ព័ត៌មានអន្ដរជាតិ
Hegseth ជំរុញបង្កើនចំណាយយោធាដល់ ១,៥ទ្រីលានដុល្លារ ខណៈប្រតិបត្តិការវាយអ៊ីរ៉ង់ កំពុងរងការរិះគន់ខ្លាំង
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានចូលខ្លួនមកឆ្លើយបំភ្លឺ ចំពោះមុខសភាជាថ្មី កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ដើម្បីការពារគម្រោងកញ្ចប់ថវិកាយោធាដ៏មហាសាលចំនួន ១,៥ទ្រីលានដុល្លារ សម្រាប់ឆ្នាំ២០២៧។

តាមការចុះផ្សាយរបស់ AP នាថ្ងៃទី១៣ ខែឧសភា នេះ ក្នុងឱកាសនោះ លោក Hegseth បានអះអាងថា បទឈប់បាញ់ជាមួយប្រទេសអ៊ីរ៉ង់ នៅតែបន្តមានប្រសិទ្ធភាព បើទោះបីជាមានការបាញ់បោះដាក់គ្នាខ្លះៗកាលពីពេលថ្មីៗនេះក៏ដោយ។ លោកបានពន្យល់ថា ពាក្យថា «ឈប់បាញ់» គឺមានន័យថាការបាញ់ប្រហារ ត្រូវបានកាត់បន្ថយ ដើម្បីទុកឱកាសឱ្យការចរចាអាចបន្តទៅមុខបាន។
យ៉ាងណាមិញ តួលេខចំណាយនៃសង្គ្រាមនេះ កំពុងក្លាយជាប្រធានបទក្ដៅគគុក បន្ទាប់ពីមន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ បានទម្លាយថា ការចំណាយក្នុងប្រតិបត្តិការយោធាជាមួយអ៊ីរ៉ង់ បានហក់ឡើងដល់ជិត ២៩ពាន់លានដុល្លារហើយ ពោលគឺកើនឡើងដល់ទៅ ៤ពាន់លានដុល្លារ បើធៀបនឹងការប៉ាន់ស្មានកាលពីពីរសប្តាហ៍មុន។ ការកើនឡើងនេះ បណ្ដាលមកពីការចំណាយលើការជួសជុល និងការជំនួសគ្រឿងយុទ្ធោបករណ៍ ដែលខូចខាត ក៏ដូចជាការចំណាយលើប្រតិបត្តិការប្រចាំថ្ងៃផ្សេងៗទៀត។
ស្របពេលជាមួយគ្នានេះ ប្រធានាធិបតី ដូណាល់ ត្រាំ ក៏កំពុងរងសម្ពាធយ៉ាងខ្លាំងពីបញ្ហាសេដ្ឋកិច្ច បន្ទាប់ពីអ៊ីរ៉ង់ បានបិទច្រកសមុទ្រ Hormuz ដែលជាដង្ហើមសេដ្ឋកិច្ចពិភពលោក។ ការបិទច្រកសមុទ្រនេះ បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ដល់ទៅ ៥,៤% ក្នុងរយៈពេលត្រឹមតែមួយខែ ដែលនាំឱ្យអត្រាអតិផរណានៅអាមេរិកកើនឡើងដល់ ៣,៨%។ ស្ថានភាពនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនអាមេរិកយ៉ាងខ្លាំង និងបង្កឱ្យមានការតវ៉ាប្រឆាំងសង្គ្រាម សូម្បីតែនៅក្នុងសាលសវនាការរបស់សភា។
នៅក្នុងសភា ក៏មានការរិះគន់ខ្លាំងៗពីសំណាក់សមាជិកសភាទាំងសងខាងផងដែរ។ លោក Mitch McConnell មេដឹកនាំគណបក្សសាធារណរដ្ឋម្នាក់ បានសម្ដែងការមិនពេញចិត្ត ចំពោះរបៀបដែលរដ្ឋបាលលោក ត្រាំ មើលរំលងសារៈសំខាន់នៃសម្ព័ន្ធមិត្ត និងការចាត់ចែងថវិកា ដែលមិនមានតម្លាភាព។ ចំណែកសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យវិញ បានរិះគន់ថា លោក ត្រាំ ហាក់ដូចជាផ្ដោតអារម្មណ៍ខ្លាំងពេកទៅលើការសាងសង់សាលពិធីជប់លៀង និងក្លោងទ្វារជ័យជម្នះ ដែលមានតម្លៃរាប់ពាន់លានដុល្លារ ជាជាងការស្វែងរកជ័យជម្នះពិតប្រាកដក្នុងសង្គ្រាម។
មុនពេលចាកចេញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន លោក ត្រាំ បានទទួលស្គាល់ថា បញ្ហាជាមួយអ៊ីរ៉ង់ គឺជាប្រធានបទសំខាន់ ដែលលោកត្រូវពិភាក្សាជាមួយលោក ស៊ី ជីនពីង។ ទោះជាយ៉ាងណា មន្ទីរបញ្ចកោណ បានអះអាងថា ខ្លួននៅតែមានផែនការច្បាស់លាស់ ក្នុងការដោះស្រាយស្ថានការណ៍ មិនថាក្នុងករណី ដែលសង្គ្រាមត្រូវផ្ទុះឡើងខ្លាំងជាងមុន ឬក្នុងករណី ដែលត្រូវដកថយនោះទេ។ ពិភពលោកកំពុងតាមដានមើលថា តើដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ទីក្រុងប៉េកាំង អាចនឹងជួយដោះស្រាយវិបត្តិថាមពល និងសង្គ្រាម ដែលកំពុងស៊ីសាច់ហុតឈាមនេះបានកម្រិតណា៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


