Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី​អង់គ្លេស ​Keir Starmer ប្តេជ្ញាមិនលាលែងតំណែង ទោះរង​សម្ពាធ​ធ្ងន់​

បានផុស

នៅ

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្តេជ្ញាចិត្តថា នឹងបន្តតស៊ូក្នុងតំណែង ដោយលោកបានពណ៌នារដ្ឋាភិបាលរបស់ខ្លួនថា ជា «គម្រោងរយៈពេល ១០ឆ្នាំ» ទោះបីជាមានការអំពាវនាវកាន់តែខ្លាំងឲ្យចុះចេញពីតំណែង បន្ទាប់ពីគណបក្សរបស់លោក បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការបោះឆ្នោតក្នុងស្រុកកាលពីដើមសប្តាហ៍មុន​ក៏ដោយ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មាន Reuters ​ផ្សាយ​កាលពីថ្ងៃទី ១០ ខែឧសភា ឲ្យ​ដឹងថា គណបក្សពលករ (Labour Party) របស់ លោក Starmer បានជួបប្រទះនឹងការបាត់បង់អាសនៈក្នុងស្រុកដ៏អាក្រក់បំផុតសម្រាប់គណបក្សកាន់អំណាចក្នុងរយៈពេលជាង ៣ទសវត្សរ៍ ខណៈដែលគណបក្ស Reform UK ទទួលបានការគាំទ្រនិងប្រជាប្រិយភាពយ៉ាងខ្លាំង ដែលជាហេតុធ្វើឲ្យសមាជិកសភាគណបក្សពលករមួយចំនួន ចាប់ផ្ដើមទាមទារឲ្យដកលោកចេញពីតំណែង។

មិនតែប៉ុណ្ណោះ អតីតរដ្ឋមន្ត្រីម្នាក់នៅក្នុងរដ្ឋាភិបាលលោក Starmer គឺលោកស្រី Catherine West បានគំរាមស្វែងរកការគាំទ្រពីសមាជិកសភា ដើម្បីជំរុញឲ្យមានការប្រកួតប្រជែងជ្រើសរើសមេដឹកនាំថ្មី លើកលែងតែគណៈរដ្ឋមន្ត្រីចាត់វិធានការដកលោកចេញត្រឹមថ្ងៃច័ន្ទនេះ។

យោងតាមច្បាប់របស់គណបក្ស គេត្រូវការសំឡេងគាំទ្រ ២០% នៃសមាជិកសភាបក្ស (ស្មើនឹង ៨១រូប) ដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតទម្លាក់មេដឹកនាំ។ រហូតមកដល់ពេលនេះ មានសមាជិកសភាប្រហែល ៣០រូបហើយ ដែលបានចេញមុខប្រឆាំងនឹងការដឹកនាំរបស់លោកជាសាធារណៈ។

ដោយឡែក នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត Observer ដែលបានចុះផ្សាយកាលពីថ្ងៃអាទិត្យ នៅពេលគេសួរថា តើលោកនឹងបន្តដឹកនាំគណបក្សពលករក្នុងការបោះឆ្នោតជាតិ អាណត្តិក្រោយ និងបន្តកាន់តំណែងឲ្យចប់អាណត្តិទីពីរដែរឬទេ លោក Starmer បានឆ្លើយតបថា៖ «បាទ ខ្ញុំនឹងធ្វើ» ដោយលោកបានបន្ថែមថា «ខ្ញុំនឹងមិនដើរចេញពីការងារដែលខ្ញុំត្រូវបានជ្រើសរើសឲ្យធ្វើកាលពីខែកក្កដា ឆ្នាំ២០២៤ នោះទេ។ ខ្ញុំនឹងមិនធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងភាពចលាចលឡើយ»។

យ៉ាងណាមិញ ប្រសិនបើលោក Starmer ត្រូវបានដកចេញពីតំណែងក្នុងសប្តាហ៍ខាងមុខនេះ ប្រទេសអង់គ្លេសនឹងមាននាយករដ្ឋមន្ត្រីទី៧ ក្នុងរយៈពេលត្រឹមតែ ១០ឆ្នាំចុងក្រោយនេះ។ ផ្ទុយទៅវិញ ប្រសិនបើលោកអាចកាន់តំណែងបានដល់ចប់អាណត្តិទីពីរ លោកនឹងក្លាយជាមេដឹកនាំអង់គ្លេសដែលកាន់តំណែងជាប់ៗគ្នាបានយូរជាងគេទី៣ ក្នុងរយៈពេលពីរសតវត្សចុងក្រោយ បន្ទាប់ពីលោកស្រី Margaret Thatcher និងលោក Tony Blair៕

អត្ថបទ៖ សាង ស្រីល័ក្ខ

លោក ម៉ាក្រុង ច្រានចោល​លទ្ធភាព​បញ្ជូនទ័ពទៅច្រក Hormuz ជាឯកតោភាគី ​មុន​ការ​​ពិគ្រោះ​ជាមួយ អ៊ីរ៉ង់
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម