អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយ បន្ទាប់ពីតៃវ៉ាន់បានបាញ់ព្រមានដាក់យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់ចិន ដែលសម្រុកចូលទៅជិតកោះមួយគ្រប់គ្រងដោយតៃវ៉ាន់ ។
លោកស្រី Karine Jean-Pierre
នៅពេលត្រូវបានសួរអំពីការបាញ់ប្រហាររបស់តៃវ៉ាន់ទៅកាន់យន្តហោះគ្មានមនុស្សបើករបស់ចិន លោកស្រី Jean-Pierre បានប្រាប់សន្និសីទសារព័ត៌មានមួយថា “គោលនយោបាយរបស់យើងចំពោះតៃវ៉ាន់នៅតែមិនផ្លាស់ប្ដូរ ហើយវាមានរយៈពេលជាច្រើនទសវត្សរ៍មកហើយ” ។
លោកស្រីបាននិយាយទៀតថា “យើងនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយ ។ ហើយអនុលោមតាមគោលនយោបាយនោះ យើងនឹងបន្តហោះហើរ បន្តធ្វើដំណើរ និងប្រតិបត្តិការទៅកាន់កន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាតឲ្យយើងធ្វើ ជាពិសេសស្របតាមការប្តេជ្ញាចិត្តយូរអង្វែងរបស់យើងចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ ហើយវារួមបញ្ចូលទាំងការធ្វើដំណើរតាមផ្លូវអាកាស និងផ្លូវសមុទ្រតាមច្រកសមុទ្រតៃវ៉ាន់ផងដែរ” ។
ចំណែកក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា នេះជាលើកទីមួយហើយដែលការបាញ់ព្រមានដាក់យន្តហោះដ្រូនរបស់ចិនពីសំណាក់កោះតៃវ៉ាន់ត្រូវបានអនុវត្តនៅក្នុងឧប្បត្តិហេតុបែបនេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងតៃវ៉ាន់ ។
ស្ថានការណ៍ជុំវិញកោះតៃវ៉ាន់កាន់តែឡើងកម្ដៅ បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានទៅទស្សនាកោះនេះកាលពីដើមខែសីហា ខណៈប្រទេសចិនក៏បានថ្កោលទោសការធ្វើដំណើរនេះផងដែរ ដោយចាត់ទុកថាជាកាយវិការនៃការគាំទ្រដល់ការបំបែកខ្លួន ហើយបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំនៅតំបន់ជុំវិញកោះនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក គណៈប្រតិភូជាន់ខ្ពស់អាមេរិកផ្សេងទៀតនៅតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ដដែល ។
ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីអធិបតេយ្យភាពរបស់ខ្លួន ហើយប្រឆាំងនឹងទំនាក់ទំនងផ្លូវការណាមួយរវាងកោះនេះ និងប្រទេសដទៃទៀត ។ ទោះយ៉ាងណា សហរដ្ឋអាមេរិកនៅតែរក្សាទំនាក់ទំនងយ៉ាងសកម្មជាមួយតៃវ៉ាន់ ហើយកំពុងលក់អាវុធមានតម្លៃរាប់ពាន់លានដុល្លារទៅឲ្យកោះនេះថែមទៀតផង ។
រដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយម្តងហើយម្តងទៀតថា គោលការណ៍ចិនតែមួយ គឺជាមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-អាមេរិក ហើយការបំពានដោយក្រុងវ៉ាស៊ីនតោននៃកាតព្វកិច្ចរបស់ខ្លួនបាននឹងកំពុងធ្វើឲ្យខូចដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ តៃវ៉ាន់ បាញ់គ្រាប់ពិតព្រមានដ្រូន ចិន បន្ទាប់ពីលោកស្រី Tsai បញ្ជាឲ្យកងទ័ព ចាត់វិធានការតបតខ្លាំងក្លា