ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ គំរាម បង្ករឿងភ្ញាក់ផ្អើលជាងមុន បើលោក ត្រាំ ហ៊ានចាប់ផ្តើមសង្គ្រាម ជាថ្មី មែន
ដ្បិតស្នូរផ្ទុះអាវុធ ហាក់ស្ងប់ស្ងាត់ក៏ពិតមែន ប៉ុន្តែសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ នៅតែបញ្ឆេះសង្គ្រាមពាក្យសម្តីដាក់គ្នា ដោយមានការគំរាមទៅវិញទៅមក ជាពិសេសប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ តែម្តង ដែលតែងចេញសារព្រមានជាបន្តបន្ទាប់ នៅលើបណ្តាញសង្គម Truth Social ដើម្បីដាក់សម្ពាធ ខ្លាំងក្លាលើអ៊ីរ៉ង់។

យ៉ាងណា ទីក្រុងតេហរ៉ង់ឯណោះ នៅមិនញញើតដែរ ដោយនៅតែបោះពាក្យសម្តីនិងសម្លុតបកទៅវិញដូចគ្នា។ ជាក់ស្តែង បើតាមការផ្សាយរបស់ Sky News នៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi គំរាមទីក្រុងវ៉ាស៊ីនតោនថា នឹងមានរឿងភ្ញាក់ផ្អើលជាងមុន កើតឡើង បើអាមេរិក ចាប់ផ្តើមសង្គ្រាម សាជាថ្មី។
សង្គ្រាមមជ្ឈិមបូព៌ា ដែលផ្ទុះឡើងដោយសារតែអាមេរិក ចាប់ដៃអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ បានធូរស្រាលបន្តិច បន្ទាប់ពីលោក ត្រាំ ប្រកាសកាលពីសប្តាហ៍មុន បន្តបទឈប់បាញ់ មិនកំណត់ពេល រង់ចាំទីក្រុងតេហេរ៉ង់ វិលមកកាន់តុចរចា ចុះកិច្ចព្រមព្រៀងសន្តិភាព។

ទោះបែបនេះ ការចរចាត្រូវជាប់គាំង ដោយសារភាគីទាំងសងខាង មិនចុះសម្រុងគ្នា លើលក្ខខណ្ឌ ដែលដាក់ទៅរៀងៗខ្លួន ហើយក្រោយមក ប្រធានាធិបតីអាមេរិក ហាក់ក្នក់ចិត្ត រួចក៏ប្រកាសថា នឹងបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំឡើងវិញ វាយប្រហារអ៊ីរ៉ង់ ឲ្យចាស់ដៃ។
យ៉ាងណា ឥឡូវអ៊ីរ៉ង់ គំរាមថា បើលោកត្រាំ ពិតជាហ៊ានវិលត្រឡប់ទៅកាន់សមរភូមិណាមួយជាថ្មី នោះនឹងនាំមកនូវការភ្ញាក់ផ្អើល កាន់តែធំធេងថែមទៀត សម្រាប់ទីក្រុងវ៉ាស៊ីនតោន។

លោក Araghchi សរសេរថា៖ «ជាច្រើនខែ បន្ទាប់ពីសង្គ្រាមផ្ទុះលើអ៊ីរ៉ង់ សភាអាមេរិក បានទទួលស្គាល់ នូវការបាត់បង់យន្តហោះចម្បាំងរាប់សិបគ្រឿង ដែលមានតម្លៃ ខ្ទង់ពាន់លានដុល្លារ។ កងកម្លាំងប្រដាប់អាវុធ ដ៏មានអំណាចរបស់យើង ត្រូវបានបញ្ជាក់ថា គឺជាកងទ័ពដំបូងគេបង្អស់ ដែលបានបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ដែលគេតែងតែអួតអាង។ ជាមួយនឹងមេរៀនដែលទទួលបាន និងចំណេះដឹងដែលយើងប្រមូលបាន ការវិលត្រឡប់ទៅរកសង្គ្រាមវិញ នឹងបង្ហាញនូវការភ្ញាក់ផ្អើលជាច្រើនបន្ថែមទៀត»។
ស្របពេលជាមួយគ្នានោះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏គំរាមដែរថា បើអាមេរិក បើកការវាយប្រហារជាថ្មីមែន សង្គ្រាមនឹងរីករាលដាល ហួសពីតំបន់នេះទៅទៀត ពោលគឺនឹងបើកឲ្យមានសមរភូមិថ្មីៗជាច្រើន។

សូមជម្រាបជាថ្មី សង្គ្រាមអ៊ីរ៉ង់ ផ្ទុះឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារ ផ្ដោតសំខាន់លើទីតាំងនុយក្លេអ៊ែរ ឃ្លាំងមីស៊ីល-ដ្រូន និងទីបញ្ជាការដ្ឋានរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ហើយឈានដល់ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei និងមន្ត្រីកំពូលៗច្រើននាក់ថែមទៀតផង។
ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រធ្វើឲ្យសង្គ្រាមកាន់តែរីករាលដាល នាពេលនោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


