ព័ត៌មានអន្ដរជាតិ
ចិន ប្រកាសដាក់ទណ្ឌកម្មប្រឆាំងតៃវ៉ាន់ ចំថ្ងៃស្បថឡើងកាន់តំណែងប្រធានាធិបតីថ្មីនៅតៃប៉ិ
ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃដែលលោក Lai Ching-te ចូលស្បថឡើងកាន់តំណែងជាប្រធានាធិបតីថ្មីជាផ្លូវការនៅតៃវ៉ាន់។ ផ្ទុយពីការសាទរ មហាយក្សចិនបែរជាប្រកាសដាក់ចេញនូវទណ្ឌកម្មថ្មី ដែលមានគោលបំណងប្រឆាំងទៅនឹងរដ្ឋាភិបាលក្រុងតៃប៉ិ នៅចំថ្ងៃបើកទំព័រប្រវត្តិសាស្ត្រស្វាគមន៍មេដឹកនាំថ្មី។

ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា ទណ្ឌកម្មថ្មីនឹងដាក់លើក្រុមហ៊ុនចំនួន៣ ដែលបានផលិតសព្វាវុធយោធាលក់ឲ្យទៅតៃវ៉ាន់។ ក្រុមហ៊ុនដែលរងទណ្ឌកម្ម មានដូចជា ក្រុមហ៊ុន Boeing ក្រុមហ៊ុន General Atomics Aeronautical Systems និងក្រុមហ៊ុន General Dynamics Land Systems។ ចិន បានចាត់ក្រុមហ៊ុនទាំងនោះចូលក្នុងបញ្ជីឈ្មោះ “អង្គភាពដែលមិនគួរឲ្យទុកចិត្ត” ដោយហាមឃាត់ការវិនិយោគទាំងអស់នៅក្នុងដែនដីរបស់ចិន នាពេលអនាគត។ មួយវិញទៀត ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនទាំង៣ ក៏រងការហាមប្រាមមិនឲ្យធ្វើដំណើរចូលទឹកដីប្រទេសចិនទៀតដែរ។
គួររំឭកថា លោក Lai Ching-te ប្រធានាធិបតីថ្មីនៅតៃវ៉ាន់ ធ្លាប់បានប្រកាសសន្យាពង្រឹងសន្តិសុខជាតិ តាមរយៈការនាំចូលយន្តហោះចម្បាំងទំនើបៗ និងបច្ចេកវិទ្យាបន្ថែមទៀត។ បែបនេះហើយទើបកាលពីខែមេសាកន្លងទៅ រដ្ឋាភិបាលក្រុងប៉េកាំង ដែលចង់បានតៃវ៉ាន់ទៅគ្រប់គ្រងនោះ បានសម្រេចបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន General Atomics Aeronautical Systems និងក្រុមហ៊ុន General Dynamics Land Systems ដែលមាននៅក្នុងប្រទេសចិន។ ក្រុមហ៊ុនទាំង២ សុទ្ធតែមានទំនាក់ទំនងជួញដូរពាណិជ្ជកម្មអាវុធជាមួយតៃវ៉ាន់។
បន្ថែមពីនេះ កាលពីឆ្នាំ២០២២ ចិនធ្លាប់ដាក់ទណ្ឌកម្មម្ដងរួចហើយលើក្រុមហ៊ុន Boeing ប្រឆាំងនឹងលោក Ted Colbert ដែលជានាយកប្រតិបត្តិផ្នែកការពារ ដែនអាកាស និងសន្តិសុខរបស់ Boeing ក្រោយពីក្រុមហ៊ុនអាមេរិកមួយនេះបានឈ្នះលើកិច្ចសន្យាតម្លៃ ៣៥៥លានដុល្លារ សម្រាប់ការផ្គត់ផ្គង់មីស៊ីល Harpoon ឲ្យទៅតៃវ៉ាន់។

សូមបញ្ជាក់ថា កំឡុងពេល៤ឆ្នាំចុងក្រោយ យោធាចិនតែងបង្កើនសកម្មភាពរបស់ខ្លួននៅក្បែរកោះតៃវ៉ាន់ជានិច្ច ដូចជា ការបញ្ជូនយន្តហោះចម្បាំងហោះរំលងខ្សែបន្ទាត់ព្រំដែនច្រកសមុទ្រតៃវ៉ាន់ ជាដើម។ បន្ទាត់ព្រំដែនច្រកសមុទ្រនេះ មិនត្រូវបានចិនទទួលស្គាល់នោះឡើយ។ ចិន ដែលតែងចាត់ទុកតៃវ៉ាន់ជាអធិបតេយ្យភាពរបស់ខ្លួន មានការមិនពេញជាខ្លាំងចំពោះលោក Lai Ching-te ដែលជាប្រធានាធិបតីជាប់ឆ្នោតថ្មី ហើយជឿជាក់ថា លោកគឺជាជនផ្ដាច់ខ្លួននិយម និងតែងតែជំទាស់នឹងសកម្មភាពរបស់ចិន។
មិនខុសពីលោកស្រី Tsai Ing-wen ដែលជាប្រធានាធិបតីទើបអស់អាណត្តិ លោក Lai ក៏នៅរក្សាជំហរបដិសេធផងដែរនូវការអះអាងរបស់ចិន ដែលចង់បានតៃវ៉ាន់មកកាន់កាប់។ លោក Lai ថា មានតែប្រជាពលរដ្ឋតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចជោគវាសនាខ្លួនឯងបាន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


