុនធ្ងន់ លោក គីម ជុងអ៊ុន ក៏បាននាំកូនស្រីជាទីស្រឡាញ់គឺ កញ្ញា ជូអេ ទៅទស្សនកិច្ចនៅលើនាវាចម្បាំងខ្នាតយក្ស ដែលមានទម្ងន់ដល់ទៅ ៥ ០០០តោន ឈ្មោះថា «Choe Hyon» ផងដែរ។ លោកបានឡើងជិះលើនាវាចម្បាំងប្រភេទពិឃាតនេះ ដើម្បីធ្វើតេស្តបើកបរ និងពិនិត្យមើលប្រព័ន្ធប្រយុទ្ធផ្ទាល់ នៅតំបន់សមុទ្រលឿង។ ក្រោយពីបានឃើញសមត្ថភាពដ៏អស្ចារ្យនៃនាវានេះ លោកបានបង្ហាញការពេញចិត្តយ៉ាងខ្លាំង និងបានបញ្ជាឲ្យ​បញ្ជូននាវានេះ ទៅឲ្យ​កងទ័ពជើងទឹកប្រើប្រាស់ជាផ្លូវការ នៅពាក់កណ្តាលខែមិថុនា ខាងមុខ។

អ្នកវិភាគជាច្រើនជឿជាក់ថា នាវាចម្បាំងថ្មីនេះ មិនមែនជានាវាធម្មតាៗឡើយ ព្រោះវាអាចមានសមត្ថភាពបាញ់មីស៊ីល ដែលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានទៀតផង។ នេះគឺជាផ្នែកមួយនៃមហិច្ឆតារបស់លោក គីម ក្នុងម្ចាស់ការលើវិស័យសមុទ្រ ដោយលោកថែមទាំងបានបញ្ជាឲ្យ​សាងសង់នាវាទី៣ បន្ថែមទៀត ដើម្បីឲ្យ​ទាន់ការអបអរសាទរខួបបង្កើតគណបក្សពលករកូរ៉េ នៅថ្ងៃទី១០ ខែតុលា បន្ទាប់ពីលោកទើបតែបានដាក់ឲ្យ​ដំណើរការនាវាចម្បាំងស្រដៀងគ្នានេះកាលពីឆ្នាំមុន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម