Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃបុណ្យសង្ក្រាន្តចូលឆ្នាំថ្មី ថៃ ឲ្យចាស់ៗអាយុលើស ៦០ ឆ្នាំជិះរថភ្លើងទៅ​លេងស្រុកឥតគិតលុយ

បានផុស

នៅ

អាជ្ញាធរបណ្ដាញផ្លូវរថភ្លើងល្បឿនលឿនថៃ (MRTA) បានប្រកាសថា អ្នកដំណើរវ័យចំណាស់ដែលមានអាយុលើសពី ៦០ ឆ្នាំអាចរីករាយនឹងការជិះរថភ្លើងល្បឿនលឿនចំនួន ៤ ខ្សែឆ្លងកាត់ទីក្រុងបាងកក ដោយមិនអស់លុយមួយកាក់មួយសេន ក្នុងអំឡុងថ្ងៃបុណ្យសង្ក្រាន្តចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី៣ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wittaya Phanmongkol និយតករស្តីទីរបស់ MRTA បាននិយាយកាលពីថ្ងៃពុធថា ផែនការនេះមានគោលបំណងដើម្បីចូលរួមអបអរសាទរពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីរបស់ថៃ ជាពិសេសដើម្បីជាការសម្រួលដល់មនុស្សចាស់ជរាក្នុងការទៅជួបជុំក្រុមគ្រួសារ និងកូនចៅរបស់ពួកគាត់ ស្របពេលដែលថ្ងៃទី១៣ ខែមេសានេះទៀតសោត ជាថ្ងៃចូលឆ្នាំថ្មីផង និងជាទិវាជាតិមនុស្សចាស់ផងដែរ ។

ទន្ទឹមនោះ អ្នកដំណើរដែលស៊ីនឹងលក្ខខណ្ឌខាងលើត្រូវបង្ហាញព័ស្តុតាងនៅស្តង់លក់សំបុត្រនៃស្ថានីយទាំង ៤ ដើម្បីទទួលបានប័ណ្ណសម្គាល់ ហើយប័ណ្ណនីមួយៗអាចប្រើបានតែមនុស្សម្នាក់ និងតែម្ដងប៉ុណ្ណោះ ។ ស្របពេលជាមួយគ្នានេះ អាជ្ញាធរ MRTA ក៏​នឹង​បង្កើនកម្លាំង​សន្តិសុខ រួមទាំងមន្ត្រីបោសសម្អាតអាវុធជាតិផ្ទុះផងដែរ ​ក្នុង​អំឡុង​ពេល​បុណ្យ​សង្ក្រាន្ត ដើម្បី​ធានាសុខ​សុវត្ថិភាពដល់​អ្នក​ដំណើរ​ទាំង​អស់ ។

បន្ថែមពីនេះ អ្នកធ្វើដំណើរតាមរថភ្លើងត្រូវបានជំរុញឲ្យសហការជាមួយមន្ត្រីក្នុងការត្រួតពិនិត្យឥវ៉ាន់ ហើយមិនត្រូវយកធុងទឹក ឬកាំភ្លើងបាញ់ទឹកចូលក្នុងរថភ្លើងនោះឡើយ ខណៈអាជ្ញាធររំពឹងថា ការផ្សព្វផ្សាយនៃការធ្វើដំណើរឥតគិតថ្លៃនេះ នឹងទាក់ទាញក្រុមគ្រួសារផ្សេងៗទៀតឲ្យប្រើប្រាស់ប្រព័ន្ធរថភ្លើង ដើម្បីទៅទស្សនាកន្លែងទាក់ទាញនានាក្នុងទីក្រុងបាងកក ក៏ដូចជាទីកន្លែងដែលរៀបចំសកម្មភាពសាសនា និងបាញ់ទឹកផងដែរ ។

គួរបញ្ជាក់ថា ថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីជាប្រពៃណីរយៈពេល ៣ ថ្ងៃ ពោលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ប៉ុន្តែប្រទេសនេះនឹងប្រព្រឹត្តជាលក្ខណៈសង្រ្កាន្តពិភពលោកនៅទូទាំងប្រទេសរយៈពេល ២១ ថ្ងៃឯណោះ រាប់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ក្នុងគោលបំណងស្ដារមុខមាត់វិស័យទេសចរណ៍ ខណៈត្រឹម ៣ ខែដំបូងនៃឆ្នាំ ២០២៤ នេះ ថៃទាក់ចិត្តភ្ញៀវទេសចរបរទេសចំនួន ៩.៤ លាននាក់កើបចំណូលបាន ៤៥៤.៦ ពាន់លានបាត ប្រមាណ ១២.៤ ពាន់លានដុល្លារអាមេរិក ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ មកដឹង ប្រាក់ខែបុគ្គលិកបម្រើការក្នុងសណ្ឋាគារលំដាប់ផ្កាយ ៤ នៅ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម