Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង បញ្ជា​ឲ្យ​រឹបអូស​ទូរសព្ទ​​ពី​ពលករ​ក្រៅ​ប្រទេស ខ្លាច​ពួក​គេ​បែក​គំនិត​រត់ចោល​ស្រុក

បានផុស

នៅ

ពលករ​​កូរ៉េ​ខាង​ជើង​ ដែល​កំពុង​ធ្វើការ​​នៅ​ក្នុង​ប្រទេស​រុស្ស៊ី នឹង​ត្រូវ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​រឹបអូស​យក​ទូរសព្ទ​ដៃ​របស់​ពួក​គេ នៅ​ក្នុង​​ការ​អនុវត្ត​វិធានការ​​ឃ្លាំ​មើល និង​គ្រប់​គ្រង​ពលករ​ក្រៅ​ប្រទេស​មិន​ឲ្យ​មាន​បំណង​រត់​ចោល​ស្រុក​​នោះ​ឡើយ។ នេះ​​បើ​យោង​តាម​​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Daily NK​ នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុងស៊ុល​កូរ៉េ​ខាង​ជើង​នៅ​រុស្ស៊ី បាន​ទទួល​បញ្ជា​ពី​រដ្ឋាភិបាល​ខ្លួន នៅ​អំឡុង​​ចុង​ខែ​មេសា​នេះ ឲ្យ​ចាប់​រឹប​អូស​ទូរសព្ទ​ពី​ពលករ ដែល​ពួក​គេ​បាន​ទិញ​ពី​ប្រភព​មិន​ត្រូវ​បាន​​អនុញ្ញាត។ Daily NK បាន​ចុះ​ផ្សាយ​ថា “ទោះ​បី​ជា​នៅ​ក្រៅ​ប្រទេស ពលករ​កូរ៉េ​ខាង​ជើង​​គ្មាន​សេរីភាព​ក្នុង​ការ​ផ្លាស់ប្ដូរ​ទេ ហើយ​ត្រូវ​តែ​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។ រឿង​ម្យ៉ាង​គត់​ដែល​ពួក​គេ​អាច​​​ធ្វើ​បាន​គឺ​មើល​ Youtube នៅ​លើ​ទូរសព្ទ​ជាមួយ​ប្រព័ន្ធ​​អ៊ីនធឺណិត​មើល​បាន​តែ​ព័ត៌មាន ឬ​ក៏​ភាពយន្ត​​​​​ កម្មវិធី​ទូរទស្សន៍ និង​កម្មផ្សេងៗ​ខ្លះ​ទៀត​ពី​​កូរ៉េ​ខាង​ជើង”។

ពលករ​​មួយ​ចំនួន បាន​ប៉ុនប៉ង​រត់​ចោល​ស្រុក ក្រោយ​ពេល​​ពួក​គេ​បាន​ទិញ​​ប្រភេទ​ទូរសព្ទ​​ថ្មី ដែល​អាច​មើល​កម្មវិធី​ព័ត៌មាន​អន្តរជាតិ​បាន ហើយ​​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​ឮ​រឿងរ៉ាវ​ដ៏​ខ្មៅ​ងងឹត​​ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ ក្រោយ​កើត​មាន​ហេតុការណ៍​ដូច្នេះ មន្ត្រី​កូរ៉េ​ខាង​ជើង​បាន​បញ្ជា​ឲ្យ​ដក​ហូត​ទូរសព្ទ​របស់​ពលករ ដែល​ទិញ​មក​ខុស​ពី​គោលការណ៍​របស់​ពួក​គេ ក្រោម​ហេតុផល​ថា ពលករ​ទាំង​នោះ​អាច​​នឹង​ក្លាយ​ជា​មនុស្ស​មិន​ស្មោះត្រង់​នឹង​របប​មនោគមវិជ្ជា​របស់​កូរ៉េ​ខាង​ជើង។

នៅ​ពេល​ថ្មីៗ​នេះ គេ​​សង្កេត​​ឃើញ​​មាន​កង​សន្តិសុខ​រុស្ស៊ី​តែង​ឈរ​​ឃ្លាំ​មើល​ពលករ​កូរ៉េ​ខាង​ជើង​នៅ​ការដ្ឋាន​សំណង់​​ជាប់​ជា​ប្រចាំ។

ប្រភព​របស់​សារព័ត៌មាន Daily NK បាន​ប្រាប់​ថា “ពលករ​កូរ៉េ​ខាង​ជើង​ធ្លាប់​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ទៅ​លេង​ផ្សារ​​ឬ​ភោជនីយដ្ឋាន​​ក្បែរៗ​នោះ​នៅ​ថ្ងៃ​អាទិត្យ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក។ ប៉ុន្តែ​​ឥលូវ​ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​ចាក​ចេញ​​សូម្បី​តែ​ពី​កន្លែង​ធ្វើការ។ កង​សន្តិសុខ​រុស្ស៊ី​ល្បាត​នៅ​ជុំវិញ ដើម្បី​​ធានា​ថា ពលករ​កូរ៉េ​ខាង​ជើង​មិន​ចាកចេញ​ទៅ​ណា​បាន​ភ្លាមៗ​នោះ​ទេ”៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម