Connect with us

ព័ត៌មានអន្ដរជាតិ

៥ ខែនៃភ្លើងសង្គ្រាមនៅហ្គាហ្សា ៖ ពលរដ្ឋស្លូតត្រង់បន្តស្លាប់គរជើង វិបត្តិ​មនុស្សធម៌កាន់តែហៅលែងឮ

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤ នេះ ភ្លើងសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានចាយពេល ៥ ខែ ខណៈពេលនេះក៏មិនទាន់មានពន្លឺណាមួយមកជួយពន្លត់ភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សាឲ្យរលត់សូន្យសុងនោះដែរ ពោលមានតែចាប់ទាញដៃឲ្យជនស៊ីវិលប៉ាឡេស្ទីនស្លាប់ច្រើនឡើងៗ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបាញ់បោះដាក់​គ្នា​បាន​ផ្ទុះមានឡើងកាលពី​ថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំ២០២៣ គ្រា​ដែល​ក្រុម​ហាម៉ាស​បានបើកប្រតិបត្តិការវាយឆ្មក់ដោយមិនបានលួចប្រាប់ឲ្យដឹងមុនចូលមកដល់ក្នុងផ្ទះនៃប្រទេសអ៊ីស្រាអែល ខណៈរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលបាត់បង់រូបកាយជាង ៣០,៧០០ នាក់ទៅហើយ ស្របពេលដែលស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីបក៏កាន់តែយ៉ាប់យ៉ឺន ឯកិច្ចចរចាបទឈប់បាញ់រវាងភាគីទាំងពីរក៏ស្ទើរតែហៅលែងឮទៅទៀត ។

យោងតាមការចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK នៅថ្ងៃទី៧ ខែមីនានេះបានឲ្យដឹងថា ពិភពលោកកំពុងតែតាមដានព្រឹត្តិការណ៍មួយនេះមិនដាក់ភ្នែកឡើយ ជាពិសេសកំពុងសញ្ជឹងគិតថាតើការច្បាំងគ្នានេះអាចនឹងឈានដល់ទីបញ្ចប់ក្នុងដំណាក់កាលណាមួយ មុនពិធីបុណ្យរ៉ាម៉ាដាននាថ្ងៃអាទិត្យ ទី១០ ខែមីនានេះឬក៏យ៉ាងណានោះទេ ស្របពេលដែលការចរចាហាក់មានទឹកមាត់លេបឡើងវិញបន្តិចតាមរយៈអ្នកសម្របសម្រួល ។

ជាក់ស្ដែងគណៈប្រតិភូមកពីក្រុមហាម៉ាសបានហោះទៅដល់រដ្ឋធានីគែររបស់អេហ្ស៊ីបកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ដើម្បីជួបពិភាក្សាជាមួយតំណាងប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ស្របពេលដែលអ៊ីស្រាអែល និងអ្នកសម្រុះសម្រួលក៏បានឯកភាពគ្នាលើសំណើសុំផ្អាកច្បាំងរយៈពេល ៦ សប្តាហ៍ជាថ្នូរនឹងការដោះលែងឈ្លើយសឹកដែលត្រូវក្រុមហាម៉ាស់ចាប់ឃុំខ្លួន ។

ប៉ុន្តែមិនទាន់បាននឹងអនុវត្តផង អ៊ីស្រាអែលបែរជាបន្តបើកការវាយប្រហារលើតំបន់ហ្គាហ្សាសម្លាប់ជនស្លូតត្រង់ប្រមាណ ៨៦ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយកាលពីថ្ងៃពុធ ខណៈអាជ្ញាធរសុខាភិបាលនៅតំបន់ដែលត្រូវបានឡោមព័ទ្ធដោយចង្កូមខ្លាមួយនេះបញ្ជាក់ថា ជម្លោះរយៈពេល ៥ ខែមកនេះ មានពលរដ្ឋប៉ាឡេស្ទីដល់ទៅ ៣០,៧១៧ នាក់ទៅហើយបានស្លាប់បាត់បង់ជីវិត ។

ទន្ទឹមនោះ អ្វីដែលរុញឲ្យវិបត្តិមនុស្សធម៌កាន់តែហៅលែងឮទៀតនោះ គឺដោយសារតែបេសកកម្មនាំជំនួយចូលទៅក្នុងតំបន់មហន្តរាយត្រូវបានរាំងខ្ទប់ ជាពិសេសគឺទៅកាន់តំបន់ភាគខាងជើងហ្គាហ្សា ដោយសារតែការបាញ់បោះ និងការបង្អាក់រថយន្តដឹកជំនួយពីសំណាក់កងកម្លាំងអ៊ីស្រាអែល ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់កិច្ចការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយកាលពីថ្ងៃអង្គារថា កង្វះខាតស្បៀងអាហារនៅភាគខាងជើងតំបន់ហ្គាហ្សាកាន់តែអាណោចអាធ័ម ពោលប្រជាជនមួយចំនួនបានយកចំណីសត្វឲ្យកូនរបស់ពួកគេទទួលទាន ខណៈពលរដ្ឋខ្លះទៀតលោតឡើងលើឡានដឹកជំនួយដែលកំពុងបើក ហើយលួចយកជំនួយមនុស្សធម៌ទាំងនោះ ។

ស្របពេលជាមួយគ្នានេះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ក៏បានប្រកាសនឹងធ្វើដំណើរទៅកាន់ប្រទេសស៊ីបក្នុងសប្តាហ៍នេះផងដែរ ដើម្បីពិភាក្សាអំពីការអនុវត្តច្រករបៀងមនុស្សធម៌ផ្លូវសមុទ្រទៅកាន់តំបន់ហ្គាហ្សា ខណៈអ្នកនាំពាក្យ​របស់​លោកស្រី​បាន​ផ្ដល់ភ្លើងខៀវថា ច្រករបៀង​បែបនេះ​នឹង​ត្រូវបាន​បើក​ដំណើរការក្នុងពេល​ឆាប់ៗខាងមុខ​ ។

ទោះយ៉ាងណា សហរដ្ឋអាមេរិកកាលពីដើមខែមីនានេះក៏បានបើកប្រតិបត្តិការទម្លាក់ជំនួយមនុស្សធម៌ពីលើអាកាសទៅក្នុងតំបន់ហ្គាហ្សាផងដែរ បន្ទាប់ពីការផ្ដល់ជំនួយមនុស្សធម៌តាមផ្លូវគោកត្រូវបានរាំងខ្ទប់ដោយកងកម្លាំងអ៊ីស្រាអែល មិនត្រឹមតែប៉ុណ្ណោះ កម្លាំងទ័ពរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ថែមទាំងបើកការបាញ់បោះទៅលើជនស៊ីវិលប៉ាឡេស្ទីនដែលកំពុងរង់ចាំបើកជំនួយទាំងនោះទៅទៀត ដោយនាំឲ្យ UN ក្ដៅស្លឹកត្រចៀក និងរិះគន់យ៉ាងចាស់ដៃទៅលើអ៊ីស្រាអែល ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយសន្ធាប់យ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីបដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ២០២៣ ដោយក្នុងនោះបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣០,៧០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយប្រមាណ ៧២,០០០ នាក់ផ្សេងទៀតរងរបួស ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លើកដំបូង! ក្រុមហ៊ូធី វាយប្រហារកប៉ាល់ពាណិជ្ជកម្ម បណ្តាលឲ្យមាននាវិកស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឧកញ៉ា ឡុច សារ៉េត និងលោកជំទាវ គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សន្តិសុខសង្គម១៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីបាញ់សម្លាប់សា្វមីម្ចាស់ប្រេន Lakamo ជនដៃដល់បានធ្វើអត្តឃាតខ្លួនឯងតាមក្រោយ(មានវីដែអូ)

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

ឧត្តមសេនីយ៍ត្រី ប៉ាន់ សុីវ៉ាន់ថា និងលោកជំទាវឧកញ៉ា គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លោក Zelensky ពេញចិត្តនឹងស្ដាប់គំនិតបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន របស់លោក Trump

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត៖ ​រដ្ឋាភិបាលមិនដេកចាំមើល ការលំបាករបស់ប្រជាពលរដ្ឋ​ ដែលកំពុងជួប​បញ្ហា​ជាមួយម្ចាស់បុរី​នោះទេ

Sokha Hotels

ព័ត៌មានពេញនិយម