ព័ត៌មានអន្ដរជាតិ
ប៉ូលិសប្រកាសចម្លើយសារភាពជនដៃដល់ហក់ចាក់កញ្ចឹង ក មេបក្សប្រឆាំង កូរ៉េខាងត្បូង
“ខ្ញុំចង់សម្លាប់លោក Lee Jae-myung ដើម្បីកុំឲ្យមានមុខធ្វើជាប្រធានាធិបតី” ។ នេះគឺជាចម្លើយសារភាពប្រាប់ក្រុមអ្នកស៊ើបអង្កេតរបស់ជនដៃដល់ដែលហក់ចាក់កញ្ចឹង ក មេបក្សប្រឆាំងដ៏ធំបំផុតរបស់កូរ៉េខាងត្បូង និងត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yonhap កាលពីថ្ងៃទី១១ ខែមករាកន្លងទៅ ។

ប៉ូលិសទីក្រុង Busan បានប្រកាសពីចម្លើយសារភាពទៅដល់សាធារណជន ស្របពេលបញ្ជូនជនដៃដល់វ័យ ៦៧ ឆ្នាំដែលមាននាមត្រកូល Kim ទៅកាន់អយ្យការដើម្បីបើកការស៊ើបអង្កេតបន្ថែម ក៏ដូចជាចោទប្រកាន់ជាផ្លូវការពីបទ “ប៉ុនប៉ងមនុស្សឃាត” ។
ទន្ទឹមនោះ លោក Woo Chul-moon មេប៉ូលិសក្រុង Busan ក៏បានបញ្ជាក់ដែរថា “ជនដៃដល់បាននិយាយយ៉ាងមុខមាំថា រូបគេសម្រេចចិត្តសម្លាប់លោក Lee ដើម្បីរារាំងគាត់មិនឲ្យក្លាយជាប្រធានាធិបតី ព្រោះជនដៃដល់បានដឹងហើយថា ជនរងគ្រោះដែលជាប្រធានគណបក្សប្រជាធិបតេយ្យបានចាញ់ឆ្នោតលោក Yoon Suk Yeol យ៉ាងប្រផិតប្រផើយក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ ២០២២ ដូច្នេះសម្រាប់ការបោះឆ្នោតខាងមុខ លោក Lee អាចឈ្នះវិញក៏ថាបាន ទើបជនដៃដល់មិនចង់ឃើញមុខមេបក្សប្រឆាំងរូបនេះឡើយ” ។

លោក Woo បានលើកឡើងទៀតថា ជនដៃដល់ក៏មានការថ្នាំងថ្នាក់ចិត្តយ៉ាងខ្លាំងផងដែរ ដែលលោក Lee អាចរួចផុតពីការជាប់ទោសទណ្ឌក្នុងរឿងក្ដីក្ដាំអំពើពុករលួយនាពេលកន្លងមក ប៉ុន្តែទោះជាយ៉ាងណា ជនដៃដល់បានធ្វើការសុំអភ័យទោសទៅដល់សាធារណជនចំពោះការបង្កភាពភ័យស្លន់ស្លោរមួយនេះ ។
ស្របពេលជាមួយគ្នានេះ ប៉ូលិសក៏បានដាក់ការសន្និដ្ឋានដែរថា ជនដៃដល់នាមត្រកូល Kim បានធ្វើសកម្មភាពតែម្នាក់ឯងដោយគ្មានអ្នកឃុបឃិត ឬសមគំនិតជាមួយនោះឡើយ បន្ទាប់ពីប៉ូលិសពិនិត្យមើលកំណត់ហេតុទូរសព្ទចល័ត និងប្រវត្តិប្រតិបត្តិការហិរញ្ញវត្ថុរបស់ជនដៃដល់ ប៉ុន្តែរូបគេបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរបែបនេះចេញពីការជឿងប់រឿងនយោបាយ ។
គួរបញ្ជាក់ថា លោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលជាបក្សដ៏ធំរបស់កូរ៉េខាងត្បូងត្រូវបានជនដៃដល់នាមត្រកូល Kim ដកកាបិតហក់ទៅចាក់កញ្ចឹង ក ខាងឆ្វេងកាលពីវេលាម៉ោង ១០ និង ២៧ នាទីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ អំឡុងពេលដែលអ្នកនយោបាយវ័យ ៥៩ ឆ្នាំរូបនេះចុះទៅទីក្រុងកំពង់ផែ Busan ខណៈជនដៃដល់ក៏ត្រូវចាប់ខ្លួននៅនឹងកន្លែងផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ តើពេលនេះស្ថានភាពមុខរបួសកញ្ចឹង ក របស់មេបក្សប្រឆាំង កូរ៉េខាងត្បូង យ៉ាងណាហើយ?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


