Connect with us

ព័ត៌មានអន្ដរជាតិ

រឿងរ៉ាវ នៃការវាយប្រហារភេរវកម្ម លើអគារពាណិជ្ជកម្មនៅអាមេរិក ថ្ងៃទី១១ ខែកញ្ញា

បានផុស

នៅ

ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ គឺជាថ្ងៃដែលប្រជាជនអាមេរិកឈឺចាប់បំផុត ហើយពិភពលោកទាំងមូលមានក្តីរន្ធត់យ៉ាងខ្លាំង ដោយសារតែការវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្ម។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកក្នុងសហរដ្ឋអាមេរិក បានឆក់យកអាយុជីវិតមនុស្សជិត ៣,០០០ នាក់ និងជាង ៦,០០០ នាក់រងរបួស ហើយវាជាការវាយប្រហារមួយ ក្រោមការដឹកនាំអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិកទី ៤៣ លោក George W. Bush។

លោក George W. Bush (រូបថត៖ AP)

ការវាយប្រហារនៅព្រឹកថ្ងៃទី១១ខែកញ្ញា ឬគេហៅថា ព្រឹត្តិការណ៍ ៩/១១ គឺជាការវាយប្រហារភេរវកម្មបណ្តាក់គ្នាចំនួន៤លើក ដោយក្រុមភេរវករឥស្លាមអាល់កៃដា ប្រឆាំងនឹងសហរដ្ឋអាមេរិក។ ការវាយប្រហារនោះ បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន២,៩៧៧នាក់ របួសជាង២៥,០០០នាក់ និងបង្កបញ្ហាសុខភាពរយៈពេលវែង។ លើសពីនេះ មានការខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងទ្រព្យសម្បត្តិគិតជាទឹកប្រាក់យ៉ាងហោចណាស់ ១០ពាន់លានដុល្លារ។

៩/១១ គឺជាការវាយប្រហារភេរវកម្មដែលសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រមនុស្សនិងជាហេតុការណ៍មានអ្នកពន្លត់អគ្គិភ័យនិងមន្រ្តីអនុវត្តច្បាប់ ស្លាប់ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដោយអ្នកពន្លត់អគ្គិភ័យចំនួន៣៤៣នាក់បានស្លាប់ និងមន្រ្តីអនុវត្តច្បាប់៧២នាក់ស្លាប់។

(រូបថត៖ AP)

យន្តហោះដឹកអ្នកដំណើរចំនួន៤គ្រឿង បានចាកចេញពីអាកាសយានដ្ឋាននៅភាគឦសានសហរដ្ឋអាមេរិកឆ្ពោះរដ្ឋ California ប៉ុន្តែយន្តហោះទាំងនោះត្រូវបានប្លន់ដោយភេរវករអាល់កៃដាចំនួន១៩នាក់។

យន្ដហោះពីរគ្រឿងដែលមួយជាជើងហោះហើរលេខ១១របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines និងមួយទៀតជាជើងហោះហើរលេខ១៧៥របស់ក្រុមហ៊ុន United Airlines បានហោះបុកអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកចំខាងជើង និងខាងត្បូង ក្នុងសង្កាត់ Manhattan ខណៈក្នុងរយៈពេលមួយម៉ោងនិង៤២នាទី អគារកម្ពស់១១០ជាន់ទាំងពីរបានបាក់រលំ។

(រូបថត៖ AP)

យន្ដហោះទី៣ ជាជើងហោះហើរលេខ៧៧របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានបុកមន្ទីរបញ្ចកោណក្នុងតំបន់ Arlington នៃរដ្ឋ Virginia ដែលបណ្តាលឲ្យបាក់ផ្នែកខាងលិចនៃអគារ ហើយយន្តហោះទី៤ ជាជើងហោះហើរលេខ៩៣របស់ក្រុមហ៊ុន United Airlines ដំបូងឡើយហោះឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ប៉ុន្តែបានធ្លាក់នៅវាលមួយក្នុងទីក្រុង Stonycreek នៃរដ្ឋ Pennsylvania បន្ទាប់ពីអ្នកដំណើរតតាំងជាមួយភេរវករ។

ភ្លាមៗនោះ ការសង្ស័យបានធ្លាក់ទៅលើក្រុមអាល់កៃដា។ សហរដ្ឋអាមេរិកបានឆ្លើយតបវិញដោយចាប់ផ្តើមសង្គ្រាមប្រឆាំងភេរវកម្មនិងលុកលុយប្រទេសអាហ្វហ្គានីស្ថាន ដើម្បីលុបបំបាត់ក្រុមតាលីបង់ដែលមិនបានគោរពតាមការទាមទាររបស់សហរដ្ឋអាមេរិកឲ្យបណ្តេញក្រុមអាល់កៃដាចេញពីប្រទេសអាហ្វហ្គានីស្ថាន និងធ្វើបត្យាប័នមេដឹកនាំរបស់ពួកគេគឺលោក អូសាម៉ាប៊ីនឡាដិន។

លោក អូសាម៉ាប៊ីនឡាដិន (រូបថត៖ AP)

ចាប់តាំងពីពេលនោះមក ប្រទេសជាច្រើនបានពង្រឹងច្បាប់ប្រឆាំងអំពើភេរវកម្មរបស់ពួកគេ ហើយពង្រីកអំណាចនៃមន្ត្រីអនុវត្តច្បាប់និងភ្នាក់ងារស៊ើបការណ៍សម្ងាត់ដើម្បីទប់ស្កាត់ការវាយប្រហារភេរវកម្ម។

ថ្វីបើពីដំបូងឡើយ ប៊ីនឡាដិន បដិសេធការពាក់ព័ន្ធណាមួយក៏ដោយ ប៉ុន្តែនៅឆ្នាំ២០០៤ គាត់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ។ ក្រុមអាល់កៃដា និងលោក ប៊ីនឡាដិន បានលើកឡើងពីការគាំទ្ររបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីស្រាអែល, វត្តមានរបស់កងទ័ពសហរដ្ឋអាមេរិកនៅអារ៉ាប៊ីសាអូឌីត និងការដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ាក់ ថាជាហេតុផលនៃការវាយប្រហារ។ ក្រោយរត់គេចពីការចាប់ខ្លួនអស់រយៈពេលជិតមួយទសវត្សរ៍ ប៊ីនឡាដិន ត្រូវបានគេរកឃើញនៅក្នុងប្រទេសប៉ាគីស្ថាន នាឆ្នាំ២០១១ ហើយសម្លាប់ក្នុងអំឡុងការវាយឆ្មក់របស់យោធាសហរដ្ឋអាមេរិក។

(រូបថត៖ AP)

ការបំផ្លិចបំផ្លាញមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធដែលនៅក្បែរនោះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចទីក្រុងញូវយ៉ក និងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារពិភពលោក។

Wall Street ត្រូវបិទរហូតដល់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០០១ ហើយដែនអាកាសស៊ីវិលរបស់សហរដ្ឋអាមេរិកនិងកាណាដា ត្រូវបិទរហូតដល់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០០១។ ការបោសសម្អាតទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកត្រូវបានបញ្ចប់នៅខែឧសភាឆ្នាំ២០០២ ហើយមន្ទីរបញ្ចកោណត្រូវបានជួសជុលក្នុងរយៈពេលមួយឆ្នាំ។ ការស្ថាបនាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកបានចាប់ផ្តើមនៅខែវិច្ឆិកា២០០៦ហើយអគារនេះបានបើកនៅខែវិច្ឆិកាឆ្នាំ២០១៤៕

អត្ថបទ៖ Vann Vann

ចុចអាន៖ ២០ឆ្នាំនៅតែឈឺចាប់៖ ជីកកកាយ មូលហេតុដែល អាល់កៃដា វាយប្រហារភេរវកម្ម លើ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម