Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បង្ហាញមុខ អ្នកសម្លាប់កងទ័ពខ្លួន ក្នុងប្រទេស ហ្ស៊កដានី

បានផុស

នៅ

BBC ចុះផ្សាយកាលពីថ្ងៃពុធទី៣១ខែមករាថា សហរដ្ឋអាមេរិក បានបង្ហាញមុខក្រុមដែលនៅពីក្រោយការវាយប្រហារក្នុងប្រទេសហ្ស៊កដានី ដែលសម្លាប់ទ័ពរបស់ខ្លួន៣នាក់ហើយ ដោយនោះគឺជាកងជីវពលគាំទ្រដោយអ៊ីរ៉ង់។

ទ័ពអាមេរិកទាំង៣នាក់ ដែលបាត់បង់ជីវិត (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការអះអាងពីអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby, ចារកម្មអាមេរិកជឿថា ចលនាតស៊ូឥស្លាម មានមូលដ្ឋានក្នុងប្រទេសអ៊ីរ៉ាក់ គឺជាក្រុមទទួលខុសត្រូវចំពោះការវាយប្រហារកាលពីចុងសប្តាហ៍លើបន្ទាយអាមេរិក ដែលក៏បណ្តាលឲ្យទ័ព៤០នាក់ រងរបួសផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមឆ័ត្រនេះ ក៏ចេញមុខទទួលខុសត្រូវរួចទៅហើយដែរ មុនការប្រកាសជាផ្លូវការពីសំណាក់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby (រូបថត៖ AP)

ទន្ទឹមនោះ លោក Kirby ក៏បានព្រមានខ្លាំងៗទៅក្រុមនោះផងដែរថា “កុំគិតថា អ្នកមិនឃើញអ្វីក្នុងរយៈពេល៤៨ម៉ោងមកនេះ មានន័យថា នឹងមិនមានអ្វីកើតឡើងនោះ។ រឿងដំបូងដែលអ្នកឃើញ នឹងមិនមែនជារឿងចុងក្រោយទេ”។

មុននេះដែរ លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសសម្រេចចិត្តសងសឹក ប៉ុន្តែថា លោកមិនចង់មានសង្គ្រាមធំ នៅមជ្ឈិមបូព៌ាឡើយ ព្រោះតំបន់នេះ កំពុងអស្ថិរភាពដោយជម្លោះអ៊ីស្រាអែល-ហ្គាហ្សារួចទៅហើយ។

មូលដ្ឋាន Tower (រូបថត៖ AP)

យ៉ាងណាក្តី អ៊ីរ៉ង់ បានចេញមុខបដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនជាប់ពាក់ព័ន្ធអ្វីទេ ជាមួយការវាយប្រហារនៅមូលដ្ឋាន Tower 22 នោះ ប៉ុន្តែទីក្រុងតេហេរ៉ង់គំរាមថា ពួកគេនឹងឆ្លើយតបចាស់ដៃទៅវិញ បើមានការវាយប្រហារណាមួយលើទឹកដីរបស់ខ្លួន ឬជនជាតិក៏ដូចជាទីតាំងរបស់ខ្លួននៅក្រៅប្រទេស។

សារព័ត៌មាន IRNA បានដកស្រង់សម្តីប្រេសិតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani ដែលនិយាយថា វាគឺជាគោលនយោបាយរបស់អ៊ីរ៉ង់ ដែលត្រូវឆ្លើយតបខ្លាំងក្លាចំពោះសត្រូវ ក្នុងករណីមានការវាយប្រហារណាមួយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីរ៉ង់ គំរាមឆ្លើយតបចាស់ដៃទៅវិញ បើអាមេរិក ហ៊ានធ្វើអ្វី ប៉ះពាល់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម