Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី គំរាមថា បារាំង នឹងជួបមហន្តរាយ បើហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

បានផុស

នៅ

មួយលើកជាពីរលើក ទីក្រុងមូស្គូ បានបញ្ជាក់យ៉ាងច្បាស់ថា វត្តមានទាហានអង្គការណាតូនៅលើដីអ៊ុយក្រែន នឹងធ្វើឲ្យស្ថានការណ៍ឡើងកម្តៅ ឈានដល់ការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំទៀតផង ហើយម្តងនេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានចេញការព្រមានដោយផ្ទាល់ទៅសមភាគីបារាំង Sebastien Lecornu ថា ការបញ្ជូនទ័ពទៅអ៊ុយក្រែន នឹងបង្កមហន្តរាយដល់ទីក្រុងប៉ារីស ជាក់ជាមិនខានឡើយ។ 

រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sebastien Lecornu (ឆ្វេង) និងសមភាគីរុស្ស៊ីលោក Sergey Shoigu (រូបថត៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Shoigu បានព្រមានបែបនេះ ក្នុងអំឡុងការពិភាក្សាតាមទូរស័ព្ទដ៏កម្ររយៈពេលមួយម៉ោង និងជាកិច្ចសន្ទនាលើកដំបូងរវាងប្រមុខការពារជាតិនៃប្រទេសទាំងពីរ ចាប់តាំងពីខែតុលាឆ្នាំ២០២២មក។

ត្បិតមានការព្រមានបែបនេះក៏ពិតមែន ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីលើកឡើងថា លោក Shoigu និងសមភាគីបារាំងក៏ពិភាក្សាគ្នាផងដែរ អំពីលទ្ធភាពនៃការចាប់ផ្តើមកិច្ចចរចាសន្តិភាព រុស្ស៊ី-អ៊ុយក្រែន ឡើងវិញ។ យ៉ាងណា តាមសេចក្តីប្រកាស, ការចាប់ផ្តើមណាមួយ គឺត្រូវផ្អែកលើគំនិតផ្តួចផ្តើមសន្តិភាពទីក្រុងអ៊ីស្តង់ប៊ុល ដោយឡែកកិច្ចប្រជុំកំពូលដែលមានប្រទេសស្វីសធ្វើជាម្ចាស់ផ្ទះ គឺនឹងគ្មានប្រយោជន៍ឡើយបើរុស្ស៊ីមិនចូលរួម។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu (រូបថត៖ Getty)

ទោះយ៉ាងនេះក្តី​ ភាគីបារាំង បានរំលឹកឡើងវិញថា ក្នុងករណីចាំបាច់ ខ្លួននឹងបន្តគាំទ្រអ៊ុយក្រែន ក្នុងការប្រយុទ្ធដើម្បីសេរីភាពនិងអធិបតេយ្យរបស់ខ្លួន ហើយនាំសន្តិភាពនិងសន្តិសុខដល់ទ្វីបអឺរ៉ុបទាំងមូល។

ស្របពេលបញ្ហានៅតែចាក់ស្រេះ គេនៅតែតាមមើលប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលអះអាងម្តងហើយម្តងទៀតថា លោកនៅតែចង់ឲ្យទាហានណាតូបញ្ជូនទៅអ៊ុយក្រែន ទោះ​លោក​សង្កត់​ធ្ងន់​ថា ផែនការនេះ នឹងមិនកើតឡើងនាពេលអនាគតដ៏ខ្លីខាងមុខក៏ដោយ។

ប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖ AFP)

យ៉ាងណា សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ប៉ូឡូញ សាធារណរដ្ឋឆែក និងបណ្តាប្រទេសអឺរ៉ុបជាច្រើនទៀត បានប្រកាសថា ពួកគេគ្មានគម្រោងបញ្ជូនទ័ពទៅអ៊ុយក្រែនឡើយ ​ព្រោះមិនចង់ឲ្យកងកម្លាំងរបស់ពួកគេ ចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាម ហើយក៏មិនចង់ឲ្យមានការប៉ះទង្គិចដោយផ្ទាល់ជាមួយរុស្ស៊ី ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរដែរ។

ទាក់ទិនបញ្ហានេះ ទីក្រុងមូស្គូបានគំរាមមិនដាច់មាត់ឡើយថា ខ្លួននឹងចាត់ទុកកងទ័ពលោកខាងលិច និងប្រព័ន្ធសព្វាវុធដែលផ្គត់ផ្គង់ដោយបរទេសនៅលើទឹកដីអ៊ុយក្រែន ជាគោលដៅស្របច្បាប់ ហើយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏ព្រមានផងដែរកាលពីខែមុនថា ការដាក់ពង្រាយកងកម្លាំងបរទេស នឹងរុញស្ថានការណ៍ឲ្យពុះកញ្ជ្រោល នាំទៅរកផលវិបាកដែលគ្មាននរណានឹកស្មានដល់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ថា បារាំង នឹងបញ្ជូនទ័ព ១,៥០០ នាក់ទៅប្រយុទ្ធឲ្យ អ៊ុយក្រែន ក្នុងខែនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ វិនាទី មុន

រុស្ស៊ី គំរាមថា បារាំង នឹងជួបមហន្តរាយ បើហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

សន្តិសុខសង្គម៦ នាទី មុន

បុគ្គលឈ្មោះ ដែន សូនី និងស្ត្រីរងគ្រោះបានចូលខ្លួនបំភ្លឺរួចហើយ រង់ចាំតែបទបញ្ចាពីថ្នាក់ដឹកនាំថាតើត្រូវអប់រំ ឬចាត់វិធានការច្បាប់

ព័ត៌មានជាតិ៨ នាទី មុន

ពលករខ្មែរវិលត្រឡប់ពីថៃ សប្បាយចិត្តដែលរាជរដ្ឋាភិបាលមិនយក​ថ្លៃសេវាទិដ្ឋាការចេញ-ចូល អំឡុងចូលឆ្នាំ

ព័ត៌មានជាតិ២០ នាទី មុន

សម្ដេចធិបតី៖ ដើម្បីដោះស្រាយបញ្ហាកំណែទម្រង់មុខងារសាធារណៈ ត្រូវការភាពក្លាហាន និងការប្ដេជ្ញារបស់មន្ដ្រី

កីឡា២២ នាទី មុន

AFF ប្រកាសប្តូរឈ្មោះជើងឯក​ក្លិប​អាស៊ាន​ជា Shopee Cup

Sokha Hotels

ព័ត៌មានពេញនិយម